ពីជំនួយការ ឥឡូវ មេសា មកប្រែក្លាយជាដៃគូច្រៀងជាមួយ វណ្ណដា
មហាជនពិតជាកោតសរសើរតារាចម្រៀងរ៉េបជួរមុខ ម៉ាន់ វណ្ណដា ( Mann Vannda ) ដែលបានចេញមុខជួយស្វែងស្វះប្រម៉ូតបទថ្មីរបស់ពន្លក Rapper ថ្មី មេសា ដែលជាអ្នកជំនិត និងដើរតាមខ្លួនជាប់រហូតមក។
វណ្ណដា មិនត្រឹមបង្ហោះបទ “ដូចមេ” តែ លោកក៏សហការច្រៀងក្នុងបទនោះផងដែរ ដែលបញ្ជាក់ឲ្យឃើញថា កំពូលតារារ៉េបរូបនេះ ជាមនុស្សសមានចិត្ត ចេះជួយយឹតយោងអ្នកនៅក្បែរៗខ្លួន ឲ្យមានភាពថ្កុំថ្កើងទៅរួមគ្នា។
មេសា រ៉េបបទ “ដូចមេ” មួយៗ ហើយអត្ថបទពិតជាមិនអន់ឡើយ មិនខុសពី វណ្ណដា ប៉ុន្មានទេ។ អ្នកគាំទ្របានចូលទៅបញ្ចេញមតិលើហ្វេសប៊ុកថា ទោះជាអ្នករ៉េបថ្មី តែជំនួយការ វណ្ណដា រូបនេះ ពិតជាមិនអន់ឡើយ ប្រៀបដូចមានឪជាខ្លា កូនក៏មិនមែនឆ្មាដែរ។ អ្នកគាំទ្រចាត់ទុកតារារ៉េបវ័យ ២៧ ឆ្នាំរូបនេះ ជាមេដឹកនាំល្អម្នាក់ ចេះចុះខាត់សរសើរ,លើកទឹកចិត្ត, បណ្ដុះបណ្ដាល មើលឃើញពីសមត្ថភាព និងផ្ដល់ឱកាសឲ្យអ្នកក្រោមបង្គាប់ក្លាយជាគ្រាប់ពេជ្របាន។ MV បទនេះដែរ គឺថតនៅប្រទេសជប៉ុនអំឡុងពេល វណ្ណដា និង មេសា មានបេសសកម្មទៅទីនោះកាលពីឆ្នាំមុន។ វណ្ណដា បង្ហាញប្រាប់អ្នកគាំទ្រថា បទរបស់ មេសា ប្រើពេលជិត ៤ ឆ្នាំ ទម្រាំវ៉ៃចេញបានជាផ្លែផ្កាដូចពេលនេះ។ សម្រាប់សមត្ថភាព មេសា រ៉េបវិញ ឃើញថា ពិតជាមិនធម្មតាដូចឃ្លានៅក្នុងចម្រៀងដែរ “មិនដែលរ៉េប តែខ្ញុំរ៉េបដូចមេ” ចង់សំដៅទៅថាខ្លួនរ៉េបដូច វណ្ណដា ហើយឃ្លាទៅមុខទៀត ក៏ មេសា បានបញ្ជាក់ច្បាស់ថា លោកមានសមត្ថភាពមិនខុសពីមេខ្លួនឡើយ (វណ្ណដា)៕
ប្រភពអត្ថបទ៖ AMS Infotainment