Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

ប្រធានាធិបតីសិង្ហបុរី បង្ហាញនូវសុទិដ្ឋិនិយមថា សក្ដានុពលនៃធនធានមនុស្សវ័យក្មេងរបស់កម្ពុជាគឺ ជាកម្លាំងចលករនៃការការជំរុញការអភិវឌ្ឍរបស់កម្ពុជាលើគ្រប់វិស័យ

ដោយ៖ Yeung Sreypoch ​​ | ថ្ងៃពុធ ទី១៩ ខែមិថុនា ឆ្នាំ២០២៤ ព័ត៌មានជាតិ 6683
ប្រធានាធិបតីសិង្ហបុរី បង្ហាញនូវសុទិដ្ឋិនិយមថា សក្ដានុពលនៃធនធានមនុស្សវ័យក្មេងរបស់កម្ពុជាគឺ ជាកម្លាំងចលករនៃការការជំរុញការអភិវឌ្ឍរបស់កម្ពុជាលើគ្រប់វិស័យ ប្រធានាធិបតីសិង្ហបុរី បង្ហាញនូវសុទិដ្ឋិនិយមថា សក្ដានុពលនៃធនធានមនុស្សវ័យក្មេងរបស់កម្ពុជាគឺ ជាកម្លាំងចលករនៃការការជំរុញការអភិវឌ្ឍរបស់កម្ពុជាលើគ្រប់វិស័យ

នាល្ងាច ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តម Tharman Shanmugaratnam ប្រធានាធិបតី នៃសាធារណរដ្ឋសិង្ហបុរី ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសិង្ហបុរី ពីថ្ងៃទី១៨-១៩ ខែមិថុនា ឆ្នាំ២០២៤។

ក្នុងជំនួបនេះ ឯកឧត្តមប្រធានាធិបតី បានសម្ដែងនូវកិច្ចស្វាគមន៍ចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតីលើកដំបូងក្នុងនាមជានាយករដ្ឋមន្រ្តី មកកាន់សាធារណរដ្ឋសិង្ហបុរី បន្ទាប់ពីសម្ដេចធិបតីបានចូលរួមក្នុងកម្មវិធីពិសេសសម្រាប់ថ្នាក់ដឹកនាំជាន់ខ្ពស់កាលពីឆ្នាំ២០១៨។ ជាមួយគ្នានេះ ឯកឧត្តមប្រធានាធិបតី បានសម្ដែងនូវការវាយតម្លៃខ្ពស់លើទំនាក់ទំនងដ៏ល្អរវាងសិង្ហបុរី-កម្ពុជាលើគ្រប់វិស័យ ដែលរួមមាន៖ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការពារជាតិ បណ្ដុះបណ្ដាល និងការអភិវឌ្ឍធនធានមនុស្ស។ ឯកឧត្តមសង្ឃឹមថា ប្រទេសទាំងពីរនឹងធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ ហើយឈានទៅរកកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរសម្រាប់ប្រជាជាតិទាំងពីរ។ បន្ថែមលើនេះ ឯកឧត្តមប្រធានាធិបតីបានបង្ហាញនូវសុទិដ្ឋិនិយមថា សក្ដានុពលនៃធនធានមនុស្សវ័យក្មេង និងវឌ្ឍនភាពរីកចម្រើននៃការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនៅកម្ពុជា នឹងជាកម្លាំងចលករនៃការទាក់ទាញការវិនិយោគ និងការជំរុញការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសលើវិស័យថាមពល ឧស្សាហកម្ម កម្មន្តសាល និងវិស័យសក្ដានុពលផ្សេងៗទៀត។

ជាការឆ្លើយតប សម្ដេចធិបតី បានថ្លែងអំណរគុណចំពោះកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ឯកឧត្តមប្រធានាធិបតី រដ្ឋាភិបាល និងប្រជាជនសិង្ហបុរី ហើយសម្តេចធិបតី ក៏បានគូសបញ្ជាក់ថា ប្រទេសទាំងពីរនឹងមានកិច្ចសហប្រតិបត្តិការកាន់តែច្រើន ជាពិសេស នៅក្នុងឆ្នាំ២០២៥ ប្រទេសទាំងពីរនឹងរៀបចំខួបលើកទី៦០ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-សិង្ហបុរី ហើយប្រទេសទាំងពីរនឹងស្វែងរកនូវកិច្ចសហប្រតិបត្តិការ ស្តីពីការអភិវឌ្ឍលើគ្រប់ទំនាក់ទំនង ដូចជា ទំនាក់ទំនងធុរកិច្ច វិស័យឯកជន រដ្ឋាភិបាល និងសន្តិសុខ និងទិដ្ឋភាពលើវិស័យផ្សេងទៀត។

សម្តេចធិបតី និងឯកឧត្តមប្រធានាធិបតី ក៏បានពិភាក្សាអំពីយន្តការ និងក្របខណ្ឌគោលនយោបាយនានាសម្រាប់កិច្ចការពារដល់បរិស្ថាន ជាពិសេសការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ដើម្បីធានាបាននូវភាពធន់របស់សេដ្ឋកិច្ចនៃប្រទេសទាំងពីរ ដោយផ្តោតលើការពង្រីកការប្រើប្រាស់ថាមពលកកើតឡើងវិញ ដែលអាចឈានដល់ការសម្រេចបាននូវបណ្តាញអគ្គិសនីអាស៊ាន (ASEAN Power Grid)។ ក្នុងយន្តការនៃកិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគ និងពាណិជ្ជកម្ម សម្តេចធិបតី បានគូសបញ្ជាក់ថា ប្រទេសទាំងពីរនឹងខិតខំពង្រឹកបន្ថែមនូវទំហំវិនិយោគ និងពាណិជ្ជកម្ម ក៏ដូចជាការជំរុញវិស័យទេសចរណ៍ឱ្យកាន់តែមានភាពល្អប្រសើរ។ ក្រៅពីនេះ ប្រទេសទាំងពីរនឹងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យ ហិរញ្ញវត្ថុ និងធនាគារ និងបច្ចេកវិទ្យា។ សម្តេចធិបតី និងឯកឧត្តមប្រធានាធិបតីក៏បានឯកភាពគ្នាលើកទឹកចិត្តដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធនៃរដ្ឋាភិបាលទាំងពីរក្នុងការបន្តកិច្ចពិភាក្សាគ្នា ដើម្បីកំណត់ជាក់លាក់លើកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ពាណិជ្ជកម្ម វិនិយោគ និងវិស័យផ្សេងៗផងដែរ។

មុននឹងបញ្ចប់ សម្តេចធិបតី និងឯកឧត្តមប្រធានាធិបតី មានសុទិដ្ឋិនិយមថា នឹងបន្តមានការអភិវឌ្ឍកាន់តែល្អប្រសើរថែមទៀត ហើយទំនាក់ទំនងនេះនឹងជាកត្តាកំណត់សម្រាប់កិច្ចសហប្រតិបត្តិការ និងការទទួលបាននូវវិបុលភាពនៅពេលអនាគតរវាងប្រទេសទាំងពីរ។

អត្ថបទទាក់ទង