Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

ឯកឧត្តម ហេង សួរ៖ ” ជោគជ័យនៃកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈ គឺត្រូវធ្វើយ៉ាងណាឱ្យយុវជនបានចូលរៀន រៀនឱ្យចប់ រៀនឱ្យចេះនិងមានការងារធ្វើ “

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃពុធ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានជាតិ 95
ឯកឧត្តម ហេង សួរ៖ ” ជោគជ័យនៃកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈ គឺត្រូវធ្វើយ៉ាងណាឱ្យយុវជនបានចូលរៀន រៀនឱ្យចប់ រៀនឱ្យចេះនិងមានការងារធ្វើ “ ឯកឧត្តម ហេង សួរ៖ ” ជោគជ័យនៃកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈ គឺត្រូវធ្វើយ៉ាងណាឱ្យយុវជនបានចូលរៀន រៀនឱ្យចប់ រៀនឱ្យចេះនិងមានការងារធ្វើ “

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈ បានឱ្យដឹងថា ជោគជ័យនៃកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈ គឺត្រូវធ្វើយ៉ាងណាឱ្យយុវជនបានចូលរៀន រៀនឱ្យចប់ រៀនឱ្យចេះ និងមានការងារធ្វើ ដើម្បីជួយសម្រួល ដល់ជីវភាពគ្រួសារដែលកំពុងស្ថិតក្នុងស្ថានភាពលំបាក។

ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ«របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយ ស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស.» និង «កម្មវិធីបណ្ដុះបណ្ដាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ» នាសណ្ឋាគារ សុខាភ្នំពេញ កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ ឯកឧត្តម ហេង សួរ បានឱ្យដឹងថា ក្រសួងការងារ បានកំណត់វិស័យ និងមុខជំនាញសម្រាប់ជំហានដំបូងចំនួន ៣៨ មុខជំនាញ ក្នុងវិស័យអាទិភាព ១០ សម្រាប់ការរៀនមិនគិតថ្លៃ ក្នុងកម្មវិធីបណ្ដុះបណ្ដាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។

ឯកឧត្តម បានបន្តថា ជោគជ័យនៃកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ គឺមិនមែនត្រឹមពេលដាក់ ឱ្យដំណើរការនោះទេ ក៏មិនមែនត្រឹមយុវជនជាគោលដៅមកចុះឈ្មោះចូលរៀននោះទេ ឬមិនមែនត្រឹម វគ្គបណ្តុះបណ្តាលបានដំណើរការនោះដែរ និងមិនមែនត្រឹមយុវជនបញ្ចប់ការសិក្សានោះទេ ប៉ុន្តែជោគជ័យនេះ ត្រូវធ្វើយ៉ាងណាឱ្យយុវជនបានចូលរៀន រៀនឱ្យចប់ រៀនឱ្យចេះ និងឱ្យមានការងារធ្វើ អាចចិញ្ចឹមជីវិតដោយខ្លួនឯង និងប្រែក្លាយការប្រើកម្លាំងពលកម្មសុទ្ធសាធ ទៅជាកម្មករមានជំនាញ ច្បាស់លាស់។

« ជោគជ័យ នៃកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈ គឺត្រូវសម្រេចឱ្យបានតាមបាវចនាប្រកបដោយ គិតិបណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺត្រូវធ្វើយ៉ាងម៉េចឱ្យយុវជន យើងបានចូលរៀន រៀនឱ្យចប់ រៀនឱ្យចេះ និងឱ្យមានការងារធ្វើ ឬសង្ខេបដោយសាមញ្ញគឺ “រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ” ដែលសម្តេចធិបតី បានមានប្រសាសន៍ កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ ហើយដែលយុវជននិងគ្រូបណ្តុះបណ្តាលរបស់យើង ពិតជាមានសេចក្តីស្ងើចសរសើរនិងសូមយកនូវបាវចនានេះ ឆ្លាក់ជាប់នៅក្នុងបេះដូង ដើម្បីធ្វើម៉េចឱ្យ យុវជន ដែលស្រឡាញ់និងចុះឈ្មោះចូលរៀនកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈនេះ សម្រេចបាននូវ បាវចនាដែលជាចក្ខុវិស័យជាពន្លឺជាក្តីសង្ឃឹមថ្មីនៃយុវជននៃសម័យនេះ »។

ឯកឧត្តម ហេង សួរ បានឱ្យដឹងទៀតថា ដើម្បីឱ្យកម្មវិធីបណ្ដុះបណ្ដាលនេះ ដំណើរទៅប្រកបដោយ ភាពជោគជ័យ ក្រសួង បានសហការជាមួយស្ថាប័ន និងដៃគូពាក់ព័ន្ធ រៀបចំនិងធ្វើបច្ចុប្បន្នភាពកញ្ចប់ សិក្សាផ្អែកលើសមត្ថភាពសម្រាប់ការបណ្ដុះបណ្ដាល ដោយកំណត់ជាស្តង់ដារនូវជំនាញនីមួយៗ គឺមានចាប់ពី៥ ទៅ ៦ម៉ូឌុល ហើយក្នុងម៉ូឌុលនីមួយៗ គឺត្រូវមានម៉ោងរៀនយ៉ាងតិច ៦៣០ ម៉ោង រួមទាំងទ្រឹស្ដី ការអនុវត្តនៅរោងជាង និងការចុះកម្មសិក្សាតាមវិស័យឯកជន។

ឯកឧត្តម ហេង សួរ បានបញ្ជាក់ថា ដើម្បីឱ្យកម្មវិធីបណ្ដុះបណ្ដាលជោគជ័យ ក្រសួងក៏បានសហការ ជាមួយអ្នកពាក់ព័ន្ធ បានកំណត់ជ្រើសរើសវិស័យនិងមុខជំនាញអាទិភាព ដោយធ្វើការសិក្សាផ្អែកលើស្ថានភាពសេដ្ឋកិច្ច តាមវិស័យនិងអនុវិស័យនីមួយៗ ការសិក្សាទីផ្សារការងារ ដោយផ្នែកលើចំនួនរោងចក្រសហគ្រាស កម្មករនិយោជិតដែលមាននៅពេលបច្ចុប្បន្ន និងផ្នែកលើគោល នយោបាយអាទិភាពនិងយុទ្ធសាស្ត្រអភិវឌ្ឍវិស័យផ្សេងៗ ក្នុងនោះ វិស័យអាទិភាពទាំង ១០ នោះ រួមមាន ៖ សំណង់, អគ្គិសនី និងថាមពល, អេឡិចត្រូនិក, បរិក្ខារត្រជាក់ និងកម្ដៅ, កម្មន្តសាល, មេកានិកទូទៅ/មេកានិករថយន្ត, ទេសចរណ៍, សេវាកម្ម, កសិកម្ម និង កសិ-ឧស្សាហកម្ម, និង ធុរកិច្ច និងព័ត៌មានវិទ្យា។ ដោយឡែក ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដូនតា ត្រូវបានរៀបចំ និងអនុវត្តដោយក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ក្នុងគោលបំណងអភិរក្សចំណេះដឹង និងជំនាញដូនតា ឱ្យបានគង់វង្ស និងអភិវឌ្ឍន៍ “ឧស្សាហកម្មវប្បធម៌ និងច្នៃប្រតិដ្ឋបង្កើតថ្មី”៕

អត្ថបទទាក់ទង