Khmer First Close

ការកំណត់ព្រំដែនកម្ពុជា-ថៃ៖ បេសកកម្មប្រវត្តិសាស្ត្រដើម្បីថែរក្សាបូរណភាពទឹកដី និងទប់ស្កាត់ជម្លោះនៅអនាគត

ដោយ៖ សម្បត្តិ កិត្យា ​​ | 3 ម៉ោងមុន ទស្សនៈ - នយោបាយ 219
ការកំណត់ព្រំដែនកម្ពុជា-ថៃ៖ បេសកកម្មប្រវត្តិសាស្ត្រដើម្បីថែរក្សាបូរណភាពទឹកដី និងទប់ស្កាត់ជម្លោះនៅអនាគត ការកំណត់ព្រំដែនកម្ពុជា-ថៃ៖ បេសកកម្មប្រវត្តិសាស្ត្រដើម្បីថែរក្សាបូរណភាពទឹកដី និងទប់ស្កាត់ជម្លោះនៅអនាគត

បញ្ហាព្រំដែនរវាងកម្ពុជា-ថៃ មានជាប់ទាក់ទងនិងបញ្ហាប្រវត្តិសាស្ត្រ នយោបាយ និងច្បាប់អន្តរជាតិ។ ការចុះវាស់វែង និងបោះបង្គោលព្រំដែនបណ្តោះអាសន្ន ដែលកំពុងអនុវត្តជាមួយប្រទេសថៃ ត្រូវបានរដ្ឋាភិបាលកម្ពុជាអនុវត្តបានយ៉ាងសុក្រឹត និងមានការទំនួលខុសត្រូវខ្ពស់បំផុត ដោយផ្អែកលើផែនទី និងឯកសារផ្លូវការដែលទទួលស្គាល់ជាសកល។ ទោះបីជារាជរដ្ឋាភិបាលបានបញ្ជាក់ពីគោលជំហររឹងប៉ឹងក្នុងកិច្ចការការពារបូរណភាពទឹកដី ដោយម៉ឺងមាត់ ហើយក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរ កម្ពុជា- ថៃ  បាននិងកំពុងខិតខំធ្វើការងារយ៉ាងណាក៏ដោយក៏ត្រូវបានមនុស្សមួយក្រុមតូចដែលមាននិន្នាការនយោបាយបែបជ្រុលនិយមនៅតែយកបញ្ហានេះមកធ្វើការរិះគន់ជាន់ពន្លិច ញុះញង់ បង្កការសង្ស័យលើរាជរដ្ឋាភិបាលនិងក្រុមការងារកិច្ចការព្រំដែនក៏ដូចជាធ្វើឲ្យមានភាពល្អក់កករនៅក្នុងសង្គមជាតិបានដែរ។

ការងារកិច្ចការកំណត់និងបោះបង្គោលព្រំដែននេះគឺជាបេសកកម្មប្រវត្តិសាស្ត្រមួយដ៏ត្រឹមត្រូវប្រកបដោយបច្ចេកទេសនិងមានន័យជាប្រវត្តិសាស្ត្រសម្រាប់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបទាំងពេលបច្ចុប្បន្ននិងអនាគត។ ជាក់ស្តែង ដំណើរការការងាររបស់ក្រុមការងារកិច្ចការព្រំដែនកម្ពុជានេះ បានអនុវត្តជាទៀងទាត់អស់រយៈពេលជាច្រើនពីរទសវត្សរ៍ (ជិត២០ឆ្នាំ)មកហើយ ដោយការងារនេះសំដៅទៅលើការកំណត់ព្រំដែនមួយឲ្យបានត្រឹមត្រូវតាមផែនទីប្រវត្តិសាស្ត្រ ធានាឲ្យបានដាច់ខាតនូវការការពារបូរណភាពទឹកដីដែលបានទទួលស្គាល់ជាអន្តរជាតិ ការការពារសិទ្ធិលើទឹកដីកំណើតរបស់ជាតិ និងជាពិសេសគឺការកាត់បន្ថយនិងទប់ស្កាត់ជម្លោះព្រំដែននាពេលអនាគត។ វិធីសាស្ត្រដែលក្រុមការងារបច្ចេកទេសយកមកប្រើរួមមានការវាស់វែងដោយឧបករណ៍ស្តង់ដារអន្តរជាតិ ការចុះត្រួតពិនិត្យដល់ទីតាំងជាក់ស្តែងដោយផ្ទាល់ ការចុះហត្ថលេខារព្រមព្រៀង និងការសហការណ៍ជាមួយភាគីថៃក្នុងគោលការណ៍គោរពសិទ្ធិបូរណភាពទឹកដីនៃប្រទេសទាំងពីរ និងជាពិសេស ក្រុមការងារកិច្ចការព្រំដែនមិនភ្លេចបាននោះ គឺកម្ពុជាប្រកាន់ភ្ជាប់ជានិច្ចនូវខ្សែបន្ទាត់ព្រំដែនមិនកែប្រែដែលផ្អែកលើផែនទីឥណ្ឌូចិន-សៀម ដែលបានទទួលស្គាល់ជាអន្តរជាតិកាលពី ១២០ ឆ្នាំកន្លងមក។

មានការរិះគន់ខ្លះដែលបានកើតចេញពីក្រុមប្រឆាំងបែបជ្រុលនិយមមួយចំនួនដោយគ្មានមូលដ្ឋាន និងពុំធ្លាប់បានជួយធ្វើអ្វីទាំងតែសោះ ក្រៅអំពីរតែការរិះគន់និងតាំងខ្លួនជាអ្នកចេះគ្រប់រឿង ។ ពួកគេពោរពេញដោយអំនួត និងប្រជាភិថុត ធាតុពិត សុទ្ធតែជាអ្នកគ្មានជំនាញលើកិច្ចការងារព្រំដែនបន្តិចណាទាល់តែសោះ តួរយ៉ាងដូចជា បុគ្គល អ៊ុំ សំអាន អ្នកបានតែទ្រឹស្តីតាមរបៀបអុចអាល និងបានតាំងខ្លួនឯងថាជាអ្នកជំនាញកិច្ចការព្រំដែន ខណៈដែលបុគ្គលប្រឆាំងរូបនេះគ្មានជំនាញលើកិច្ចព្រំដែនទេ ប៉ុន្តែគេបានដឹងថា ជំនាញពិតប្រាកដរបស់គាត់ គឺពូកែខាងប្រឌិតព័ត៌មានក្លែងក្លាយ ញុះញង់ បង្កចលាចលសង្គម និងមួលបង្កាច់ដោយគ្មានមូលដ្ឋានអំពីរឿងព្រំដែនតែប៉ុណ្ណោះ ។ ជាញយដង អ៊ុំ សំអាន ដែលមានប្រវត្តិធ្លាប់បានសុំទោសចំពោះលោក ហ៊ុន សែន បន្ទាប់ពីបាននិយាយមួលបង្កាច់ក្នុងបញ្ហាព្រំដែនកន្លងទៅ នឹងត្រូវបានស្នើសុំការបន្ធូរបន្ថយឱ្យរួចទោស ប៉ុន្តែជននេះនៅចចេះរឹងរូស អាស្មិមានៈ ហើយតែងតែចេញមកវាយប្រហាររដ្ឋាភិបាលជាញឹកញាប់ ដែលភាគច្រើនព័ត៌មានដែលគេយកមកនិយាយគឺយកប្រភពមកតែពីប្រទេសថៃ ។  

សកម្មភាពបែបនេះ មិនខុសអ្វីពីការដែលកំពុងតែដើរតួរនិងតាំងខ្លួនជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រទេសថៃដែលជាសត្រូវក្នុងការចង់ឈ្លានពាននិងរំលោភយកទឹកដីកម្ពុជា ព្រមទាំងចោទនិងវាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជាទាំងខ្វះមនសិការជាតិជាខ្មែរ ពីព្រោះ អ៊ុំ សំអាន គឺគ្មានចំណេះដឹងបន្តិចណាសោះឡើយលើកិច្ចការព្រំដែន។ ការរិះគន់ វាយប្រហារទាំងអស់ក្នុងរឿងព្រំដែនរបស់ អ៊ុំ សំអាន និងជនមួយចំនួននៅក្រៅប្រទេស គ្រាន់តែជាវោហារសាស្ត្រនយោបាយ ដែលមិនចេះរីងស្ងួតតាមបែបមនោគមន៏វិជ្ជាជ្រុលនិយម ដែលចេញពីមាត់មនុស្សម្នាក់ដែលធ្លាប់ជាប់ពន្ធនាគារកាលពីឆ្នាំ២០១៦ បន្ទាប់ពីញុះញង់ និងនិយាយបំផ្លើសក្នុងរឿងព្រំដែន។

នេះសរបញ្ជាក់ឲ្យឃើញថា វាពិតជាកំហុសដដែលៗ ដែលបុគ្គលរូបនេះបាននិងកំពុងបង្កើតឡើង ដោយចោទប្រកាន់ មកលើរដ្ឋាភិបាលថា ការបោះបង្គោលគ្រាន់តែជាការសាកល្បងទឹកចិត្តប្រជាជន និងបានចោទថា កម្ពុជាប្រើឧបករណ៍វាស់វែងព្រំដែនរបស់ថៃ ការងារនេះធ្វើឲ្យបាត់ទឹកដីជាដើម។

យ៉ាងណាក៏ដោយ ការអះអាងបែបនេះ មិនមានភស្តុតាងបច្ចេកទេស ផ្លូវច្បាប់ ជាពិសេសគឺជាការអះអាងបែបជនដែលមិនមានការយល់ដឹងអំពីការងារបច្ចេកទេសនិងបទពិសោធន៏ក្នុងការវាស់វែងបោះបង្គោលព្រំដែនបន្តិចណាទាល់តែសោះ ពោលគឺគ្រាន់តែនិយាយដើម្បីតែទាក់ទាញចំណាប់អារម្មណ៏ និងដើរតាមគន្លងមេរបស់ខ្លួនដែលបានគូសវាសឲ្យនិយាយតែប៉ុណ្ណោះ។

គួរកត់សម្គាល់ថា ការធ្វើការងារដោយតម្លាភាពនិងមានទំនួលខុសត្រូវចំពោះជាតិរបស់រដ្ឋាភិបាលនិងក្រុមការងារកិច្ចការព្រំដែនដោយឈរលើគោលការណ៏យ៉ាងច្បាស់លាស់ណាស់ថា និងមិនធ្វើអំពើណាដែលនាំឲ្យបាត់បង់ទឹកដី គឺ គ្រប់ដំណើរការ គ្រប់ជំហានមានឯកសារច្បាស់លាស់ និងត្រូវបានបកស្រាយពន្យល់ដល់សាធារណៈជនជាបន្តបន្ទាប់។ ការងារដែលបាននិងកំពុងធ្វើជាមួយភាគីថៃគឺពិតជាផ្អែកលើការគោរពគ្នា ការកសាងទំនាក់ទំនងល្អ និងក្នុងដំណើរសន្តិភាព។

 រីឯមន្ត្រីជំនាញព្រំដែនទៀតសោត សុទ្ធតែត្រូវបានបណ្តុះបណ្តាលយ៉ាងត្រឹមត្រូវ និងអនុវត្តតាមបទដ្ឋានវិជ្ជាជីវៈ ដោយគោរពអធិបតេយ្យភាពជាតិជាចម្បង។

ការគោរពបូរណភាពទឹកដីជាតិ គឺជាគោលការណ៍មិនអាចប្រឌិតនិងប្រកែកបានឡើយ ។ ហេតុនេះ ការកំណត់ព្រំដែនមិនមែនជាការដោះដូរទឹកដីជាមួយសន្តិភាព ហើយក៏មិនមែនជាឧបករណ៍នយោបាយសម្រាប់សាកល្បងចិត្តប្រជាជនដែរ ប៉ុន្តែជាសត្យានុម័ត កិច្ចការងារនេះ គឺជាខិតខំកសាងខ្សែព្រំដែនដ៏ច្បាស់លាស់ ដើម្បីធានាបាននូវការពង្រឹងសន្តិភាព សន្តិសុខ ស្របតាមរដ្ឋធម្មនុញ្ញរបស់ជាតិ។ 

បើមានការកំណត់ព្រំដែនមិនបានច្បាស់លាស់នោះ ទៅអនាគត ប្រាកដណាស់បញ្ហាព្រំដែនអាចនឹងនាំប្រទេសជាតិឈានទៅរកជម្លោះយោធា ជាថ្មីម្តងទៀត និងនាំឲ្យបាត់បង់បូរណភាពទឹកដីនៅតាមបណ្តោយព្រំដែនជាក់ជាមិនខាន ។ ដូច្នេះ ការវាស់វែងនិងបោះបង្គោលព្រំដែនបណ្តោះអាសន្ននៅពេលនេះគឺជាការងារប្រកបដោយអត្ថន័យជាប្រវត្តិសាស្ត្រដ៏សំខាន់និងជ្រាលជ្រៅខ្លាំងណាស់សម្រាប់ប្រទេសជាតិនិងប្រជាជនកម្ពុជាទាំងមូល។

ដំណើរការកំណត់ព្រំដែនកម្ពុជាជាមួយប្រទេសថៃ គឺជាការងារដែលអនុវត្តដោយការប្តេជ្ញាចិត្តខ្ពស់ ស្របច្បាប់អន្តរជាតិនិងការពារឧត្តមប្រយោជន៍ជាតិ។ដូចនេះ ការរិះគន់ដោយគ្មានមូលដ្ឋាន និងការផ្សព្វផ្សាយព័ត៌មានមិនពិត គួរត្រូវបានផ្តន្ទាទោសនិងមានការឆ្លើយតបដ៏ម៉ឺងមាត់បំផុតស្របតាមច្បាប់ ដើម្បីរក្សាស្ថិរភាពសង្គម និងសន្តិភាពបានយូរអង្វែង។ រាជរដ្ឋាភិបាលនិងក្រុមការងារកិច្ចការព្រំដែនចាត់ទុកថា សន្តិភាព អធិបតេយ្យភាព និងបូរណភាពទឹកដីជាតិ គឺជាគុណតម្លៃដ៏ខ្ពង់ខ្ពស់ ដែលមិនអាចដោះដូរជាមួយអ្វីបាននោះទេ ទោះក្នុងកាលៈទេសៈឬក្នុងតម្លៃណាក៏ដោយឡើយ៕

ដោយ៖ ពិន វិជ័យ – អ្នកសិក្សាវិទ្យាសាស្ត្រនយោបាយ

អត្ថបទទាក់ទង