សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការចាត់វិធានការច្បាប់ចំពោះលោក ស៊ុន ចន្ធី ដោយសារការមួលបង្កាច់បំភ្លៃការពិតចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាល
ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាព ជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥» នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការឃាត់ខ្លួនលោក ស៊ុន ចន្ធី ដោយសារតែលោកបានផ្សាយព័ត៌មានមិនពិត ក្នុងគោលបំណងកេងចំណេញនយោបាយរបស់ខ្លួន ដោយបានចោទមួលបង្កាច់ថា រាជរដ្ឋាភិបាលបានដាក់គោលនយោបាយរើសអើងចំពោះប្រជាពលរដ្ឋ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការចោទបំភ្លៃរបស់លោក ស៊ុន ចន្ធី បែបនេះ បានធ្វើឱ្យប្រជាពលរដ្ឋបាត់បង់ជំនឿលើការដឹកនាំរបស់រាជរដ្ឋាភិបាល បង្កភាពវឹកវរនៅក្នុងសង្គម តាមរយៈការមួលបង្កាច់លើគោលនយោបាយរបស់រាជរដ្ឋាភិបាល។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ដែរថា ការចាត់វិធានការច្បាប់ទៅលើបុគ្គលណាម្នាក់ គឺដោយសារតែបុគ្គលនោះបានប្រព្រឹត្តហួសពីព្រំដែននៃច្បាប់ ហើយសម្តេចក៏បានស្នើទៅមិត្តបរទេសមួយចំនួន កុំឱ្យគាំទ្របុគ្គលមួយចំនួនដែលប្រព្រឹត្តខុសច្បាប់ និងត្រូវមើលឱ្យឃើញថា តើបុគ្គលនោះបានប្រព្រឹត្តកំហុសអ្វី ទើបឈានទៅដល់ការអនុវត្តច្បាប់បែបនេះ៕