Khmer First Close

ក្រសួងវប្បធម៌ កំពុងបណ្តុះបណ្តាលលើជំនាញវិជ្ជាជីវៈមរតកដូនតា លើ៨ជំនាញ និង១១ទីតាំង

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានជាតិ 1129
ក្រសួងវប្បធម៌ កំពុងបណ្តុះបណ្តាលលើជំនាញវិជ្ជាជីវៈមរតកដូនតា លើ៨ជំនាញ និង១១ទីតាំង ក្រសួងវប្បធម៌ កំពុងបណ្តុះបណ្តាលលើជំនាញវិជ្ជាជីវៈមរតកដូនតា លើ៨ជំនាញ និង១១ទីតាំង

លោកស្រី ជ័យ ច័ន្ទកិត្យា បានបន្តថា បច្ចុប្បន្នក្នុងដំណាក់កាលដំបូង នៃវគ្គទី១ ដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានរៀបចំឡើងកាលពីដើមកុម្ភៈ ឆ្នាំ២០២៤មកនេះ បានកំណត់និងជ្រើសរើសយុវជនមកពីគ្រួសារក្រីក្រសរុបចំនួន៣០០នាក់ ដើម្បីចូលមកសិក្សាលើជំនាញវិជ្ជាជីវៈមរតកដូនតា ហើយក្នុងមួយថ្នាក់ មិនឲ្យលើសពី១៥នាក់នោះទេ ដោយសិក្សាមានរយៈពេល១២ខែ សម្រាប់ជំនាញវិជ្ជាជីវៈមរតកដូនតា គឺយើងកំពុងដំណើរការបណ្តុះបណ្តាល ចំនួន១១ទីតាំង និង១៣ថ្នាក់ នៅខេត្តទាំង៦។ ទន្ទឹមនឹងនោះក្រសួង ក៏កំពុងបន្តទទួលយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ដើម្បីមកចាប់យកជំនាញវិជ្ជាជីវៈមរតកដូនតាបន្ថែមទៀតផងដែរ។ ហើយជំនាញវិជ្ជាជីវៈដូនតា គឺជាជំនាញមួយដែលមានលក្ខណៈពិសេសខុសពីជំនាញដទៃទៀត និងជាលើកទី១ ដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំនូវកម្មវិធីបែបនេះឡើង។ ជំនាញនេះពឹងផ្អែកទាំងស្រុង ទៅលើគ្រូ(មានឆន្ទះផ្ទេរនៅចំណេះដឹង ដែលជាចំណេះជំនាញផ្ទាល់របស់គាត់) និងសិស្ស(ត្រូវមានឆន្ទះក្នុងការសិក្សា និងមានទេពកោសល្យខ្លះក្នុងការទទួលយកនូវជំនាញមរតកដូនតាដែលបុព្វបុរសយើងបានបន្សល់ទុក)។ ការសិក្សារៀនសូត្រនេះមិនត្រឹមតែជាការបន្តវេណនោះទេ អ្វីដែលសំខាន់នោះ គឺសិស្សអាចយកវិជ្ជាជីវៈដែលបានសិក្សារៀនសូត្រ យកទៅប្រកបរបរចិញ្ចឹមជីវិត ដើម្បីរកប្រាក់ចំណូលជូនដល់ក្រុមគ្រួសារបន្ថែមទៀតផង។

លោកស្រី ជ័យ ច័ន្ទកិត្យា អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ …ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា ដែលរៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមជម្រាបដែរថា វគ្គនេះបានចាប់ផ្តើមតាំងពីដើមខែកុម្ភះ ឆ្នាំ២០២៤ មកដល់ពេលនេះគឺជាខែទី៣ នៃការបណ្តុះបណ្តាល ចំពោះខេត្តដែលមានទីតាំងបណ្តុះបណ្តាល គឺមានចំនួន៦ខេត្ត រួមមាន៖ ខេត្តកណ្តាល តាកែវ កំពង់ចាម កំពង់ឆ្នាំង សៀមរាប និងរតនគីរី។ ចំពោះទីតាំងបណ្តុះបណ្តាល មានចំនួន១១ទីតាំង ហើយជំនាញដែលកំពុងតែបណ្តុះបណ្តាល មាន៨ជំនាញ ដូចជា៖ ខ្មុកស្មាច់, ចម្លាក់ប្រាក់/ស្ពាន់, តំម្បាញក្រមាត្រុំ, ស្មូនឆ្នាំង, តម្បាញសូត្រ, ចម្លាក់ស្បែក, ចម្លាក់ថ្ម និងចម្លាក់ស្មិត។ សរុបថ្នាក់ទាំងអស់មានចំនួន១៣ថ្នាក់ ហើយវគ្គសិក្សារបស់យើង មានចែកចេញជា២វគ្គ គឺវគ្គទី១ រៀនពីថ្ងៃចន្ទ រហូតដល់ថ្ងៃស្រុក និងវគ្គទី២ រៀនពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ ចំពោះសិស្សដែលយើងមានមកដល់សព្វថ្ងៃនេះ ចំនួន១៨៤នាក់ ដែលក្នុងវគ្គ ពីថ្ងៃចន្ទ ដល់ថ្ងៃស្រុក រៀនមួយថ្ងៃ៨ម៉ោង មាន៧៥នាក់ រីឯថ្នាក់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ មាន៨ថ្នាក់ និងសិស្សចំនួន១០៩នាក់ ។

សូមរំលឹកថា៖ នៅដើមខែកុម្ភះ ឆ្នាំ២០២៤នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កំពុងដំណើរការសកម្មភាពកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈមរតកដូនតា ដែលមានចំនួន១៣ទីតាំង ក្នុងរាជធានី-ខេត្តទាំង៨ ដូចជា៖ ភ្នំពេញ ខេត្តកណ្តាល កំពង់ចាម កំពង់ឆ្នាំង កំពង់ស្ពឺ តាកែវ សៀមរាប និងរតនគីរី។ រៀនដោយមិនបង់ថ្លៃលើ១១ជំនាញ៖ ខ្មុកស្មាច់, ចម្លាក់ប្រាក់/ស្ពាន់, តំម្បាញក្រមាត្រុំ, ស្មូនឆ្នាំង, ផលិតឧបករណ៍ភ្លេង, តម្បាញសូត្រ, ចម្លាក់ស្បែក, ចម្លាក់ថ្ម, ចម្លាក់ស្មិត, គំនូរពណ៌ និងគំនូរបុរាណ។ ចំពោះសិស្សមកពីគ្រួសារក្រីក្រ (មានបណ្ណ) និងគ្រួសារងាយរងហានិភ័យ (មានបណ្ណ) នឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន ២៨ម៉ឺនរៀល ក្នុងមួយខែ តែត្រូវបំពេញលក្ខខណ្ឌសិក្សាឲ្យបានត្រឹមត្រូវ។ ហើយការបណ្តុះបណ្តាលវិជ្ជាជីវៈមរតកដូនតានេះ គឺជាកម្មវិធីអាទិភាពទាំង៦ចំណុច របស់រាជរដ្ឋាភិបាល បានផ្តល់អាទិភាពមកក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈមរតកដូនតា ដែលក្នុងកម្មវិធីនេះ រាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យ២% ទៅ៤% នៃចំនួន១លាន៥សែននាក់។

សូមបញ្ជាក់ផងដែរថា៖ ទិសដៅការងារឆ្នាំ២០២៤ របស់អគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ ចង់ឲ្យ មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ទទួលស្គាល់ភាពសម្បូណ៌បែប និងឧត្តមភាពមរតកវប្បធម៌អរូបី និងឧស្សាហកម្មវប្បធម៌ និងច្នៃប្រតិដ្ឋកម្ពុជា។ អគ្គនាយកដ្ឋានបច្ចេកទេស នឹងបន្តការងារយុទ្ធសាស្រ្តអាទិភាព ដោយបន្តអភិរក្សមរតកវប្បធម៌អរូបី បន្តអភិវឌ្ឍសិល្បៈវប្បធម៌ (ឧស្សាហកម្មវប្បធម៌ និងច្នៃប្រតិដ្ឋបង្កើតថ្មី) និងបន្តលើកស្ទួយតម្លៃសិល្បៈ និងមរតកវប្បធម៌អរូបី៕

ប្រភពព័ត៌មាន ៖ BTV News