ក្រសួងទេសចរណ៍បានធ្វើពិធីបួងសួងសុំសេចក្ដីសុខ នៃព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ទេសចរណ៍ និង ព្រឹត្តិការណ៍សម្ដែងគុណល្បុក្កតោ និងសាវលីង” នៅប្រាសាទបាយ័ន

នៅព្រឹកថ្ងៃទី២៣ ខែមេសាឆ្នាំ២០២៤នេះ ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្ដសៀមរាប បានធ្វើពិធីបួងសួងសុំសេចក្ដីសុខ ដើម្បីរៀបចំព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ទេសចរណ៍ និងព្រឹត្តិការណ៍សម្ដែងគុណល្បុក្កតោ និងសាវលីង” ដែលពិធីនេះ ក្រោមអធិបតីភាពឯកឧត្តម ប្រាក់ ផាន់ណារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ ស្ថិតនៅប្រាសាទបាយ័ន ។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ បានបង្ហាញថា ដើម្បីបន្តជំរុញការអនុវត្ត “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ២០២៤” ក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា សហការជាមួយរដ្ឋបាលប្រជាជនខេត្តហឺណាន និងរដ្ឋបាលខេត្តសៀមរាប រៀបចំ“ព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ទេសចរណ៍ និងព្រឹត្តិការណ៍ When Shaolin Meets Bokator At Angkor” នៅបរិវេណខាងជើងប្រាសាទបាយ័ន ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ៧:៣០នាទីព្រឹក ក្នុងគោលបំណងផ្សព្វផ្សាយគោលដៅទេសចរណ៍រួមគ្នារវាងខេត្តហឺណាន និងខេត្តសៀមរាប រួមជាមួយការសម្តែង រួមគ្នារវាងក្បាច់គុនសៅលីញ និងក្បាច់គុនល្បុកត្តោ។ ព្រឹត្តិការណ៍នេះនឹងមានការចូលរួមពីថ្នាក់ដឹកនាំកម្ពុជា-ចិន សមាគមទេសចរណ៍ អ្នកសារព័ត៌មាន និងស្ថាប័នពាក់ព័ន្ធសរុបជាង ៥០០នាក់។សេចក្ដីជូនដំណឹង បានស្នើរឱ្យស្ថាប័នពាក់ព័ន្ធ សមាគមទេសចរណ៍ ផ្នែកឯកជន ស្ថាប័នពាក់ព័ន្ធ អ្នកសារព័ត៌មាន ភ្ញៀវជាតិ-អន្តរជាតិ និងសាធារណជន មេត្តាជ្រាប ចូលរួមទស្សនាដោយសេរី និងផ្សព្វផ្សាយឱ្យបានទូលំទូលាយ តាមគ្រប់មធ្យោបាយ និងគ្រប់រូបភាព សំដៅទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរ និងវិនិយោគិនចិនឱ្យមកទស្សនា និងវិនិយោគនៅកម្ពុជា កាន់តែច្រើនថែមទៀត ក៏ដូចជាចូលរួមអបអរសាទរដល់ការអនុវត្តយុទ្ធនាការ“ទស្សនាសៀមរាប ឆ្នាំ២០២៤” និង “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤៕
ប្រភពព័ត៌មាន ៖ BTV News