សម្ដេចតេជោ ហ៊ុន សែន ជឿជាក់ថាគោលដៅ ១ពាន់លានដុល្លារអាម៉េរិក នៃការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ (កម្ពុជា-តួកគី) នឹងអាចសម្រេចបាននាពេលខាងមុខ
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍សម្ដែងនូវការជឿជាក់ថាគោលដៅ ១ពាន់លានដុល្លារអាម៉េរិក នៃការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ (កម្ពុជា-តួកគី) នឹងអាចសម្រេចបាននាពេលខាងមុខ។ នេះបើតាមការឱ្យដឹង បន្ទាប់ពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ ÜLKÜ KOCAEFE ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋតួកគី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និង ពិភាក្សាការងារ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា។
លោកជំទាវឯកគ្គរដ្ឋទូតតួកគី បានសម្ដែងនូវក្តីរីករាយ ដោយចាត់ទុកថានេះជាកិត្តិយសណាស់ ដែលសម្ដេចផ្តល់ការអនុញ្ញាតឱ្យលោកជំទាវបានជួបសម្ដែងការគួរសមនៅពេលនេះ។ លោកជំទាវ ក៏បានសម្តែងនូវការចូលរួមរំលែកទុក្ខចំពោះឧបទ្ទវហេតុ ដែលបានកើតឡើងកាលពីចុងសប្តាហ៍ថ្មីៗនេះ ដែលធ្វើឱ្យមានការបាត់បង់ជីវិតយោធិនរបស់កម្ពុជាមួយចំនួន ហើយ លោកជំទាវបានបន់ស្រន់ឱ្យអ្នកដែលរករបួសឆាប់បានជាសះស្បើយផងដែរ។ ឆ្លៀតនៅក្នុងឱកាសនេះ លោកជំទាវក៏បានអបអរសាទរចំពោះសម្ដេចតេជោ ដែលត្រូវបានជាប់ឆ្នោតជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងបានជូនពរសម្ដេចតេជោ និងសមាជិកព្រឹទ្ធសភាទាំងអស់ ឱ្យទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់។ លោកជំទាវក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីឯកឧត្តមប្រធានសភាតួកគីផងដែរ ជូនចំពោះសម្ដេចតេជោ។ លោកជំទាវបានសម្ដែងនូវក្តីរីករាយ និងមានមោទនភាព ដោយឃើញទំនាក់ទំនងរវាងកម្ពុជា និងទួកគី មានការរីកចម្រើនជាលំដាប់ ក្នុងនោះមានការបើកការិយាល័យពាណិជ្ជកម្ម ថ្វីត្បិតតែទំហំពាណិជ្ជកម្មមានទំហំតូច ក៏ប៉ុន្តែប្រទេសទាំងពីរបានឯកភាពគ្នា ក្នុងការជំរុញទំហំពាណិជ្ជកម្មនេះ ឲ្យកើនដល់១ពាន់លានដុល្លារផងដែរនាពេលខាងមុខ ទំនាក់ទំនងកាន់តែច្រើនឡើងរវាងប្រជាជននិងប្រជាជន។
ជាការឆ្លើយតប សម្ដេចតេជោប្រធានព្រឹទ្ធសភា បានអរគុណចំពោះលោកជំទាវ ដែលបានចូលរួមរំលែកទុក្ខចំពោះឧបទ្ទវហេតុ កើតឡើងកាលពីចុងសប្តាហ៍នេះ ដែលបណ្តាលធ្វើឱ្យយោធិនកម្ពុជាចំនួន២០រូប បានស្លាប់បាត់បង់ជីវិត និងមួយចំនួនទៀតទទួលរងរបួស។ សម្ដេចតេជោ ក៏បានអរគុណលោកជំទាវដែលបានអបអរសាទរចំពោះសម្ដេច ដែលបានក្លាយជាប្រធានព្រឹទ្ធសភានាពេលនេះ អរគុណផងដែរចំពោះឯកឧត្តមប្រធានសភាតួកគី ដែលបានផ្ញើសារអបអរសាទរ ហើយសម្ដេចនៅចាំបានថា ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចនៅប្រទេសតួកគី ពេលដែលជួបគ្នាកាលពីអំឡុងខែសីហា ឆ្នាំ២០១៨ ឯកឧត្តមស្ថិតនៅក្នុងតំណែងជានាយករដ្ឋមន្ត្រី សម្ដេចក៏បានជួបជាមួយឯកឧត្តមប្រធានសភាតួកគីផងដែរ។ នៅក្នុងជំនួបនេះដែរសម្ដេចតេជោ ក៏បានរៀបរាប់ប្រាប់លោកជំទាវទូតពីគោលបំណងដែលសម្ដេចសម្រេចធ្វើការផ្លាស់ប្ដូរ និងផ្ទេរអំណាចទៅដល់ថ្នាក់ដឹកនាំជំនាន់ក្រោយ ដែលជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ហើយជាការសម្រេចចិត្តរបស់ប្រជាជនកម្ពុជា ដែលទុកចិត្តលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។
ឆ្នាំនេះគឺជាខួបលើកទី៦៥នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដូច្នេះសម្ដេចបានមានប្រសាសន៍ថា ស្ថាប័នទាំងពីរគួរតែមានកម្មវិធីឱ្យច្រើនដើម្បីរម្លឹកខួបទំនាក់ទំនងនេះ។ ទាក់ទងទៅនឹងការហោះហើរត្រង់ពីតួកគីមកកម្ពុជា សម្ដេចតេជោបានមានប្រសាសន៍ថា វានឹងអាចធ្វើឱ្យទេសចរណ៍ពីប្រទេសជិតខាងតួកគី យកប្រទេសទួគីជាកន្លែងចាប់ផ្ដើមធ្វើដំណើរមកកាន់ប្រទេសកម្ពុជាកម្ពុជាផងដែរ។
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានស្នើអញ្ជើញប្រធានសភាតួកគី មកចូលរួមវេទិកាអន្តរសភាដើម្បីការអត់ឱន និង សន្តិភាព និងមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិគណបក្សនយោបាយអាស៊ី (ICAPP) ដែលកម្ពុជា នឹងត្រូវធ្វើជាម្ចាស់ផ្ទះក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខ។ សម្ដេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញធ្វើជាធិបតី និង ដឹកនាំកិច្ចប្រជុំនៃមហាសន្និបាតនេះ ហើយសម្ដេចតេជោ នឹងត្រូវបានអញ្ជើញធ្វើជាប្រធានកិត្តិយស នៅក្នុងកិច្ចប្រជុំនោះផងដែរ។ ក្នុងជំនួបនេះដែរ សម្ដេចតេជោប្រធានព្រឹទ្ធសភា និងលោកជំទាវឯកគ្គរដ្ឋទូតតួកគីប្រចាំនៅកម្ពុជា ក៏បានពិគ្រោះពិភាក្សាគ្នាផងដែរ ទៅលើបញ្ហាតំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា ជាពិសេស សភាពការណ៍នៃសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន និងសភាពការណ៍នៅមជ្ឈិមបូព៌ា៕
ប្រភព ៖ AKP