ក្រសួងសេដ្ឋកិច្ច ប្រកាសលើកទឹកចិត្តពន្ធដារចំពោះវិស័យអប់រំ
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីប្រកាសស្តីពីការលើកទឹកចិត្តពន្ធដារ ចំពោះវិស័យអប់រំ ដើម្បីជំរុញការអភិវឌ្ឍធនធានមនុស្ស និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលប្រកាសនេះ មានវិសាលភាពអនុវត្តចំពោះគ្រឹះស្ថានសិក្សានៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលសំដៅដល់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ដែលផ្តល់សេវាសុទ្ធសាធខាងផ្នែកអប់រំ ចាប់ពីថ្នាក់មត្តេយ្យ រហូតដល់ឧត្តមសិក្សា រួមបញ្ចូលទាំងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈផងដែរ។
យោងតាមប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា គ្រឹះស្ថានសិក្សា ត្រូវបានទទួលការលើកទឹកចិត្តពន្ធដារដូចជា៖ រួចផុតពីកាតព្វកិច្ចបង់ពន្ធលើប្រាក់ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមា ការផ្គត់ផ្គង់សេវាអប់រំ និងការផ្គត់ផ្គង់ទំនិញ ឬសេវាផ្សេងទៀតដែលបម្រើឱ្យការអប់រំ រួមទាំងការផ្គត់ផ្គង់ម្ហូបអាហារ និងការស្នាក់នៅរបស់សិស្ស និស្សិត ត្រូវចាត់ទុកជាការផ្គត់ផ្គង់មិនជាប់អាករលើតម្លៃបន្ថែមឡើយ រួមទាំងអត្ថប្រយោជន៍ផ្សេងៗទៀត។
ដើម្បីទទួលបានការលើកទឹកចិត្តពន្ធដារនេះដែរ គ្រឹះស្ថានសិក្សាទាំងអស់ ត្រូវចុះបញ្ជីពន្ធដារនៅរដ្ឋបាលសារពើពន្ធ ដាក់លិខិតប្រកាសសារពើពន្ធជូនរដ្ឋបាលសារពើពន្ធប្រចាំខែ ប្រចាំឆ្នាំទៅតាមទម្រង់ ពេលវេលា និងទីកន្លែងដែលរដ្ឋបាលសារពើពន្ធបានកំណត់ កាន់កាប់បញ្ជីការគណនេយ្យឱ្យបានត្រឹមត្រូវស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដាក់ជូនរដ្ឋបាលសារពើពន្ធនូវរបាយការណ៍សវនកម្មឯករាជ្យ ចំពោះគ្រឹះស្ថានសិក្សាដែលមានផលរបរប្រចាំឆ្នាំលើសពី៤ពាន់លានរៀលជាដើម៕