ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន រៀបចំបង្កើតទីស្នាក់ការនៅកម្ពុជា ដោយបង្ហាញសន្ទុះនៃទំនាក់ទំនងកម្ពុជា-អាមេរិក កាន់តែរឹងមាំ
ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន រៀបចំបង្កើតទីស្នាក់ការនៅកម្ពុជា ដោយបង្ហាញសន្ទុះនៃទំនាក់ទំនងកម្ពុជា-អាមេរិក កាន់តែរឹងមាំ
នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូជាន់ខ្ពស់ នៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ដឹកនាំដោយឯកឧត្តម Ted Osius អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងប្រចាំតំបន់ ខណៈដែលសហរដ្ឋអាមេរិកកំពុងពង្រីកវត្តមានធុរកិច្ចរបស់ខ្លួននៅកម្ពុជា។
ក្នុងជំនួបនេះ ឯកឧត្តម Osius បានលើកឡើងថា នេះគឺជាលើកទីមួយនៅក្នុងប្រវត្តិសាស្ត្ររយៈពេល ៤១ ឆ្នាំរបស់ក្រុមប្រឹក្សា ដែលនឹងមានទីស្នាក់ការដើម្បីប្រតិបត្តិការផ្ទាល់នៅកម្ពុជា ហើយក៏ជាវឌ្ឍនភាពដ៏សំខាន់មួយនៃការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីរវាងប្រទេសទាំងពីរ។
ឯកឧត្តម ហែម វណ្ណឌី បានស្វាគមន៍ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ចំពោះការសម្រេចចិត្តបង្កើតទីស្នាក់ការផ្ទាល់នៅកម្ពុជា ដោយលើកឡើងថា ទំនើបភាវូបនីយកម្មឧស្សាហកម្ម កំណើនដែលជំរុញដោយនវានវុត្តន៍ និងការត្រៀមលក្ខណៈរបស់កម្ពុជា ឆ្ពោះទៅការចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួច ទាមទារភាពជាដៃគូកាន់តែស៊ីជម្រៅជាមួយអ្នកវិនិយោគនៅទូទាំងពិភពលោក។
ឯកឧត្តមបានលើកឡើងថា៖ “រាល់ពេលដែលគណៈប្រតិភូធុរកិច្ចអាមេរិក-អាស៊ាន មកធ្វើទស្សនកិច្ចនៅ កម្ពុជា យើងមានកិច្ចសហប្រតិបត្តិការទ្វេភាគីកាន់តែរឹងមាំ។ យើងមើលឃើញឱកាសដ៏សំខាន់សម្រាប់ ក្រុមហ៊ុនអាមេរិកដែលកំពុងពង្រីកវត្តមានរបស់ខ្លួននៅកម្ពុជា ជាពិសេសក្នុងការអភិវឌ្ឍឧស្សាហកម្ម បច្ចេកវិទ្យា និងការកៀរគរការចូលរួមបន្ថែមពីវិស័យឯកជន។”
កិច្ចប្រជុំបានស្តាប់តំណាងក្រុមហ៊ុនអាមេរិក រួមមានក្រុមហ៊ុន Ford ក្រុមហ៊ុន 3M ក្រុមហ៊ុន Visa ដែលផ្តោតលើគោលនយោបាយយានយន្ត សុវត្ថិភាពឧស្សាហកម្ម ឱកាសសហការផ្នែកបច្ចេកវិទ្យា និងការផ្តល់សេវាហិរញ្ញវត្ថុឌីជីថលសម្រាប់សហគ្រាសធុនតូច និងមធ្យម។ តំណាងស្ថានទូតអាមេរិកក៏បានបង្ហាញការគាំទ្រចំពោះការពង្រីកទំនាក់ទំនងពាណិជ្ជកម្មនេះដែរ។
ឯកឧត្តម ហែម វណ្ណឌី បានអញ្ជើញក្រុមហ៊ុនអាមេរិកឱ្យចូលរួមទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងខែមីនា ឆ្នាំ២០២៦ ដែលបង្ហាញការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះនវានុវត្តន៍ ឧស្សាហូបនីយកម្ម និងភាពជាដៃគូទំនើបជាមួយសហរដ្ឋអាមេរិក ក្នុងការរៀបចំអនាគតសេដ្ឋកិច្ចរបស់ខ្លួន៕













