Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាជាមួយ ឯកឧត្តម Numan Kurtulmuş ប្រធានរដ្ឋសភា តួកគីយេ

ដោយ៖ Yeung Sreypoch ​​ | ថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ២០២៤ ព័ត៌មានជាតិ 140
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាជាមួយ ឯកឧត្តម Numan Kurtulmuş ប្រធានរដ្ឋសភា តួកគីយេ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាជាមួយ ឯកឧត្តម Numan Kurtulmuş ប្រធានរដ្ឋសភា តួកគីយេ

នៅព្រឹក ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាជាមួយ ឯកឧត្តម Numan Kurtulmuş ប្រធានរដ្ឋសភា តួកគីយេ នៅវិមានរដ្ឋសភា រដ្ឋធានីអង់ការ៉ា។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម ប្រធានសភា បានសម្តែងក្តីរីករាយ និងស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ សម្ដេចតេជោ និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅតួកគីយេ។ ឯកឧត្តម បានចាត់ទុក សម្តេចតេជោ គឺជាឥស្សរជននយោបាយដ៏សំខាន់បំផុត និងស្ថាបនិកនៃកម្ពុជាទំនើបបច្ចុប្បន្ន ហើយ បានគូសបញ្ជាក់ថា ទស្សនកិច្ចរបស់សម្តេចតេជោ មានសារៈសំខាន់ពិសេស ខណៈពេលដែលប្រទេសយើងទាំងពីរ ប្រារព្ធខួបលើកទី៦៥នៃទំនាក់ទំនងកាទូត។
ឯកឧត្តម បានបន្តថា សកលលោក កំពុងចូលក្នុងយុគសម័យថ្មី ដែលគេសំគាល់ថាមានការផ្លាស់ប្តូរលឿន និងបង្កើតតុល្យភាពថ្មី។ ក្នុងបរិបទ នេះ តួកគីយេ ផ្តល់សារៈសំខាន់ពិសេស ដល់ទ្វីបអាស៊ី ដែលក្នុងនោះ មានកម្ពុជាផងដែរ។ ជាមួយគ្នានេះដែរ ឯកឧត្តមប្រធានសភា បានលើកឡើងថា តួកគីយេនឹងបន្តកសាងស្ពានសហប្រតិបត្តិការថ្មីៗទៀតជាមួយកម្ពុជា។ តួកគីយេបានបើកមជ្ឈមណ្ឌលវប្បធម៌នៅទីក្រុងភ្នំពេញ ហើយ ដោយសហការជាមួយទីភ្នាក់ងារជំនួយអភិវឌ្ឍន៍តួកគីយេ (TIKA) បានចុះហត្ថលេខាខាងវិស័យអប់រំ សិក្សាធិការ។ ជាក់ស្តែង និស្សិតកម្ពុជា ២៥ នាក់កំពុងសិក្សានៅតួកគីយេ ហើយសង្ឃឹមថានឹងមានច្រើនទៀតនៅពេលអនាគត។

ឯកឧត្តម បានបន្ថែមថា កម្ពុជាមានសក្តានុពលធំធេងខាងវិស័យពាណិជ្ជកម្ម ក៏ប៉ុន្តែ ទំហំនៃការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសយើងទាំងពីរ សម្រេចបាន ប្រមាណ៣៥០លានដុល្លារ នៅឆ្នាំ២០២៤ លើ ផែនការសម្រេចឱ្យបាន ១ពាន់លានដុល្លារ។ ឯកឧត្តម បានបន្តថា ទស្សនកិច្ចរបស់ សម្តេចតេជោ នាពេលនេះ សំខាន់ណាស់សម្រាប់កសាងទំនាក់ទំនងអន្តរសភាទ្វេភាគី និងពហុភាគី ដែលក្នុងនោះ មាន សន្និបាតអន្តរសភាអាស៊ាន (IPA) ផងដែរ។
នាឱកាសនោះ សម្តេចតេជោ បានថ្លែងអំណរគុណ ឯកឧត្តម ប្រធានសភាតួកគីយេ ចំពោះការអញ្ជើញ និង ស្វាគម៍យ៉ាងកក់ក្តៅ ព្រមទាំង ការលើកឡើងយ៉ាងស៊ីជម្រៅអំពីទំនាក់ទំនង រវាងប្រទេសយើងទាំងពីរ។ សម្តេច បានលើកឡើងថា ទស្សនកិច្ចរបស់ សម្តេច នាពេលនេះ ចំពេលនៃខួប៦៥ឆ្នាំ នៃទំនាក់ទំនងការទូតនៃប្រទេសយើងទាំងពីរ និងបន្ទាប់ពី តួកគីយេ និងកម្ពុជា បានដាក់ស្ថានទូតទៅវិញទៅមក ។
សម្តេចតេជោ បានអរគុណ ឯកឧត្តមប្រធានសភា ដែលបានលើកសរសើរគុណសម្បត្តិដឹកនាំរបស់សម្តេចយ៉ាងខ្លាំង។ ក្នុងឋានៈជាប្រធានព្រឹទ្ធសភាថ្មី សម្តេចនឹងបន្តធ្វើអ្វីៗទាំងអស់ ដើម្បីកម្ពុជាបន្តរក្សាបាន នូវសន្តិភាព និង ស្ថិរភាពយូរអង្វែង។
សម្តេចតេជោ បានអរគុណតួកគីយេផងដែរ ដែលបានបញ្ជូន អនុប្រធានគណបក្សយុត្តិធម៌ និងអភិវឌ្ឍន៍តួកគីយេ ទទួលបន្ទុកកិច្ចការបរទេស (AKP) ទៅចូលរួម មហាសន្និបាត ICAPP លើកទី១២ នៅទីក្រុងភ្នំពេញ កាលពីខែវិច្ឆិកា កន្លងទៅនេះ។

សម្តេចតេជោ បានគូសបញ្ជាក់ថា សម្តេច ជាអ្នកផ្តល់សន្ទុះដល់ទំនាក់ទំនងទ្វេភាគីជាមួយតួកគីយេ។ នៅក្នុងពេលបំពេញទស្សនកិច្ចការងារនៅតួកគីយេ ឆ្នាំ២០១៨ សម្តេចតេជោ និងប្រធានាធិបតី Erdoğan បានដាក់ផែនការសម្រេចឱ្យបាន១ពាន់លានដុល្លារ ក្នុងការផ្លាស់ប្តូរពាណិជ្ជកម្មទៅវិញទៅមក។
សន្ទុះកំណើនទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ នៅមិនទាន់ខិតជិតដល់គោលដៅនៅឡើយ។ អាស្រ័យហេតុនេះ ទស្សនកិច្ចរបស់សម្តេច និង កិច្ចប្រឹងប្រែងរួម របស់គណបក្សដឹកនាំប្រទេសទាំងពីរ នឹងជំរុញ ផែនការនេះឱ្យបានសម្រេច ដោយផ្តល់អាទិភាពលើកាលានុវត្តន៍ភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។
សម្តេចតេជោ និងឯកឧត្តមប្រធានរដ្ឋសភា ក៏បានប្តូរយោបល់ និងទស្សនៈវិភាគលើបញ្ហាតំបន់ និងអន្តរជាតិ។ ភាគីទាំងពីរ បានសង្កត់ធ្ងន់លើភាពចាំបាច់នៃការគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេសនានាក្នុងសកលលោក។

សម្តេចតេជោ គាំទ្រតួនាទីសំខាន់របស់តួកគីយេ ជាអ្នកសម្របសម្រួលនៅក្នុងកិច្ចការអន្តរជាតិ ហើយសម្តេច គូសបញ្ជាក់ថា “មិនអាចយកសង្គ្រាម បញ្ចប់សង្គ្រាមបានទេ មានតែកិច្ចសន្ទនា និងការចរចា”។ ភាគីទាំងពីរបានឯកភាពគ្នា មិនគាំទ្រទណ្ឌកម្មជាឯកតោភាគី។ សម្តេចបានលើកទឹកចិត្តឱ្យតួកគីយេ សម្លឹងបែរទៅទិសខាងកើត ពោលគឺ ទ្វីបអាស៊ី ហើយកម្ពុជា នឹងសម្របសម្រួលជាមួយបណ្តាប្រទេសអាស៊ាន ដើម្បីឱ្យតួកគីយេ ក្លាយជាដៃគូសន្ទនាពេញសិទ្ធិរបស់អាស៊ាន។ ឆ្លៀតក្នុងឱកាសនោះ សម្តេចតេជោ បានអញ្ជើញ ឯកឧត្តមប្រធានរដ្ឋសភាតួកគីយេ មកបំពេញទស្សនកិច្ចនៅកម្ពុជា នាពេលខាងមុខ។
ឯកឧត្តមប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះការលើកឡើងរបស់សម្តេចតេជោ ខាងលើ និង សូមអរគុណ និងទទួលដោយក្តីរីករាយ នូវការអញ្ជើញរបស់សម្តេចតេជោ និងរកពេលវេលាជាក់ស្តែង ក្នុងការមកបំពេញទស្សនកិច្ចនៅកម្ពុជា។
កិច្ចសន្ទនាបានបញ្ចប់ទៅដោយជោគជ័យ និងផ្លែផ្កាក្នុងបរិយាកាសរីករាយក្រៃលែង។ បន្ទាប់ពីជំនួប ឯកឧត្តមប្រធានរដ្ឋសភា បានអញ្ជើញសម្តេចតេជោ និងគណៈប្រតិភូ ទៅចូលរួមកិច្ចប្រជុំពេញអង្គរបស់រដ្ឋសភាតួកគីយេ ហើយ អង្គសភាតួកគីយេ បានក្រោកឈរស្វាគមន៍សម្តេចយ៉ាងកក់ក្តៅបំផុត៕

អត្ថបទទាក់ទង