អតីតអង្គរក្សផ្ទាល់របស់ សម រង្ស៊ី ឈ្មោះ លី រតនរស្មី ត្រូវបានបញ្ចប់ភារកិច្ចជាទីប្រឹក្សារបស់សម្តេចតេជោ ហ៊ុន សែន តាំងពីខែមីនា ឆ្នាំ២០២៤មកម៉្លេះ
អតីតអង្គរក្សផ្ទាល់ សម រង្ស៊ី ឈ្មោះ លី រតនរស្មី ដែលត្រូវបានសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មលើលោក លឹម គីមយ៉ា នៅទីក្រុងបាងកក ប្រទេសថៃ កន្លងមក លែងជាទីប្រឹក្សារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាទៀតហើយ។
បើតាមសេចក្តីសម្រេចស្តីពីការបញ្ចប់ភារកិច្ចមន្រ្តីគណបក្ស បានបញ្ជាក់ថា យោងសេចក្តីសម្រេចលេខ ០៣០/០១២៤/សស.គក ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ និងមតីរបស់សម្តេចអគ្គមហាសេនា បតីតេជោ ប្រធានគណបក្ស គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្ស បានសម្រេចបញ្ចប់ភារកិច្ចលោក លី រតនរស្មី ពីទីប្រឹក្សារបស់សម្តេចតេជោ ហ៊ុន សែន តាំងពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ មកម៉្លេះ ដោយសារសាមីខ្លួនបានប្រព្រឹត្តកំហុសឆ្គង ដែលផ្ទុយនឹងកម្មវិធីនយោបាយនិងលក្ខន្តិកៈរបស់គណបក្ស។
យោងតាមការបញ្ចប់ភារកិច្ចនេះ បុគ្គល លី រតនរស្មី ធ្វើជាទីប្រឹក្សារបស់សម្តេចតេជោ បានតែរយៈពេលជាង២ខែប៉ុណ្ណោះ បន្ទាប់ពីមានការតែងតាំងកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ និងត្រូវបានបញ្ចប់ភារកិច្ចទៅវិញនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤។ ដូច្នេះ រាល់សកម្មភាពរបស់បុគ្គល លី រតនរស្មី មិនមានជាប់ពាក់ព័ន្ធអ្វីជាមួយសម្តេចតេជោ ហ៊ុន សែន ទាល់តែសោះ៕