ថៃកំពុងធ្វើអត្តឃាតនយោបាយ ដោយបំផ្លាញសមិទ្ធផលចិននៅកម្ពុជា
នៅពេលដែលប្រទេសមួយជ្រើសរើសយកគ្រាប់កាំភ្លើងជាឧបករណ៍សន្ទនា នោះជារឿងពិបាកណាស់ក្នុងការអះអាងថា ខ្លួនកំពុងការពារសន្តិភាព ឬគោរពច្បាប់អន្តរជាតិ។ ជម្លោះប្រដាប់អាវុធរវាងកម្ពុជានិងថៃ ក្នុងដំណាក់កាលបច្ចុប្បន្ននេះ មិនអាចត្រូវបានពិពណ៌នាថាជា “ជម្លោះព្រំដែន” ធម្មតាទៀតឡើយ។ វាបានក្លាយជាការបង្ហាញអាកប្បកិរិយានយោបាយដែលគ្មានទិសដៅច្បាស់ និងកំពុងនាំថៃឲ្យធ្លាក់ចូលទៅក្នុងការធ្វើអត្តឃាតនយោបាយរបស់ខ្លួនឯងយ៉ាងស្ងៀមស្ងាត់ និងថែមទាំងមានផលវិបាកធ្ងន់ធ្ងរថែមទៀតផង។
ជាក់ស្តែង សកម្មភាពយោធាថៃនេះបើមើលពីដំបូងឃើញថា ជាជម្លោះព្រំដែន តែតាមពិតទៅនោះគ្រាន់តែជាលេសមួយក្នុងការបម្រើដល់គោលបំណងនយោបាយក្នុងស្រុកថៃដើម្បីស្វែងរកប្រជាប្រិយភាពសម្រាប់បោះឆ្នោតនៅពេលខាងមុខតែប៉ុណ្ណោះ។ ជាពិសេស នៅពេលដែលនយោបាយផ្ទៃក្នុងប្រទេសថៃជាប់គាំងជារឿយៗ ការបង្កើតសត្រូវខាងក្រៅប្រទេស គឺជាវិធីសាស្ត្រដ៏ពេញនិយមបំផុតដែលថៃតែងតែធ្វើជាញឹកញាប់និងទទួលបានផ្លែផ្កានាពេលកន្លងមក។ ការលេងល្បែងជាតិនិយមដោយយកសន្តិសុខតំបន់ធ្វើជាចំណាប់ខ្មាំង មិនមែនជាសញ្ញានៃភាពរឹងមាំនយោបាយទេ ប៉ុន្តែជាសញ្ញានៃការខ្វះចក្ខុវិស័យ និងការដែលខ្វះសមត្ថភាពក្នុងការគ្រប់គ្រងប្រទេសទៅវិញទេ។
អ្វីដែលធ្វើឲ្យស្ថានការណ៍កាន់តែគួរឲ្យព្រួយបារម្ភនោះ គឺកំពុងជ្រើសរើសផ្លូវឯកោ ដោយមិនខ្វល់ចំពោះផលវិបាកសេដ្ឋកិច្ច និងការទូតលើឆាកអន្តរជាតិ។ ក្នុងពិភពលោកត្រូវអាស្រ័យលើការតភ្ជាប់ទំនាក់ទំនងជាមួយគ្នាជាចាំបាច់ ដូច្នេះការប្រើកម្លាំងយោធាដោយមិនគិតគូរពីផលប្រយោជន៍រួម គឺដូចជាការកាត់ផ្តាច់ខ្លួនឯងចេញពីពិភពលោកខាងក្រៅដោយមិខខ្វល់ទៅលើបញ្ហាសេដ្ឋកិច្ច និងការទូតជាមួយប្រទេសដ៏ទៃ។ ថៃកំពុងគិតថា ខ្លួនជាគឺជាអ្នកខ្លាំងមួយនៅក្នុងតំបន់និងកំពុងតាំងខ្លួនថាជាមហាអំណាចនៅក្នុងអាស៊ាន ប៉ុន្តែតម្លៃដែលត្រូវបាត់បង់លើឆាកអន្តរជាតិ នោះគឺអាចធ្ងន់ធ្ងរជាងការគិតរបស់ប្រទេសថៃឆ្ងាយណាស់។
ករណីយន្តហោះ F-16 ទំលាក់គ្រាប់បំផ្លាញ ”ស្ពានមេទឹក ឬ ស្ពានជ័យជំនះ” របស់កម្ពុជា នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ និងការដែលយោធាថៃចូលមកដោតទង់ជាតិថៃនៅលើទឹកដីកម្ពុជា នោះគឺជាឧទាហរណ៍យ៉ាងច្បាស់នៃការគ្មានការគិតគូរយុទ្ធសាស្ត្រនិងផលប៉ះពាល់នោះទេ គឺក្រុមយោធាថៃធ្វើដើម្បីគ្រាន់តែជាការបង្ហាញរូបភាពដល់ប្រជាជនរបស់ខ្លួនថាខ្លួនជាអ្នកខ្លាំងខ្លួនមានប្រៀបលើកម្ពុជា។ តែយ៉ាងណាក៏ដោយស្ពានដែលយោធាថៃបានបំផ្លាញនោះគឺជាហិរញ្ញប្បទានរបស់ប្រទេសចិនដែលមានតម្លៃជាង ១៣២ លានដុល្លារអាមេរិក ហើយវាក៏មិនមែនជាសម្បត្តិរបស់កម្ពុជាតែម្នាក់ឯងនោះដែរ ពោលវាគឺជាផ្នែកមួយនៃមូលនិធិ និងយុទ្ធសាស្ត្រវិនិយោគរយៈពេលវែងរបស់ចិននៅកម្ពុជា និងនៅក្នុងតំបន់អាស៊ានទាំងមូល។ ការបំផ្លាញនេះមិនខុសពីការវាយបំបែក “ឆ្នាំងបាយ ឬ ផលប្រយោជន៏” របស់ចិននោះឡើយ ហើយឆ្នាំងបាយនិងផលប្រយោជន៏នោះ មិនមែនជារឿងសាមញ្ញពេកនោះទេ ពោលគឺជាផលប្រយោជន៏យុទ្ធសាស្ត្រដែលពាក់ព័ន្ធទៅនិងគម្រោងហេដ្ឋរេចនាសម្ព័ន្ធ Belt and Road Initiative (BRI) ដែលនេះគឺជាយុទ្ធសាស្ត្រធំមួយរបស់ចិនដែលបានចាប់ផ្តើមតាំងពីឆ្នាំ ២០១៣ ដោយប្រធានាធិបតី ស៊ី ជិនពីង ក្នុងគោលបំណងភ្ជាប់ប្រទេសចិនជាមួយតំបន់ និងពិភពលោកតាមរយៈហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម វិនិយោគ និងឥទ្ធិពលភូមិសាស្ត្រនយោបាយរបស់ចិនថែមទៀតផង។
សកម្មភាពនេះអាចជាការចោទជាសំណួរថា តើថៃកំពុងគិតថាអាចមើលរំលងផលប្រយោជន៍របស់ចិននៅក្នុងតំបន់បានដែរឬទេ? នៅពេលដែលចិននៅតែជាអ្នកវិនិយោគធំជាងគេមួយនៅក្នុងតំបន់ ការវាយប្រហារដែលប៉ះពាល់ដល់មូលនិធិ និងគម្រោងចិន គឺស្មើនឹងការជាន់ឈ្លីផលប្រយោជន៍របស់មហាអំណាចសេដ្ឋកិច្ចមួយដោយចេតនា ។ ជម្រើសនេះ មិនមែនជាជម្រើសឆ្លាតវៃសម្រាប់ប្រទេសថៃឡើយ ជាពិសេសសម្រាប់ប្រទេសដែលពឹងផ្អែកលើការនាំចេញ និងការវិនិយោគពីបរទេស។
សរុបមក ជម្លោះប្រដាប់អាវុធរវាងកម្ពុជានិងថៃ នៅដំណាក់កាលបច្ចុប្បន្ននេះ មិនមែនជាបញ្ហាព្រំដែនសាមញ្ញទៀតឡើយ ប៉ុន្តែបញ្ហានេះបានបំប្លែងខ្លួនទៅជាការបង្ហាញនូវភាពបរាជ័យនៃចក្ខុវិស័យនយោបាយ និងយុទ្ធសាស្ត្ររបស់ថៃផ្ទាល់។ ការជ្រើសរើសយកកម្លាំងយោធាជំនួសការទូត មិនត្រឹមតែធ្វើឲ្យសន្តិសុខតំបន់រងគ្រោះទេ ប៉ុន្តែថែមទាំងធ្វើឲ្យថៃកំពុងកាត់ផ្តាច់ខ្លួនឯងចេញពីបណ្តាញទំនាក់ទំនងសេដ្ឋកិច្ច និងការទូតដែលខ្លួនធ្លាប់ពឹងផ្អែកយ៉ាងខ្លាំង។
ចុងក្រោយនេះ ប្រសិនបើថៃនៅតែបន្តយកបញ្ហាជាតិនិយម និងផលប្រយោជន៍ប្រជាប្រិយភាពនយោបាយក្នុងស្រុកជាជាងសន្តិភាពតំបន់ និងទំនាក់ទំនងអន្តរជាតិ នោះថៃប្រាកដជាកំពុងធ្វើអត្តឃាតនយោបាយរបស់ខ្លួនជាក់ជាមិនខាន ដូច្នេះថៃ ត្រូវតែទទួលខុសត្រូវដោយខ្លួនឯង ទាំងក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងកិត្តិយសលើឆាកអន្តរជាតិ៕
ដោយ៖ ពិន វិជ័យ – អ្នកសិក្សាវិទ្យាសាស្ត្រនយោបាយ





