សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងពីលក្ខខណ្ឌចំនួន៣ ដើម្បីឈានទៅបើកច្រកព្រំដែនកម្ពុជា-ថៃ ឡើងវិញ
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា កម្ពុជាចង់ដោះស្រាយបំផុតលើបញ្ហានេះ ប៉ុន្ដែកម្ពុជាត្រូវការជំហរដោះស្រាយច្បាស់លាស់គឺដោះស្រាយឱ្យចប់សព្វគ្រប់តែម្តង ដោយសារ កម្ពុជាមិនចង់លេងល្បែងបិទពួនជាមួយថៃនោះទេ។
ក្នុងពិធីអបអរសាទរខួបលើកទី៣២ ទិវាបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៥) នៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាមានលក្ខខណ្ឌចំនួន៣ ដើម្បីឈានទៅបើកច្រកព្រំដែនកម្ពុជា-ថៃ ក្នុងនោះ ទី១- ភាគីថៃត្រូវប្រកាសបើកច្រកព្រំដែនមុនជាឯកតោភាគី, ទី២- ថៃត្រូវបើកម្ដងបើកគ្រប់ច្រកទាំងអស់តែម្តង និងទី៣-បើកឱ្យដូចស្ថានភាពមុនឱ្យដូចដើមវិញដូចមុនថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥។ ក្រោយមករយៈពេលប្រមាណ៥ម៉ោងកម្ពុជានឹងបើកវិញដូចដើម។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានផ្តាំទៅភាគីថៃផងដែរថា ការបើកច្រកព្រំដែន ក៏មិនត្រូវបើកតែទ្វារ ហើយបន្តហាមឃាត់មនុស្ស និងទំនិញឆ្លងកាត់នោះទេ៕