Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្ដេចតេជោ ហ៊ុន សែន ស្នើតែងតាំងលោក Pierre Tami (សែន សិលា) ជាទីប្រឹក្សាក្នុងនាមសម្ដេចជាប្រធានព្រឹទ្ធសភា

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានជាតិ 1200
សម្ដេចតេជោ ហ៊ុន សែន ស្នើតែងតាំងលោក Pierre Tami (សែន សិលា) ជាទីប្រឹក្សាក្នុងនាមសម្ដេចជាប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន ស្នើតែងតាំងលោក Pierre Tami (សែន សិលា) ជាទីប្រឹក្សាក្នុងនាមសម្ដេចជាប្រធានព្រឹទ្ធសភា

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ បានសម្រេចស្នើតែងតាំងលោក Pierre Tami (សែន សិលា) ជាទីប្រឹក្សា ក្នុងនាមសម្ដេចជាប្រធានព្រឹទ្ធសភា។ ការសម្រេចរបស់សម្ដេចតេជោនេះ ធ្វើឡើងនៅក្នុងជំនួបរវាងសម្ដេចតេជោ និងលោក Pierre Tami។

លោក Pierre Tami គឺជាមិត្ដភក្ដិចាស់របស់សម្ដេចតេជោតាំងពីឆ្នាំ១៩៩៧ មកម្ល៉េះ ហើយឈ្មោះជាភាសាខ្មែររបស់លោកគឺ សែន សិលា ដែលផ្ដល់ដោយសម្តេចតេជោ ក្នុងពេលដែលសម្ដេចមានតួនាទីជានាយករដ្ឋមន្ត្រី។

នៅក្នុងជំនួបនេះដែរ លោក សែន សិលា បានគោរពអបអរសាទរចំពោះសម្តេចតេជោ ដែលត្រូវបានជាប់ឆ្នោតជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។ បន្ថែមពីលើនេះ លោកសិលា ក៏បានរំលឹកពីពេលវេលាដែលលោកនិង កូនស្រី បានជួបសម្តេចតេជោ ដំបូងនៅឆ្នាំ១៩៩៧ នៅក្រុងកំពង់សោម ដោយលោកបានលើកឡើងថា ប្រវត្តិសាស្ត្រកម្ពុជាបានកត់ត្រាយ៉ាងច្បាស់នូវភាពជោគជ័យរបស់សម្តេចតេជោ ក្នុងការកសាងកម្ពុជា ចាប់តាំងទសវត្ស៨០មក ឱ្យទទួលបាននូវសន្តិភាពពេញលេញ និងកំពុងស្ថិតនៅក្នុងសករាជថ្មីនៃការអភិវឌ្ឍកាន់តែរីកចម្រើនឥតឈប់ឈរ។

លោក សែន សិលា បានគោរពអរគុណសម្តេចតេជោ ដែលបានអនុញ្ញាតឱ្យរូបលោកបានបម្រើការងារជូនសម្តេចនិងប្រទេសកម្ពុជា ជាពិសេសបានជួយកុមារកម្ពុជា ដោយបានកៀរគរអ្នកវិនិយោគមកកម្ពុជា ក៏ដូចជាបានអមដំណើរគណៈប្រតិភូកម្ពុជាទៅដាវ៉ូស ប្រទេសស្វីសជាច្រើនលើក និងបានបង្ហាញអារម្មណ៍រីករាយដែលបានធ្វើការជាមួយថ្នាក់ដឹកនាំវ័យក្មេង ដូចជា ឯកឧត្ដម ហ៊ុន មានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។

លោក សែន សិលា សំឡឹងឃើញថា សេដ្ឋកិច្ចរបស់កម្ពុជា ជាសេដ្ឋកិច្ចដែលផ្អែកលើជំនាញ ដែលនឹងអនុញ្ញាតឱ្យប្រទេសនេះឈានទៅសម្រេចគោលដៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ ទោះបីជាពេលនេះ មានការផ្ទេរការដឹកនាំទៅអ្នកជំនាន់ថ្មីក៏ដោយ ក៏វត្តមានរបស់សម្តេចតេជោជាប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅតែមានសារៈសំខាន់សម្រាប់ការអភិឌ្ឍប្រទេសកម្ពុជាដដែល។

ជាកិច្ចឆ្លើយតប សម្តេចតេជោបានអរគុណលោក សិលា ដែលបានរំលឹកអំពីអតីតកាលនៃការជួបជាមួយលោកនិងកូនស្រីកាលពីឆ្នាំ១៩៩៧ នៅកំពង់សោម។ សម្ដេចបានបន្តថា យើងបានសន្តិភាពនិងស្ថិរភាពជាង ២៥ឆ្នាំហើយ គិតចាប់ពីឆ្នាំ១៩៩៨ មក។ កាលពី៨ខែមុន សម្តេចតេជោ បានសម្រេចចិត្តផ្ទេរការដឹកនាំទៅអ្នកជំនាន់ថ្មី ហើយជាលទ្ធផល មរតកនៃសន្តិភាពនៅតែមានបន្ត ហើយកំណើនសេដ្ឋកិច្ចក៏នៅតែមានបន្តផងដែរ។ គណៈរដ្ឋមន្ត្រីថ្មី ធ្វើការបានយ៉ាងល្អ ដោយរក្សាបាននូវស្ថិរភាព និងកំពុងបន្តជំរុញការអភិវឌ្ឍជាបន្តបន្ទាប់។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កាលពីឆ្នាំ១៩៨៧ សម្តេចបានកំណត់អទិភាព៤ គឺ «ទឹក ផ្លូវ ភ្លើង មនុស្ស» បន្ទាប់មក កាលពីជាង១០ឆ្នាំមុននេះ សម្តេចតេជោ ក៏បានប្ដូរដាក់ មនុស្ស មកជាអាទិភាពទី១ វិញ។ បន្ទាប់មករាជរដ្ឋាភិបាលថ្មី បានដាក់មុំទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ ជាមុំ បច្ចេកវិទ្យា និងបានដាក់គោលនយោបាយបណ្តុះបណ្តាលវិជ្ជាជីវៈយុវជនចំនួន ១,៥ លាននាក់ ព្រោះសេដ្ឋកិច្ចកម្ពុជា គឺផ្អែកលើចំណេះដឹង និងជំនាញ។

ជាទីបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានអរគុណ លោក សែន សិលា ដែលបានជួយបណ្តុះបណ្តាលជំនាញខាងបដិសណ្ឋាកិច្ចកន្លងមក និងបានលើកទឹកចិត្តឱ្យបន្តការបណ្ដុះបណ្ដាលបែបនេះបន្ថែមទៀត៕

អត្ថបទទាក់ទង