អត្ថបទវិភាគ៖ «តើអ្វីជាយុទ្ធសាស្ត្ររបស់តេជោហ៊ុន សែន ពាក់ព័ន្ធនឹងកងទ័ពខ្មែរ ១៨នាក់ ដែលថៃកំពុងគ្រប់គ្រង?»
អត្ថបទវិភាគ៖ «តើអ្វីជាយុទ្ធសាស្ត្ររបស់តេជោហ៊ុន សែន ពាក់ព័ន្ធនឹងកងទ័ពខ្មែរ ១៨នាក់ ដែលថៃកំពុងគ្រប់គ្រង?»
ក្រោយពីលោកហ៊ុន សែន ប្រធានព្រឹទ្ធសភាបានមានប្រសាសន៍ថា លោកចាត់ទុកកងទ័ពខ្មែរទាំង ១៨នាក់ ដែលទាហានថៃចាប់ខ្លួនកាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៥ ថាបានធ្វើពលីកម្មយ៉ាងថ្លៃថ្លាជូនជាតិមាតុភូមិរួចទៅហើយ មានអ្នកខ្លះ ជាពិសេសក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស និងជនជាតិថៃមួយចំនួន បានយកប្រធានបទនេះមកវាយប្រហារលើលោក ហ៊ុន សែន ថាបានបោះបង់ចោលកងទ័ពទាំង ១៨នាក់នោះទៅហើយ។ គោលដៅរបស់ពួកគេគឺដើម្បីកេងចំណេញនយោបាយ និងបំបែកសាមគ្គីភាព ជាតិខ្មែរ តាមរយៈការដាក់កំហុសលើរដ្ឋាភិបាល និងថ្នាក់ដឹកនាំកម្ពុជាថាមិនអើពើចំពោះកងទ័ពទាំង ១៨ នាក់។

ប៉ុន្តែ សម្រាប់អ្នកយុទ្ធសាស្ត្រនិងអ្នកដែលមានបទពិសោធន៍ក្នុងបញ្ហាចំណាប់ខ្មាំង ឬអ្នកតាមដានបញ្ហាសង្គមនយោបាយពិតជាអាចយល់បានអំពីចិត្តសាស្ត្ររបស់ថ្នាក់ដឹកនាំដែលពោរពេញដោយបទពិសោធន៍ ដូចលោក ហ៊ុន សែន។ តើហេតុអ្វីបានជាលោក ហ៊ុន សែន មានប្រសាសន៍ជាសាធារណៈបែបនេះនៅក្នុងកាលៈទេសៈនេះ? នេះជាសំណួរសំខាន់ដែលត្រូវស្វែងយល់។ សាររបស់លោក ហ៊ុន សែន មិនមែនជារឿងចៃដន្យឡើយ ហើយវាបានបង្កប់អត្ថន័យច្រើនយ៉ាង៖
ទី១៖ សារនេះគឺជាការផ្តល់តម្លៃយ៉ាងធំធេងបំផុតដល់វីរភាពរបស់កងទ័ពខ្មែរទាំង ១៨នាក់ដែលទាហានថៃបានចាប់ខ្លួនកាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៥ ពោលគឺមួយថ្ងៃក្រោយពីបទឈប់បាញ់ចូលជាធរមាន។ តម្លៃរបស់វីរកងទ័ពទាំង ១៨ នាក់គឺស្មើនឹងការលះបង់ជីវិតដើម្បីការពារជាតិ ការពារបូរណភាពទឹកដីដោយយកជីវិតទៅប្តូរ។ ដូច្នេះ ការប្រកាសថា លោកចាត់ទុកបងប្អូនទាំង ១៨ នាក់ថាបានធ្វើពលីកម្ម ដើម្បីជាតិរួចទៅហើយ គឺជាការផ្តល់វីរភាពដ៏ថ្លៃថ្លាបំផុតដល់បងប្អូនទាំងនោះរួចជាស្រេចពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ប្រទេស។ សូមកុំយល់ច្រឡំរឿងនេះថាជាការបោះបង់ចោលឱ្យសោះ។
ទី២៖ ការប្រកាសបែបនេះគឺជាសារច្បាស់លាស់មួយទៅកាន់ភាគីថៃថា ពួកគេមិនអាចយកចំណាប់ខ្មាំង ទាំង ១៨ នាក់ដើម្បីជាថ្នូរនៃការទាមទារអ្វីហួសហេតុជាមួយកម្ពុជាឡើយ ពិសេសគឺថ្នូរជាមួយបញ្ហាទឹកដី ពីព្រោះវីរកងទ័ពខ្មែរទាំងអស់ រាប់ទាំងយោធិនទាំង១៨ នាក់ដែលកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់ថៃផង សុខចិត្តពលីជីវិតដើម្បីការពារបូរណភាពទឹកដី គឺមិនមែនយកទឹកដីទៅប្តូរជាមួយភាពរស់រានមានជីវិតរបស់ខ្លួន តាមការទាមទាររបស់ថៃឡើយ។ ភាគីថៃពិតជាបានទទួលសារយ៉ាងច្បាស់លាស់នេះពីថ្នាក់ដឹកនាំកម្ពុជា ពិសេសពីលោក ហ៊ុន សែន ដែលថៃតែងកោតញញើត។
ទី៣៖ ការដែលលោក ហ៊ុន សែន ប្រកាសបែបនេះនៅពេលនេះពីព្រោះតែលោកបានដឹងយ៉ាងច្បាស់ថា កងទ័ពទាំង ១៨ នាក់មានសុវត្ថិភាពទាំងស្រុងហើយពីព្រោះពួកគេស្ថិតនៅក្រោមការតាមដាន និងឃ្លាំមើល ជាប្រចាំពីសំណាក់សហគមន៍អន្តរជាតិ ពិសេសពីសំណាក់អង្គការកាកបាទក្រហមអន្តរជាតិ ក្រុមអ្នកសង្កេតការណ៍អាស៊ាន និងពីសំណាក់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សព្រមទាំងស្ថាប័ន តំបន់ និងអន្តរជាតិពាក់ព័ន្ធផ្សេងៗទៀត និងបណ្តាប្រទេសជាមិត្ត ដូចជាសហរដ្ឋអាម៉េរិក ចិន ម៉ាឡេស៊ី ដែលជាប្រធានអាស៊ាន និងសហភាពអឺរ៉ុបជាដើម។ និយាយជារួម ថៃមិនអាចធ្វើអ្វីលើកងទ័ពខ្មែរទាំង ១៨ នាក់បានឡើយ។ ភាពច្បាស់លាស់អំពីបញ្ហានេះកើតឡើងដោយសារការងារការទូតយ៉ាងសកម្មរបស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកំពូលៗរបស់ជាតិក្នុងរយៈពេលចុងក្រោយនេះ ដើម្បីទាញរឿងនេះឱ្យក្លាយជារឿងដែលអន្តរជាតិចាប់អារម្មណ៍និងតាមដានជាប្រចាំ។ បើគ្មានភាពច្បាស់លាស់អំពីសុវត្ថិភាព របស់បងប្អូនទាំង ១៨ នាក់ទេ តេជោ ហ៊ុន សែន ក៏មិននិយាយពាក្យនេះចេញជាសាធារណៈនៅពេលនេះដែរ។
ចំណុចទាំងបីដូចបានលើកឡើងខាងដើមគឺជាយុទ្ធសាស្ត្រដ៏ស៊ីជម្រៅមួយ ដើម្បីកាត់បន្ថយឥទ្ធិពលរបស់ថៃក្នុងការយកបញ្ហាចំណាប់ខ្មាំងមកតថ្លៃជាមួយកម្ពុជាផង ជាការផ្តល់តម្លៃដល់វីរកងទ័ពទាំង ១៨ នាក់ផង និងជាពង្រឹងការយកចិត្តទុកដាក់ពីសំណាក់សហគមន៍អន្តរជាតិមកលើវីរកងទ័ពខ្មែរដែលថៃប្រើល្បិចកលខុសច្បាប់អន្តរជាតិ តាមរយៈការចាប់ខ្លួនកងទ័ពខ្មែរដោយប្រើល្បិចចូលមកចាប់ដៃស្វាគមន៍ ក្រោយបទឈប់បាញ់ចូលជាធរមាន។
សូមចងចាំថា ថៃរកលេសគ្រប់បែបយ៉ាងដើម្បីបន្តការឃុំខ្លួនកងទ័ពខ្មែរទាំង ១៨ នាក់ក្រោមលក្ខខណ្ឌជាឈ្លើយសឹក ដោយរំពឹងថា ពួកគេអាចយកបញ្ហានេះទៅតថ្លៃដាក់សម្ពាធលើកម្ពុជាដើម្បីទាមទារនូវអ្វីដែលពួកគេចង់បាន។ ប៉ុន្តែ ការពិតត្រូវបានសហគមន៍អន្តរជាតិដឹងលឺអស់ទៅហើយ តាមរយៈការងារការទូតយ៉ាងសកម្មរបស់កម្ពុជា។ ដូច្នេះ ការអូសបន្លាយពេលនៃការឃុំខ្លួនកងទ័ពខ្មែរកាន់តែយូរ ការខូចខាត មុខមាត់របស់ថៃកាន់តែមានទំហំធំធេងទៅតាមនោះដែរ ហើយភាគីថៃក៏មិនអាចយកបញ្ហានេះមកទាមទារ អ្វីពីកម្ពុជាបានដែរ។

សរុបមកវិញ សាររបស់តេជោ ហ៊ុន សែន កំពុងដាក់ថៃឱ្យស្ថិតនៅក្នុងស្ថានភាពមួយដ៏លំបាកនៅក្នុងចំណាត់ការរឿងកងទ័ពខ្មែរទាំង ១៨ នាក់ ពីព្រោះបើដោះលែង រដ្ឋាភិបាលនិងយោធាថៃអាចរងសម្ពាធខ្លាំងពីប្រជាជនថៃ ពិសេសពីក្រុមជ្រុលនិយម។ ប៉ុន្តែ បើបន្តអូសបន្លាយពេល ថៃនឹងខូចមុខមាត់កាន់តែខ្លាំងនៅលើឆាកអន្តរជាតិ ហើយបន្តរងសម្ពាធសេដ្ឋកិច្ចធ្ងន់ធ្ងរ ពិសេសពីសំណាក់សហរដ្ឋអាមេរិក ពីព្រោះនៅក្នុងសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពទីក្រុងកូឡាឡាំពួរថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ថៃបានសន្យាជាឧឡារឹកថានឹងដោះលែងកងទ័ពខ្មែរទាំង ១៨ នាក់ដោយគ្មានបង្អែរបង្អង់ឡើយ។
ព្រនង់ទី១ ដែលថៃកំពុងទទួលគឺសម្ពាធនៃការផ្អាកការចរចាពន្ធបដិការពីសំណាក់សហរដ្ឋអាមេរិក។ ព្រនង់ទី២ គឺសហគមន៍អន្តរជាតិបានមើលឃើញកាន់តែច្បាស់ពីល្បិចខូចរបស់ថៃដែលតែងតែបង្កឡើង ដោយខ្លួនឯង ហើយទម្លាក់កំហុសមកលើកម្ពុជា។ ព្រនង់ទី៣ គឺការខូចខាតសេដ្ឋកិច្ចកាន់តែមានសភាពធ្ងន់ធ្ងរដែលកើតចេញពីការបិទព្រំដែនជាមួយកម្ពុជា ពិសេសទឹកជំនន់ដ៏មហន្តរាយដែលបានកើតឡើងលើខេត្តភាគខាងត្បូងនៃប្រទេស។

ដូច្នេះ ថៃទំនងជាគ្មានជម្រើសអ្វីក្រៅពីត្រូវស្តារមុខមាត់របស់ខ្លួនលើឆាកអន្តរជាតិ តាមរយៈការងាកមកគោរពបទឈប់បាញ់ថ្ងៃទី២៨ ខែកក្កដា និងគោរពសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពទីក្រុងកូឡាឡាំពួរ ថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២៥ ក្នុងនោះការដោះលែងវីរកងទ័ពខ្មែរទាំង ១៨ នាក់គឺជារឿងចាំបាច់ ដែលថៃមិនអាចបន្តពន្យារពេលទៀតឡើយ។ នេះហើយជាលទ្ធផលនៃយុទ្ធសាស្ត្រស្ងាត់តែមិនស្ងៀមរបស់រដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និយាយជារួម និងជាយុទ្ធសាស្ត្ររបស់លោកហ៊ុន សែន ដើម្បីដាក់សម្ពាធលើថៃឱ្យដោះលែងកងទ័ពខ្មែរទាំង ១៨ នាក់ឱ្យបានឆាប់ ដែលមិនមែនជាការបោះបង់ចោលដូចមនុស្សមួយចំនួនគិតនោះឡើយ៕
ដោយ វង្ស មករា
សាស្ត្រាចារ្យ និងជាអ្នកវិភាគនយោបាយសង្គម





