Khmer First Close

ចំណេះដឹងទូទៅ៖ ឈ្វេងយល់ពីប្រាសាទខ្នារ ឬប្រាសាទក្រពុំឈូក

ដោយ៖ សម្បត្តិ កិត្យា ​​ | 13 ម៉ោងមុន ព័ត៌មានជាតិ 212
ចំណេះដឹងទូទៅ៖ ឈ្វេងយល់ពីប្រាសាទខ្នារ ឬប្រាសាទក្រពុំឈូក ចំណេះដឹងទូទៅ៖ ឈ្វេងយល់ពីប្រាសាទខ្នារ ឬប្រាសាទក្រពុំឈូក

(ភ្នំពេញ)៖​ ប្រាសាទខ្នារ ត្រូវបានគេស្គាល់ឈ្មោះមួយទៀតថា ប្រាសាទក្រពុំឈូក គឺជាមរតកវប្បធម៌ប្រវត្តិសាស្ត្រដ៏មានតម្លៃមួយ ដែលមានទីតាំងភូមិសាស្ត្រស្ថិតនៅក្នុង ឃុំរំដោះ ស្រុករវៀង ខេត្តព្រះវិហារ។ ប្រាសាទបុរាណមួយនេះ បានឈរយ៉ាងរឹងមាំកណ្ដាលព្រៃធម្មជាតិ ដែលបង្ហាញពីស្នាដៃស្ថាបត្យកម្មដ៏អស្ចារ្យរបស់បុព្វបុរសខ្មែរយើង។

យោងតាមសិលាចារឹកប្រាសាទតាព្រហ្ម K.273 នៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័ន ទី៧ នាចុងស.វ.ទី១២ ដើមស.វ.ទី១៣ (គ.ស.១១៨១ – ១២២០) មានមន្ទីរពេទ្យយ៉ាងតិច ១០២ ស្ថិតនៅ​រាយប៉ាយពាសពេញនគរ។ រាល់មន្ទីរពេទ្យនីមួយៗ ច្រើនតែស្ថិតនៅទីប្រជុំជន ឬស្ថិតនៅតាមបណ្តោយផ្លូវសំខាន់ៗ ហើយជាទូទៅមន្ទីរមួយត្រូវមានហោរបន់ស្រន់ចំនួន១ (ប្រាសាទ)។

អគារមន្ទីរពេទ្យនៅសម័យនោះទំនងសាងសង់ឡើងអំពីឈើ រីឯហោរបន់ស្រន់ច្រើនសាងឡើងអំពីថ្មភក់ ឬថ្មបាយក្រៀម។ ដូច្នេះហើយ សព្វថ្ងៃយើងនៅមើលឃើញតែអគារហោរបន់ស្រន់នៃមន្ទីរពេទ្យប៉ុណ្ណោះ។ នៅក្នុងអត្ថបទខ្លីនេះ យើងនឹងបង្ហាញអំពីប្រាសាទមួយដែលមានតួនាទីជាហោរបន់ស្រន់នៃមន្ទីរពេទ្យក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដែលមានឈ្មោះថា ប្រាសាទក្រពុំឈូក​ ឬប្រាសាទខ្នារ ដោយស្រង់ប្រភពសំណេរពីលោក ម៉ង់ វ៉ាលី។

តើប្រាសាទនេះ​មានប្រវត្តិ និងលក្ខណៈបែបណាខ្លះ?

ប្រាសាទក្រពុំឈូក ឬប្រាសាទខ្នារ ចាប់ផ្តើមមានការសិក្សាស្រាវជ្រាវដំបូងនៅរវាងចុងស.វ.ទី១៩ ដូចដែលគេឃើញបោះពុម្ពផ្សាយដំបូងក្នុងសៀវភៅរបស់លោក Etienne Aymonier នៅឆ្នាំ១៩០០ (ដើមស.វ.ទី២០)។ ក្នុងពេលនោះ លោកបានហៅប្រាសាទនេះថា ប្រាសាទខ្នារ ហើយអត្ថបទទាំងមូលរបស់លោក ពុំបានរំឭកដល់ឈ្មោះ ក្រពុំឈូក ឡើយ។ លោកបានរៀបរាប់យ៉ាងសង្ខេបបំផុតអំពីសំណង់នេះ និងប្រាប់ឱ្យដឹងថានៅទីនេះមានសិលាចារឹកមួយផ្ទាំងចារនៅស.វ.ទី១២ នៃមហាសករាជ ចារឹកអក្សរ ៤៨ បន្ទាត់ ប៉ុន្តែជាអកុសលនៅសល់តែអក្សរ ២ ឬ ៣ ប៉ុណ្ណោះដែលនៅមើលយល់ ដោយសារភាពខូចខាតរបស់ថ្ម។

ក្រោយមកបន្តិច នៅក្នុងឆ្នាំ១៩០២ លោក Lunet De Lajonquière បានបោះពុម្ពផ្សាយសៀវភៅបញ្ជីបេតិកភណ្ឌនៅកម្ពុជាដ៏សំខាន់មួយដូចលោក Etienne Aymonier ដែរ ហើយលោកក៏ហៅប្រាសាទនេះថា ប្រាសាទខ្នារ ដូចគ្នា។ ដោយសារលោកមានជំនាញស្ថាបត្យកម្ម ការសិក្សារបស់លោកពិតជាបានរៀបរាប់យ៉ាងលម្អិតអំពីរចនាសម្ព័ន្ធនៃសំណង់ប្រាសាទ ដោយបានគូរប្លង់រួម និងបែងចែកប្រាង្គនីមួយៗផ្សេងៗពីគ្នា ដើម្បីងាយស្រួលដល់ការសិក្សា ពោលគឺប្រាង្គសំខាន់នៅកណ្តាលតាងដោយអក្សរ A, ហោរត្រៃ ឬបណ្ណាល័យតាងដោយអក្សរ B, ប្រាង្គច្រកចូលខាងកើតតាងដោយអក្សរ C, កំពែងថ្មបាយក្រៀមតាងដោយអក្សរ E និងស្រះទឹកមួយតាងដោយអក្សរ H។ ជាងនេះទៅទៀត លោកក៏បានរៀបរាប់អំពីសិលាចារឹកដែលរកឃើញនៅទីនោះថែមទៀតផង។

អ្នកស្រាវជ្រាវជាច្រើនសន្និដ្ឋានថា ប្រាសាទក្រពុំឈូក ឬប្រាសាទខ្នារ គឺជាហោរបន់ស្រន់នៃមន្ទីរពេទ្យក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧។ ដូច្នេះហើយ រចនាសម្ព័ន្ធរបស់ប្រាសាទនេះ គឺមានទម្រង់មិនសូវខុសគ្នាប៉ុន្មានពីប្រាសាទដែលជាហោរបន់ស្រន់ផ្សេងទៀត ដូចគេធ្លាប់រកឃើញឡើយ។ ជាក់ស្តែង នៅប្រាង្គកណ្តាល គឺធ្វើឡើងដោយថ្មបាយក្រៀម ដែលរៀបចំឡើងជាបន្ទប់មានរាងបួនជ្រុងស្មើ ប្រវែង ១,៦០ ម៉ែត្រ និងមានយ៉លយចេញមកក្រៅឆ្ពោះទៅទិសខាងកើត។ អ្វីដែលគួរចាប់អារម្មណ៍ គឺប្រាង្គកណ្តាលនេះ គេរៀបចំឡើងដោយមានទ្វារចូលចំនួន ៤ទិស​ ពោល គឺពុំមានលម្អជាទ្វារបញ្ឆោតដូចប្រាសាទហោរបន់ស្រន់ផ្សេងទៀតឡើយ (ឧទាហរណ៍ ប្រាសាទព្រះធាតុរកា ខេត្តកំពង់ធំ, ប្រាសាទបឹងស្រែខាងលិច ខេត្តព្រះវិហារ)។

ក្នុងករណីនេះដែរ ប្រាសាទប្រាង្គកណ្តាលដែលមានការរៀបចំជាទ្វារចេញចូល ៤ទិសបែបនេះ យើងឃើញលេចឡើងដំបូងនៅក្នុងសិល្បៈខ្មែរតាំងពីស.វ.ទី៧ មកម្ល៉េះ ពោលដូចឃើញមាននៅប្រាង្គកណ្តាលនៃក្រុមប្រាសាទសំបូរ (តំបន់ប្រាសាទ​សំបូរព្រៃគុក)។ ដោយឡែក ទ្វារចូលទាំងអស់នៃប្រាសាទក្រពុំឈូក ឬប្រាសាទខ្នារ ដែលកំពុងរៀបរាប់នេះ ពុំមាននៅសេសសល់ជាផ្តែរលម្អទ្វារអ្វីឡើយ។ ប៉ុន្តែ តាមការរៀបរាប់របស់លោក Lunet De Lajonquière គឺមានផ្តែរទ្វារនៅយ៉ខាងក្រៅ (មុខខាងកើត) របស់ប្រាង្គ ហើយផ្តែរនេះទៀតសោតក៏ពុំដឹងគេយកទៅទីណាដែរ។

ក្រៅពីប្រាង្គកណ្តាល អគារមួយទៀតនៅទិសអាគ្នេយ៍ គឺជាសមាសធាតុផ្សំដ៏សំខាន់នៃរចនាសម្ព័ន្ធរបស់ហោរបន់ស្រន់នៃមន្ទីរពេទ្យ។ អគារនេះ អ្នកស្រាវជ្រាវច្រើនហៅថា ហោរត្រៃ ឬ បណ្ណាល័យ ដែលជាទូទៅច្រើននៅទិសអាគ្នេយ៍នៃប្រាង្គកណ្តាល ហើយជានិច្ចកាលអគារនេះត្រូវបែរមុខបញ្ច្រាសទិសមករកប្រាង្គកណ្តាល ពោល គឺបែរមុខទៅទិសខាងលិច។ អគារហោរត្រៃនេះ ក៏សាងឡើងអំពីថ្មបាយក្រៀមដូចគ្នា មានប្លង់ជារាងបួនជ្រុងទ្រវែង ប៉ុន្តែមានយ៉លយមកខាងមុខដូចគ្នា គ្រាន់តែលយមកខាងលិច។

ដោយឡែក កំពែងប្រាសាទក្រពុំឈូក ឬប្រាសាទខ្នារ យើងឃើញសិល្បកររៀបចំឡើងជាថ្មបាយក្រៀមត្រួតលើគ្នាយ៉ាងរឹងមាំ មានកម្ពស់ប្រមាណ ២,៥០ម៉ែត្រ ហើយមានច្រកចូលតែទិសខាងកើតមួយប៉ុណ្ណោះ (សព្វថ្ងៃបាក់បែកស្ទើរអស់ទៅហើយ)។ ច្រកចូលនេះ គឺជាប្រាង្គមួយដែលមានទ្វារចូលសងខាង (កើត-លិច) ដូចយើងឃើញធ្លាប់ឃើញតាំងពីស.វ.ទី៧ ​មកម្ល៉េះ។ បន្ថែមពីនេះ បើពិនិត្យមើលទៅលើស្រះទឹកនៅទិស​ឦសានវិញ គឺគេបានតម្រៀបជាថ្មបាយក្រៀមថ្នាក់ៗព័ទ្ធជុំវិញ មានលក្ខណៈស្រដៀងស្រះទឹកនៅប្រាសាទជាច្រើនទៀតទូទាំងស្រុកខ្មែរ។

ម្ល៉ោះហើយ យោងទៅតាមរចនាសម្ព័ន្ធរបស់ប្រាសាទក្រពុំឈូក ឬប្រាសាទខ្នារ គឺពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញអំពីប្លង់ជាទូទៅនៃសំណង់ហោរបន់ស្រន់យ៉ាងពិត​ប្រាកដ ពោល គឺទី១ មានសំណង់ប្រាង្គកណ្តាលរាងបួនជ្រុង ហើយមានយ៉លយទៅខាងកើត, ទី២ មានសំណង់ហោរត្រៃបែរមុខទៅទិសខាងលិច, ទី៣ មានកំពែងព័ទ្ធជុំវិញនិងមានច្រកចូលនៅទិសខាងកើត និងទី៤ គឺមានស្រះទឹកមួយនៅទិសឦសាន។

ជាទូទៅ រាល់ប្រាសាទដែលជាសំណង់ហោរបន់ស្រន់នៃមន្ទីរពេទ្យ គឺគេតែងតម្កល់សិលាចារឹកមួយផ្ទាំង ដែលច្រើនតែមានអត្ថន័យនៃសំណេរស្ទើរតែដូចគ្នាបេះបិទ។ ឧទាហរណ៍ សិលាចារឹកប្រាសាទព្រះធាតុរកា សរសេរជាសំស្រ្កឹតស្ទើរតែដូចគ្នាបេះបិទជាមួយសិលាចារឹកប្រាសាទសាយហ្វុង ដ្បិតទីតាំងទាំងពីរ គឺជាហោរបន់ស្រន់នៃមន្ទីរពេទ្យដូចគ្នា។ តាមការរៀបរាប់របស់លោក Lunet De Lajonquière បង្ហាញថា បើទោះបីសិលារឹកនេះរលុបអស់ទៅហើយក្តី តែលោក George Coedès បានកត់សម្គាល់ថា វាចារឡើងជាភាសាសំស្រ្កឹត។

បន្ថែមពីនេះ លោក បានកត់សម្គាល់ថា សិលាចារឹកនេះ ចុះបញ្ជីលេខ K.160 ចារឹកឡើងនៅឆ្នាំ១១០៨ នៃមហាសករាជ ដែលត្រូវនឹងគ្រីស្តសករាជឆ្នាំ១១៨៦ ពោល គឺជាពេលដែលព្រះបាទស្រីជ័យវរ្ម័នទី៧ ទើបឡើងសោយរាជ្យបានចំនួន ៥ វស្សា។ សព្វថ្ងៃ យើងមិនឃើញមានភស្តុតាងបដិមាសាស្រ្ត ដែលគេតម្កល់នៅប្រាង្គកណ្តាលរបស់ប្រាសាទក្រពុំឈូក ឬប្រាសាទខ្នារឡើយ ប៉ុន្តែតាមព័ត៌មានបង្ហាញនៅក្នុងសិលាចារឹកប្រាសាទផ្សេងៗទៀត ដែលជាហោរបន់ស្រន់នៃមន្ទីរពេទ្យដូចគ្នានោះ បង្ហាញថា នៅក្នុងប្រាង្គកណ្តាល គឺតម្កល់អាទិទេពនៃព្រះពុទ្ធសាសនាមហាយានចំនួន ៣អង្គ រួមមាន​ ព្រះភៃសជ្យគុរុ (ព្រះពុទ្ធគ្រូថ្នាំ) ព្រះសូរ្យ (ព្រះអាទិត្យ) និងព្រះវៃរោចន (ព្រះចន្រ្ទ)។

ព៌ត័មាននៃសិលាចារឹក​ព្រះធាតុរកា មន្ទីរពេទ្យទាំងអស់មិនត្រឹមតែជាកន្លែងព្យាបាលរោគប៉ុណ្ណោះទេ ពោលវាជាកន្លែងដែលផ្តល់ជម្រករក និងម្ហូបអាហារដល់ជនដាច់សង្វែងថែមទៀតផង ហើយចំណាយរ៉ាប់រងក្នុងការព្យាបាលជំងឺនាសម័យនោះ គឺជាបន្ទុករបស់រាជការទាំងស្រុង។ ម្យ៉ាងវិញទៀត សិលាចារឹកក៏បង្ហាញថា ព្រះបាទជ័យវរ្ម័នទី៧ យកចិត្តទុកដាក់លើសុខទុក្ខរាស្រ្តយ៉ាងខ្លាំង ដូចដែលស្លោកមួយបានសរសេរថា «ទេហិនាន្ទេហរោគោ ន្មនោ[រោគោរុជត្តរាម៑]​ រាឞ្ឋ្រទុះខំ ហិ ភត៌្ឫណ ន្ទុះខន្ទុះ[ខន្តុនាត្មនះ]» ប្រែថា «រោគរាងកាយរបស់រាស្រ្ត គឺជារោគផ្លូវចិត្តដែលតែងឈឺចាក់ដោតក្រៃលែង ព្រោះសេចក្តីទុក្ខរាស្រ្ត ដែលមិនមែនជាសេចក្តីទុក្ខរបស់ស្តេច ក៏ជាសេចក្តីទុក្ខរបស់ស្តេចដូចគ្នា»។

បើយោងទៅតាមសិលាចារឹកដដែល មន្ទីរពេទ្យនីមួយៗនៅសម័យអង្គរ អាចមានអ្នកធ្វើការសរុបចំនួន ១០០នាក់ រួមមាន គ្រូពេទ្យ អ្នកប្រចាំការ គ្រូថ្នាំកាន់ឃ្លាំង អ្នកដាំបាយដាំស្ល អ្នកសម្អាត អ្នកបញ្ជូនថ្នាំដល់គ្រូពេទ្យ អ្នកដាំថ្នាំ ។ល។ ចំណែកឯថ្នាំព្យាបាលរោគ គេច្រើនច្នៃចេញពីធម្មជាតិ និងរុក្ខជាតិសំខាន់ៗ ដូចជា ក្រមួនឃ្មុំ ទឹកឃ្មុំ ប្រេង ម្ទេស ហិង្គុ អំបិល ផ្លែក្រវ៉ាន់តូច-ធំ ផ្លែកំញានទឹកត្នោត ផ្កា គ្រាប់ធានី សត្វរបោម ខ្ញីស្ងួត សំបកដំឡូង និងបន្លែផ្សេងៗ។

ជារួមមក ប្រាសាទក្រពុំឈូក ឬប្រាសាទខ្នារ ទំនងជាសំណង់ហោរបន់ស្រន់នៃមន្ទីរពេទ្យ ដែលកសាងឡើងនៅក្នុងគ.ស.១១៨៦ ក្នុងរជ្ជកាលព្រះបាទស្រីជ័យវរ្ម័ន ទី៧។ រចនាសម្ព័ន្ធទាំងមូលរបស់ប្រាសាទ គឺមានទម្រង់ស្រដៀងគ្នាច្រើនជាមួយសំណង់ហោរបន់ស្រន់ផ្សេងទៀតដែលរកឃើញនៅក្នុងតំបន់អង្គរ ខេត្តកំពង់ធំ ខេត្តឧត្តរមានជ័យ និងនៅទឹកដីសៀមបច្ចុប្បន្ន។

សំណង់ហោរបន់ស្រន់នៃមន្ទីរពេទ្យ គឺជាសក្ខីភាពមួយនៃការរីកចម្រើនវិស័យសុខាភិបាលនៅសម័យអង្គរ ក្នុងរជ្ជកាលព្រះបាទស្រីជ័យវរ្ម័នទី៧ ដែលគេបានរួមបញ្ចូលទាំងការព្យាបាលផ្នែកវិទ្យាសាស្រ្ត (ការប្រើប្រាស់ថ្នាំច្នៃចេញពីរុក្ខជាតិ) និងការប្រើប្រាស់ការព្យាបាលតាមបែបជំនឿ ដោយមានសាងជាហោរបន់ស្រន់មួយតម្កល់ទេពនៃព្រះពុទ្ធសាសនាមហាយាន ដើម្បីឱ្យអ្នកជំងឺ អាចចូលបន់ស្រន់ដល់ទេពទាំងនោះបាន៕

អត្ថបទទាក់ទង