Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

ឯកឧត្តម ហេង សួរ៖ កម្មវិធីនយោបាយរបស់គណបក្សស្តីពីការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនក្រីក្រ គឺជាគន្លឹះយ៉ាងសំខាន់ក្នុងការបង្កើនជីវភាពឱ្យកាន់តែធូរធារ

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃសៅរ៍ ទី៣០ ខែមីនា ឆ្នាំ២០២៤ ព័ត៌មានជាតិ 771
ឯកឧត្តម ហេង សួរ៖ កម្មវិធីនយោបាយរបស់គណបក្សស្តីពីការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនក្រីក្រ គឺជាគន្លឹះយ៉ាងសំខាន់ក្នុងការបង្កើនជីវភាពឱ្យកាន់តែធូរធារ ឯកឧត្តម ហេង សួរ៖ កម្មវិធីនយោបាយរបស់គណបក្សស្តីពីការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនក្រីក្រ គឺជាគន្លឹះយ៉ាងសំខាន់ក្នុងការបង្កើនជីវភាពឱ្យកាន់តែធូរធារ

ភ្នំពេញ ៖ ឯកឧត្តម ហេង សួរ សមាជិកគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានផ្នែករាជធានី ខេត្ត នៃយុវជនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃសៅរ៍ ទី៣០ ខែមីនា ឆ្នាំ២០២៤នេះ បានអះអាងបញ្ជាក់ដល់យុវជនគណបក្សរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌទូទាំងប្រទេសថា កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រដែលជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោហ៊ុន សែន ប្រធានគណបក្ស គឺជាយន្តការគន្លឹះយ៉ាងសំខាន់ដើម្បីឱ្យប្រជាពលរដ្ឋមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យមានជីវភាពកាន់តែប្រើសើរដែលសមាជិកបក្សទាំងអស់ត្រូវផ្សព្វផ្សាយឱ្យមានប្រសិទ្ធភាពបំផុត។

ការលើកឡើងនេះ គឺនៅពេលដែលឯកឧត្តម បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយស្តីពី”កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ” ទៅដល់យុវជនគណបក្សរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌទូទាំងប្រទេសប្រមាណ៣២០នាក់នេះ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ។

ឯកឧត្តម បានសង្កត់ធ្ងន់ថា ការដាក់ចេញនូវគោលនយោបាយរបស់គណបក្សដ៏សំខាន់នេះ គឺជាយុទ្ធសាស្ត្រព្រួញមួយបាញ់បានសត្វពីរព្រោះយុវជនដែលមកពីគ្រួសារក្រីក្រនឹងមានជំនាញបច្ចេកទេសជាក់លាក់ច្បាស់លាស់ដើម្បីទទួលបានឱកាសការងារបានសមរម្យក្នុងរយៈពេលខ្លីរហ័ស ហើយម្យ៉ាងទៀត វិស័យឯកជននិងអ្នកវិនិយោគទទួលបានកម្លាំងពលកម្មជំនាញក្នុងសង្វាក់ផលិតកម្មរបស់ខ្លួនដែលជាអ្វីដែលវិស័យឯកជនចង់បាន។ដូចនេះ គោលនយោបាយរបស់គណបក្សជានយោបាយដ៏ត្រឹមត្រូវ និងចំកាលៈទេសៈ។

បើតាមការបញ្ជាក់ពីឯកឧត្តម ហេង សួរដដែល ដើម្បីឱ្យកម្មវិធីបណ្តុះបណ្តាលនេះកាន់តែងាយស្រួល និងទូលំទូលាយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានកំណត់ឱ្យសាលាបណ្តុះបណ្តាលបច្ចេកទេសទាំងអស់ត្រូវតែមានកម្មវិធីបត់បែន ទន់ភ្លន់ និងច្រើនជម្រើសដែលអាចបណ្តុះបណ្តាលនៅវេនយប់ និងវេនថ្ងៃសៅរ៍-អាទិត្យដើម្បីបង្កើតឱកាសយ៉ាងទូលាយសម្រាប់យុវជនក្រុមគោលដៅអាចមកសិក្សាវគ្គបណ្តុះបណ្តាលដ៏សំខាន់នេះ។

ឯកឧត្តម ហេង សួរ ក៏បានរំលឹកពីសារបានដែលជាដើមចមនៃការបង្កើតកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសដាក់ចេញកាលពីថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោតក្នុងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ឆ្នាំមុន។

ដើម្បីឱ្យយុវជនគណបក្សរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បានជ្រួតជ្រាបកាន់តែច្បាស់ ឯកឧត្តម បានគូសបញ្ជាក់ដោយពន្យល់លំអិតពីអត្ថប្រយោជន៍នៃកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសដែលជាគន្លឹះសម្រាប់ការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលជាក្រុមគោលដៅនៅតាមមូលដ្ឋានឱ្យបានសិក្សារៀនសូត្រជំនាញជាក់លាក់ដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថមចំនួន២៨ម៉ឺនរៀលក្នុងមួយខែថែម ខណៈដែលរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាធានាក្នុងការស្វែងរកការងារជូនយុវជនមកពីគ្រួសារក្រីក្រថែមទៀតផង។

ជាមួយនឹងកម្មវិធីនយោបាយដ៏ល្អបែបនេះរបស់គណបក្សប្រជាជនកម្ពុជា ឯកឧត្តម ហេង សួរ បានមើលឃើញថា ពលរដ្ឋដែលមានជីវភាពក្រីក្រ និងងាយរងហានិភ័យ នឹងមានជីវភាពកាន់តែប្រសើរ និងរីកចម្រើនដោយសារកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជាដែលតែងតែគិតគូរពីសុខទុក្ខពលរដ្ឋគ្រប់ពេលវេលាក្រោមការគិតគូរយ៉ាងយកចិត្តទុកដាក់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធានគណបក្សប្រជាជកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕





ប្រភពអត្ថបទ ៖ BTV news

អត្ថបទទាក់ទង