Khmer First Close

ទស្សនៈវិភាគ៖ ពេលប្រទេសជាតិរងការឈ្លានពាន ទើបឃើញមុខជនក្បត់ជាតិដែលឈរខាងសត្រូវច្បាស់

ដោយ៖ សម្បត្តិ កិត្យា ​​ | 8 ម៉ោងមុន ទស្សនៈ - នយោបាយ 147
ទស្សនៈវិភាគ៖ ពេលប្រទេសជាតិរងការឈ្លានពាន ទើបឃើញមុខជនក្បត់ជាតិដែលឈរខាងសត្រូវច្បាស់ ទស្សនៈវិភាគ៖ ពេលប្រទេសជាតិរងការឈ្លានពាន ទើបឃើញមុខជនក្បត់ជាតិដែលឈរខាងសត្រូវច្បាស់

ម្តងនេះ ប្រជាពលរដ្ឋខ្មែរគ្រប់គ្នាបានឃើញផ្ទាល់ភ្នែក ស្តាប់លឺផ្ទាល់ត្រចៀក នូវសកម្មភាព និងសម្តីរបស់ សម រង្ស៊ី ដែលត្រូវបានគេស្គាល់រួចស្រេចទៅហើយថាជាជនក្បត់ជាតិ។ កាលពីមុន មានមនុស្សមួយចំនួននៅមានភាពស្រពិចស្រពិលចំពោះពាក្យថា«ជនក្បត់ជាតិ»នេះ ប៉ុន្តែ អំពើឈ្លានពានរបស់ថៃចុងក្រោយនេះ គឺជាពន្លឺបំភ្លឺប្រជាពលរដ្ឋខ្មែរគ្រប់រូបឱ្យបានស្គាល់ច្បាស់ពាក្យថា ជនក្បត់ជាតិ តាមរយៈហេតុផលដូចខាងក្រោម៖

ទី១៖ ពេលកងទ័ពថៃប៉ុនប៉ងឈ្លានពានយកតំបន់មុំ៣ ប្រាសាទតាមាន់តូច តាមាន់ធំ និងប្រាសាទតាក្របី ព្រមទាំងបានបាញ់សម្លាប់កងទ័ពខ្មែរយើងម្នាក់នៅក្នុងលេណដ្ឋានក្នុងដែនអធិបតេយ្យរបស់ខ្លួន ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសរួមទាំងអ្នកដែលមាននិន្នការផ្ទុយពីរដ្ឋាភិបាលផងមានការឈឺចាប់ និងចូលរួមយ៉ាងសស្រាក់សស្រាំជាមួយរាជរដ្ឋាភិបាលនិងកងទ័ព ដើម្បីប្រឆាំងសត្រូវឈ្លានពានទឹកដី។ ដោយឡែកតែ សម រង្ស៊ី និងគូកនមួយដំបរស្វាបែរជាឈរនៅខាងសត្រូវឈ្លានពាន ហើយបែរមកខាំរាជរដ្ឋាភិបាលខ្លួនឯង។ បុគ្គលនេះបានប្រើប្រាស់ពាក្យសម្តី និងសកម្មភាពដូចគ្នាបេះបិតជាមួយសៀមឈ្លានពានហើយបានស្ម័គ្រចិត្តធ្វើជាឧបករណ៍របស់បរទេសតាមរយៈការបង្កើតមាតិកាព័ត៌មានយ៉ាងច្រើនដើម្បីបម្រើឱ្យបណ្តាញឃោសនាថៃប្រើប្រាស់ដើម្បីវាយប្រហារមកលើរដ្ឋាភិបាល និងកងទ័ពកម្ពុជាដែលកំពុងឈរការពារទឹកដីដើម្បីបំបែកបំបាក់កម្លាំងសាមគ្គីជាតិខ្មែរឱ្យចុះខ្សោយដែលជាអំណោយផលដល់ការឈ្លានពានរបស់សត្រូវ។

ទី២៖ បុគ្គលសម រង្ស៊ី បានជួយសត្រូវរបស់កម្ពុជាដោយខិតខំបង្វែចំណាប់អារម្មណ៍សាធារណមតិចេញពីការឈ្លានពាននិងការបាញ់សម្លាប់កងទ័ពខ្មែរទៅជាទំនាស់រវាងក្រុមគ្រួសារសម្តេច ហ៊ុន សែន និងគ្រួសារលោកថាក់ស៊ីនទៅវិញ។ សម រង្ស៊ី ហ៊ាននិយាយថា ទំនាស់ដែលកំពុងកើតឡើងរវាងកម្ពុជានិងថៃពេលនេះមិនមែនជារឿងជាតិទេ តែជារឿងបុគ្គល។ ប្រជាពលរដ្ឋខ្មែរសូមចោទសួរទណ្ឌិតរត់គេចគុក សម រង្ស៊ី ថា តើការបាញ់សម្លាប់ទាហានខ្មែរមួយរូបកាលពីថ្ងៃទី ២៨ ឧសភា និងការប៉ុនប៉ងចង់យកប្រាសាទខ្មែរនៅលើទឹកដីខ្មែរដោយលើកទ័ពមកឈរជើងព្រោងព្រាត និងចុងក្រោយនេះចង់ធ្វើរបងព័ទ្ធយកប្រាសាទទាំងនោះតែម្តង មិនមែនជារឿងជាតិទេឬ? ប្រជាពលរដ្ឋខ្មែរពិតជាឈឺចាប់ខ្លាំងណាស់ពេលបានលឺសម្តីរបស់សម រង្ស៊ី និងចោទសួរថា ប្រសិនបើមានឈាមជ័រជាខ្មែរ ប្រាកដណាស់ថា បុគ្គលនេះមិនអាចនិយាយបែបនេះបានជាដាច់ខាត។

ទី៣៖ ចុងក្រោយនេះ សម រង្ស៊ី បានខំទាញភ្ជាប់ពលករខ្មែរដែលធ្វើការនៅក្រៅប្រទេស ពិសេសក្នុងប្រទេសថៃ ជាមួយខ្លួនគាត់ដើម្បីកេងចំណេញនយោបាយក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងជួបគ្រោះថ្នាក់ តាមរយៈការនិយាយភូតកុហកថា ច្បាប់ស្តីពីការដកសញ្ជាតិបុគ្គលក្បត់ជាតិថា ធ្វើឡើងសម្រាប់ពលករខ្មែរនៅក្រៅប្រទេស ប៉ុន្តែ តាមការពិតច្បាប់ប្រើប្រាស់សម្រាប់តែជនក្បត់ជាតិដូចបុគ្គល សម រង្ស៊ី តែប់ណ្ណោះ។ បុគ្គល សម រង្ស៊ី បានអំពាវនាវបែបអង្វរក ឱនក្បាល ចុះញ៉ម និងខ្លបខ្លាចសត្រូវឈ្លានពាន ដោយនិយាយថា កុំឱ្យថៃរើសអើងពលករខ្មែរនៅលើទឹកដីរបស់ខ្លួន ដែលតាមការពិត ថៃបាននិងកំពុងមាក់ងាយពលករខ្មែររួចទៅហើយ។ ផ្ទុយពីថ្នាក់ដឹកនាំប្រទេសដែលចង់ការពារសេចក្តីថ្លៃថ្នូររបស់ជាតិសាសន៍ខ្មែរ ដោយបានអំពាវនាវឱ្យពលករវិលមកប្រទេសវិញ ដោយរាជរដ្ឋាភិបាលត្រៀមគ្រប់លក្ខណៈដើម្បីជួយសម្រួលដល់ពួកគេរាប់ទាំងការងារផង បុគ្គល សម រង្ស៊ី បែរជាចេញសេចក្តីអំពាវនាវមួយដែលធ្វើឱ្យអាប់ឱនពូជសាសន៍ខ្មែរ តាមរយៈការអង្វករសត្រូវទៅវិញ។

សរុបមកវិញ ពេលនេះប្រជាពលរដ្ឋខ្មែរបានមើលឃើញយ៉ាងច្បាស់ថា តើអ្នកណាជាអ្នកស្នេហាជាតិ និងខិតខំលះបងគ្រប់បែបយ៉ាងដើម្បីការពារជាតិ ការពារបូរណភាពទឹកដីដោយអង់អាចក្លាហានប្រឆាំងការឈ្លានពានរបស់សត្រូវ និងអ្នកណាជាអ្នកឈរនៅខាងសត្រូវឈ្លានពាន ហើយងាកមកបំបែកបំបាក់សាមគ្គីជាតិខ្មែរ ដើម្បីហុចដងដាវឱ្យសត្រូវ ឈ្លានពានទឹកដីកម្ពុជា? ប្រវត្តិសាស្ត្របានបង្ហាញច្បាស់ថា រយៈពេលជាង ៥០០ ឆ្នាំចុងក្រោយនេះ ការបាត់បង់ទឹកដីគឺបណ្តាលមកពីមានខ្មែរក្បត់ជាតិមួយក្រុមតែងតែឈរនៅខាងសត្រូវ ឱ្យសត្រូវខ្ចីដៃមកឈ្លោះជាមួយខ្មែរគ្នាឯងដើម្បីពួកគេងាយវាយដណ្តើមយកទឹកដីខ្មែរ ជាថ្នូរនឹងអំណាចដែលសត្រូវសន្យាផ្តល់ជូន។ ប៉ុន្តែ ទីបំផុត អំណាចក៏មិនបាន ទឹកដីក៏បានបាត់បង់ ប្រទេសជាតិកាន់តែចុះដុនដាបដោយការបែកបាក់។

មកដល់សម័យនេះហើយ ក៏នៅតែមានខ្មែរក្បត់ជាតិខ្លួនឯងហើយទៅឈរនៅខាងសត្រូវឈ្លានពានទឹកដីដោយចំហដូចបុគ្គល សម រង្ស៊ី និងគូកនទៀត? វាពិតជាគួរឱ្យសង្វេគជាតិសាសន៍ខ្មែរជាពន់ពេក។ ប៉ុន្តែ បុគ្គលបែបនេះមានតិចតួចណាស់ ហើយដែលសង្គមខ្មែរទាំងមូលកំពុងថ្កោលទោសនិងប្រឆាំងយ៉ាងដាច់អហង្ការដោយប្តេជ្ញាមិនឱ្យជនក្បត់ជាតិទាំងនេះមានវត្តមានដើម្បីបំផ្លាញខ្មែរដូចអតីតកាលទៀតឡើយ។ ច្បាប់ស្តីពីការដកសញ្ជាតិជនក្បត់ជាតិគឺជាឧបករណ៍គតិយុត្តិដ៏មានប្រសិទ្ធភាពដើម្បីដកពិសពីជនក្បត់ជាតិទាំងនោះ ទោះបីជាពួកគេរត់ទៅដល់ក្រហែងមេឃណាក៏ដោយ៕

ដោយ វង្ស មករា
សាស្ត្រាចារ្យ និងអ្នកវិភាគនយោបាយ