Khmer First Close

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម៖ សហគមន៍កសិកម្មទំនើបខ្នាតធំមួយ នៅខេត្តកំពង់ធំ នឹងរួមគ្នាផលិតស្រូវសែនក្រអូប ដោយនឹងទទួូលតម្លៃកុងត្រាទុកជាមុន ចាប់ពី ១៣០០៛/គីឡូក្រាមឡើងទៅ!

ដោយ៖ សម្បត្តិ កិត្យា ​​ | ថ្ងៃអង្គារ ទី១៤ ខែមករា ឆ្នាំ២០២៥ ព័ត៌មានជាតិ សង្គម 188

តាមរយៈឆានែលតេឡេក្រាមរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នារសៀលថ្ងៃអង្គារ ទី១៤ ខែមករា ឆ្នាំ២០២៥ នេះ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានសរសេររៀបរាប់ថា «ស្របពេលស្រូវអូអឹមរបស់វៀតណាមកំពុងធ្លាក់ថ្លៃ បងប្អូនកសិករមកពីសង្កាត់អូរកន្ធរ និងសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ស្ម័គ្រចិត្តរួមគ្នាជាមួយឃុំកំពង់គោ ស្រុកកំពង់ស្វាយ ដើម្បីក្លាយជាសហគមន៍កសិកម្មទំនើបខ្នាតធំ ផលិតស្រូវសែនក្រអូបរបស់កម្ពុជាលើផ្ទៃដី៥០០០ហិកតា ក្នុងតម្លៃកុងត្រាទុកជាមុនចាប់ពី១៣០០៛/គីឡូក្រាមឡើងទៅ!»។

លោក ឃឹម ហ្វីណង់ បានរៀបរាប់បន្តថា «ក្រសួងកសិកម្មនឹងដាក់ទុនឱ្យសហគមន៍ខ្ចី ក្នុងរង្វង់៥លានដុល្លារ ដោយមិនចាំបាច់ឱ្យកសិករសមាជិកពិបាកជាប់បំណុលគេ ឬត្រូវដាក់ទុនដោយខ្លួនឯងឡើយ! នេះគឺជាដំណោះស្រាយបន្ទាន់ ដែលក្រសួងកសិកម្មព្យាយាមផ្តល់ជូនពុកម៉ែបងប្អូនកសិករយើង ដែលធ្លាប់តែដាំពូជស្រូវរបស់ប្រទេសវៀតណាម ហើយកំពុងពិបាករកទីផ្សារនិងមិនទទួលបានតម្លៃល្អ។»

មុននឹងបញ្ចប់ លោកអនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ រូបនេះបានឆ្លៀតអំពាវនាវឱ្យប្រជាពលរដ្ឋគ្រប់រូបដែលពិតជាអាណិត ពិតជាចង់ជួយដោះស្រាយបញ្ហាជូនប្រជាកសិករមែន សូមជួយផ្សព្វផ្សាយឱ្យកសិករយើងងាកមករួមគ្នាជាសហគមន៍ និងដាំពូជអង្ករក្រអូបរបស់ខ្មែរ ជាជាងការនៅតែបន្តដាំពូជរបស់គេ ដែលពិបាកទាំងទីផ្សារ ពិបាកទាំងការអន្តរាគមន៍ជួយពេលមានបញ្ហា៕

អត្ថបទទាក់ទង