សម្ដេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរ និងស្វាគមន៍រតនវត្ថុសិល្បៈខ្មែរ មាតុភូមិនិវត្តន៍មកកម្ពុជាវិញ
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អបអរសាទរ និងស្វាគមន៍រតនវត្ថុសិល្បៈខ្មែរ មាតុភូមិនិវត្តន៍មកកម្ពុជាវិញ។
តាមរយៈបណ្ដាញសង្គមផ្លូវការ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា អនុវត្តតាមគោលការណ៍ដ៏ហ្មត់ចត់របស់រាជរដ្ឋាភិបាល ក្នុងនាមជាសេនាធិការផ្ទាល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានខិតខំប្រឹងប្រែងចរចាជាមួយលោក István Zelnik ជនជាតិហុងគ្រី និងរដ្ឋាភិបាលហុងគ្រី ដើម្បីនាំយករតនវត្ថុសិល្ប:ខ្មែរត្រឡប់មកកាន់មាតុភូមិវិញ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា រតនវត្ថុសិល្បៈខ្មែរដែលមាតុភូមិនិវត្តន៍មកកម្ពុជាវិញ រួមមាន៖ វាយនភណ្ឌសូត្រខ្មែរ ចំនួន ១៨៣ផ្ទាំង និងវត្ថុសម័យបុរេប្រវត្តិសាស្ត្រ ដូចជា៖ កាក់ អង្កាំ គ្រឿងអលង្ការ និងវត្ថុប្រើប្រាស់ធ្វើពីលោហធាតុមានតម្លៃ សំរិទ្ធ ថ្ម និងដីដុត ព្រមទាំងសមុច្ច័យសំខាន់ៗ ដូចជា៖ វត្ថុធ្វើអំពីថ្ម និងសំរិទ្ធ ក្នុងសម័យមុនអង្គរ និងសម័យអង្គរ គឺសុទ្ធសឹងជាកេរតំណែលពីបុព្វបុរសខ្មែរសម្រាប់កូនចៅជំនាន់ក្រោយ ដោយប្រៀបបាននឹងការវិលត្រឡប់នូវព្រលឹងដូនតាខ្មែរ៕







