តើគម្រោងអភិវឌ្ឍន៍ក្រុងរណប នៅក្រុងអារិយក្សត្រ នឹងរួមចំណែកអ្វីខ្លះដល់សង្គមជាតិយើង?
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី «បើកការដ្ឋានគម្រោងអភិវឌ្ឍន៍ក្រុងរណប នៅក្រុងអរិយក្សត្រ ខេត្តកណ្តាល» នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា គម្រោងទីក្រុងមេគង្គ ឃី នឹងរួមចំណែកបំពេញក្តីប្រាថ្នារបស់ប្រជាជនផង និងជំរុញកំណើនសេដ្ឋកិច្ចជាតិផង ជារួមតាមរយៈការបង្កើនសកម្មភាពសកម្មនៃវិស័យអចលនទ្រព្យ វិនិយោគ ពាណិជ្ជ បដិសណ្ឋារកិច្ចក៏ដូចជាការជួយផ្សព្វផ្សាយវប្បធម៌ និងទេសចរណ៍នៅកម្ពុជា។
ក្នុងន័យនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានជំរុញលើកទឹកចិត្តឲ្យក្រុមហ៊ុនគិតគូរឲ្យបានច្បាស់លាស់នូវការរៀបចំហេដ្ឋារចនាសម្ព័ន្ធសាធារណៈ រួមទាំងមានការរៀបចំការសាងសង់ច្រាំងទន្លេ ផ្លូវបើកបរយានជំនិះគ្រប់ប្រភេទ រួមទាំងរថយន្តក្រុង ផ្លូវថ្មើរជើង ផ្លូវជិះកង់ ផ្លូវសម្រាប់រត់ហាត់ប្រាណតាមដងទន្លេ។
សម្តេចធិបតី បានបន្ថែមថា កន្លែងកម្សាន្តសារណ: កន្លែងហាត់ប្រាណ ត្រូវរៀបចំជាសួនច្បារបៃតងតាមដងទន្លេ ដែលជាគោលបំណងដើម្បីលើកស្ទួយគុណភាពជីវិត ផាសុកភាព និងភាពស៊ីវិល័យនៃការរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយសោភ័ណភាព ទស្សនីយភាព សុវត្ថិភាពបរិស្ថានល្អគួរឲ្យចង់រស់នៅ និងអាចបម្រើផលប្រយោជន៍សាធារណៈផងដែរ៕