ថៃមានចេតនាមិនចង់ឲ្យកម្ពុជា, រដ្ឋមន្ដ្រីក្រសួងវប្បធម៌កម្ពុជា ផ្ញើលិខិតរំលឹករដ្ឋមន្ដ្រីក្រសួងវប្បធម៌ថៃ លោកស្រី ផែថងថាន ឲ្យគោរពកិច្ចសន្យាផ្ដល់វត្ថុបុរាណខ្មែរ២០ដុំ ត្រឡប់មកកម្ពុជាវិញ

(ភ្នំពេញ)៖ រដ្ឋាភិបាលថៃ មានចេតនាមិនចង់ឲ្យវត្ថុបុរាណរបស់ខ្មែរវិលត្រឡប់មកប្រទេសដើមវិញ និងប្រើលេសអូសបន្លាយពេលវេលា ទើបលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានផ្ញើលិខិតផ្លូវការរំលឹកទៅលោកស្រី ផែថងថាន ស៉ីណាវ៉ាត្រ រដ្ឋមន្ដ្រីក្រសួងវប្បធម៌ថៃ ឲ្យគោរពកិច្ចសន្យាប្រគល់វត្ថុបុរាណខ្មែរ ចំនួន២០ដុំ ត្រឡប់មកប្រទេសកម្ពុជាវិញ។
ក្នុងលិខិតបែកធ្លាយដែលបង្ហោះនៅលើ Facebook ឈ្មោះ The Troll ASEAN នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥នេះ រដ្ឋមន្ដ្រីក្រសួងវប្បធម៌កម្ពុជា បានអះអាងថា នៅក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់លោកស្រី ផែថងថាន ក្នុងនាមជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ (កម្ពុជា-ថៃ) បានប្រកាសរួមគ្នាឯកភាពលើការប្រគល់វត្ថុបុរាណខ្មែរទាំង២០ដុំ ដែលជាមរតកដ៏ថ្លៃថ្លារបស់ប្រជាជនខ្មែរ មកកម្ពុជាវិញ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា បានធ្វើការកត់សម្គាល់ដោយយកចិត្តទុកដាក់ខ្ពស់លើ ការលើកឡើងរបស់លោកជំទាវ កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ អំពីការផ្អាកបញ្ចូនវត្ថុបុរាណខ្មែរទាំង២០ដុំ ដោយយោងលើហេតុផលនៃការខ្វះថវិកាដឹកជញ្ជូន ដែលនេះជាហេតុផលមួយមិនសមស្រប និងមិនអាចទទួលយកបាននោះឡើយ។
ក្រសួងបានបញ្ជាក់ទៀតថា កាលបរិច្ឆេទប្រគល់-ទទួលផ្លូវការ និងនីតិវិធីនានា ត្រូវបានក្រុមការងារបច្ចេកទេស នៃក្រសួងទាំងពីរ ឯកភាពរួចហើយ ដោយការរៀបចំពិធីប្រគល់-ទទូល នឹងធ្វើនៅទីក្រុងបាងកក ខែកក្កដា ឆ្នាំ២០២៥នេះ ហើយការដឹកជញ្ជូនពីប្រទេសថៃមកប្រទេសកម្ពុជា នឹងចាប់ផ្តើមនៅខែសីហា ឆ្នាំ២០២៥នេះ ដោយរាល់ចំណាយនៃការដឹក ជញ្ជូនជាបន្ទុករបស់កម្ពុជា ដែលពុំពាក់ព័ន្ធនឹងបន្ទុកថវិកាណាមួយរបស់ក្រសួងវប្បធម៌នៃព្រះរាជាណាចក្រថៃឡើយ។
ក្នុងន័យនេះ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា បានស្នើសុំឲ្យក្រសួងវប្បធម៌ថៃ អនុវត្តទៅតាមកិច្ចព្រមព្រៀងនិងពេលវេលា ដែលបានកំណត់ចៀសវាងការអូសបន្លាយពេលវេលា តទៅមុខទៀត។ ភាគីកម្ពុជា នឹងទទួលរ៉ាប់រងទាំងស្រុងនូវរាល់ការ ចំណាយពាក់ព័ន្ធនឹងការដឹកជញ្ចូននេះមកវិញ៕