រដ្ឋបាលខេត្តបន្ទាយមានជ័យអំពាវនាវដល់សាធារណជននិងអ្នកប្រើប្រាស់បណ្តាញសង្គមបញ្ឈប់ការយករូបភាព និងវីដេអូចាស់ៗ និងរូបភាពពីកន្លែងផ្សេងមកផ្សព្វផ្សាយឡើងវិញ និងបំភ្លៃ ថាជាហេតុការណ៍ថ្មីៗ
រដ្ឋបាលខេត្តបន្ទាយមានជ័យអំពាវនាវដល់សាធារណជននិងអ្នកប្រើប្រាស់បណ្តាញសង្គមបញ្ឈប់ការយករូបភាព និងវីដេអូចាស់ៗ និងរូបភាពពីកន្លែងផ្សេងមកផ្សព្វផ្សាយឡើងវិញ និងបំភ្លៃ ថាជាហេតុការណ៍ថ្មីៗ
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅប៉ុន្មានថ្ងៃកន្លងទៅនេះ មានការយករូបថតនិងវីដេអូចាស់ៗអំពីការដាក់ និងរាយបន្លាលួសនៅភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងរូបភាពពីកន្លែងផ្សេងៗដែលជាព័ត៌មានចាស់ និងពេលខ្លះជាព័ត៌មានមិនពិតមកផ្សព្វផ្សាយនៅលើបណ្តាញសង្គម បង្កើតឱ្យមានការភាន់ច្រឡំក្នុងចំំណោមសាធារណជន។ ចំពោះករណីនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យបានគូសបញ្ជាក់ថា ស្ថានភាពនៅភូមិព្រៃចាន់ និងភូមិជោគជ័យនៅពេលនេះ មិនមានអ្វីកើតឡើងថ្មីនោះទេ។
ជាមួយគ្នានេះ រដ្ឋបាលខេត្តបន្ទាយមានជ័យបានជូនព័ត៌មានដល់សាធារណជនជ្រាបថា ក្រុមវាស់វែងចម្រុះ កម្ពុជា-ថៃ បាននិងកំពុងបន្តចុះអនុវត្តការងារលើដីជាក់ស្តែងដោយប្រើប្រាស់ដ្រូន ដើម្បីថតរូបភាពពីលើអាកាស បន្ទាប់មកភាគីទាំងពីរនឹងដំណើរការការងារបោះបង្គោលបណ្តោះអាសន្ននៅចន្លោះ បង្គោលព្រំដែនលេខ ៤២ ដល់ ៤៧ ស្ថិតក្នុងភូមិសាស្ត្រ ឃុំអូរបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ របស់ប្រទេសកម្ពុជា និងខេត្តស្រះកែវ របស់ប្រទេសថៃ ដោយអនុវត្តការងារតាមស្មារតី បែបបទណែនាំបច្ចេកទេស (Technical Instruction) ដែលភាគីទាំងពីរបានឯកភាពគ្នា។ ការចុះបោះបង្គោលបណ្តោះអាសន្ន នៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ៤២ និងលេខ៤៧ នេះ ធ្វើឡើងតាមស្មារតី នៃកិច្ចប្រជុំពិសេស គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ កាលពីថ្ងៃទី២១-២២ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ។ ក្នុងពេលជាមួយគ្នានេះដែរ ភាគីទាំងពីរបានឯកភាពគ្នាថា ត្រូវចៀសវាងរាល់សកម្មភាពបង្កហេតុ ដែលអាចប៉ះពាល់ដល់ការងារ និងសមត្ថកិច្ចរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ជាពិសេសសកម្មភាពទាំងឡាយណា ដែលបង្កើនភាពតានតឹង ឬរំលោភលើមាត្រា ៥ នៃ MOU 2000។
រដ្ឋបាលខេត្តបន្ទាយមានជ័យក៏បានអំពាវនាវដល់សាធារណជន និងអ្នកប្រើប្រាស់បណ្តាញសង្គមបញ្ឈប់ការយករូបភាព និងវីដេអូចាស់ៗ និងរូបភាពពីកន្លែងផ្សេងមកផ្សព្វផ្សាយឡើងវិញ និងបំភ្លៃ ថាជាហេតុការណ៍ថ្មីៗ ដែលកំពុងកើតមានឡើង និងសូមកុំជឿ និងកុំចែកផ្សព្វផ្សាយបន្តនូវរូបថត រូបភាព វីដេអូ ឬព័ត៌មានចាស់ និងព័ត៌មានមិនពិត ដែលត្រូវបានបដិសេធរួចហើយ។ រដ្ឋបាលខេត្តបន្ទាយមានជ័យ ស្នើសុំសាធារណជនមេត្តាតាមដាន និងទទួលយកតែព័ត៌មាន ពីប្រភពផ្លូវការដើម្បីបានព័ត៌មានពិតត្រឹមត្រូវ និងកុំឱ្យមានការយល់ច្រឡំ៕





