Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

រាជរដ្ឋាភិបាលកម្ពុជាដាក់ចេញផែនការមុតស្រួច ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ សម្រាប់ឆ្នាំ២០២៤

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃសុក្រ ទី១២ ខែមករា ឆ្នាំ២០២៤ ព័ត៌មានជាតិ 1418
រាជរដ្ឋាភិបាលកម្ពុជាដាក់ចេញផែនការមុតស្រួច ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ សម្រាប់ឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជាដាក់ចេញផែនការមុតស្រួច ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ សម្រាប់ឆ្នាំ២០២៤

នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវផែនការ ស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿនញៀនខុសច្បាប់លើកទី៩ រយៈពេល១ឆ្នាំ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។ តាមរយៈផែនការស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នេះ រាជរដ្ឋាភិបាលបានប្តេជ្ញាចិត្តខ្ពស់ ក្នុងការចាត់វិធានការបង្ការ ទប់ស្កាត់ និងបញ្ចៀសឱ្យបាន មិនឱ្យប្រទេសកម្ពុជា ក្លាយជាគោលដៅនៃការប្រព្រឹត្តបទល្មើសគ្រឿងញៀន និងមិនឱ្យគ្រឿងញៀនបង្កឥទ្ធិពលញាំញី បំផ្លិចបំផ្លាញសង្គមជាតិ។ ជាពិសេសគឺកិច្ចខិតខំប្រឹងប្រែងអនុវត្តឱ្យសម្រេចបានកម្ពុជាជាប្រទេសគ្មានគ្រឿងញៀន និងរក្សាគ្រួសារនីមួយៗជាគ្រួសារស្អាតស្អំ គ្មានគ្រឿនញៀន តាមទស្សនវិស័យ «ចូលរួមទាំងអស់គ្នាដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន»

គណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នឹងត្រូវដឹកនាំដោយ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ហើយយុទ្ធនាការនេះ ត្រូវមានគណៈកម្មការចម្រុះមួយដើម្បីធ្វើជាយន្តការក្នុងការដឹកនាំ បញ្ជា និងចាត់តាំងអនុវត្ត និងត្រូវមានលេខាធិការដ្ឋានមួយជា សេនាធិការ។
នៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះដែរ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការ អប់រំ បំផុសចលនា លើកទឹកចិត្តឱ្យមានការចូលរួមច្រើនកុះករពីគ្រប់សមាសភាពនៃសង្គម សំដៅបង្កើតបានជាកម្លាំងសរុប មធ្យោបាយសរុប ជាពិសេសស្រទាប់យុវជនក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ស្របតាមទិសស្លោក «៣កុំ ១រាយការណ៍»។ ទន្ទឹមគ្នានេះ គឺការជំរុញចលនាផ្សព្វផ្សាយគោលនយោបាយ «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» ឱ្យបានសកម្ម ផុសផុលតាមគ្រប់រូបភាព គ្រប់ទីកន្លែងចំគោលដៅ និងចំមុខសញ្ញា។ ប្រជាពលរដ្ឋនិងសាធារណៈជន អាចរាយការណ៍បានអំពីករណីគ្រឿងញៀនតាមប្រព័ន្ធទូរស័ព្ទទាន់ហេតុការណ៍ដែលស្ថាប័នមានសមត្ថកិច្ចនឹងធ្វើការផ្សព្វផ្សាយជូនជាសាធារណៈ។

តាមរយៈផែនការនៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៩ ឆ្នាំ២០២៤នេះ គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងគណៈបញ្ជាការឯកភាពរដ្ឋបាល រាជធានី ខេត្ត និងគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី ខេត្ត ត្រូវកសាងផែនការសកម្មភាពជាក់ស្តែង តាមវិស័យនិងតាមភូមិសាស្រ្តនីមួយៗ សម្រាប់ចូលរួមអនុវត្តតាមតួនាទី ភារកិច្ចរៀងៗខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ព្រមទាំងត្រូវមានវិធានការលើកសរសើរ ជូនរង្វាន់សមស្របជារៀងរាល់ឆ្នាំដល់បណ្តាអង្គភាព និងបុគ្គលដែលមានស្នាដៃល្អក្នុងការងារបង្ការ ទប់ស្កាត់ និងបង្រ្កាបគ្រឿងញៀន ព្រមទាំងមានវិធានការអនុវត្តវិន័យឬវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ចំពោះមន្រ្តីដែលមានជាប់ពាក់ព័ន្ធបទល្មើសគ្រឿងញៀនផងដែរ។ កម្ពុជាក៏មានកិច្ចសហប្រតិបត្តិការអន្តរជាតិដោយបន្តបើកទូលាយកិច្ចសហប្រតិបត្តិការទ្វេភាគី ពហុភាគីជាមួយប្រទេសជិតខាង ក៏ដូចជាអង្គការអន្តរជាតិសំខាន់ៗដើម្បីផ្លាស់ប្តូរព័ត៌មានឱ្យបានទាន់ពេលវេលា។ ក្តាប់ឱ្យបានអំពីខ្សែរយៈទំនាក់ទំនង និងបែបផែនសកម្មភាពរបស់ពួកឧក្រិដ្ឋជន គ្រឿងញៀនដើម្បីទប់ស្កាត់ពីចម្ងាយ ឬបង្ក្រាបឱ្យទាន់ពេលវេលា៕

  

អត្ថបទទាក់ទង