Khmer First Close

លិខិតមិត្តអ្នកអាន៖ ប្រមុខដឹកនាំបន្តវេនកម្ពុជា កំពុងបន្តវប្បធម៌រួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋដូចទៅនឹងគម្រូដ៏ប្រពៃរបស់ឪពុក

ដោយ៖ សម្បត្តិ កិត្យា ​​ | 13 ម៉ោងមុន ព័ត៌មានជាតិ 159
លិខិតមិត្តអ្នកអាន៖ ប្រមុខដឹកនាំបន្តវេនកម្ពុជា កំពុងបន្តវប្បធម៌រួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋដូចទៅនឹងគម្រូដ៏ប្រពៃរបស់ឪពុក លិខិតមិត្តអ្នកអាន៖ ប្រមុខដឹកនាំបន្តវេនកម្ពុជា កំពុងបន្តវប្បធម៌រួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋដូចទៅនឹងគម្រូដ៏ប្រពៃរបស់ឪពុក

សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលជាអ្នកបន្តវេនប្រកបដោយថាមពល ស្វាហាប់ ចំណេះដឹងខ្ពង់ខ្ពស់ និងថែមទាំងមានមនសិកាស្រលាញ់ប្រទេសជាតិ និងប្រជាជន ក្រោយពីឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី សម្តេចតែងត្រូវបានគេមើលឃើញថា បានខិតខំប្រឹងប្រែង បំពេញតួនាទីរបស់ខ្លួនយ៉ាងយកចិត្តទុកដាក់បំផុត។ សម្តេចបាននឹងកំពុងតែដើរតាមគន្លងរបស់ឪពុក គឺមាគ៌ាដឹកនាំដែលយកប្រជាជនជាធំ រួមសុខទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈទាំងអស់។ 

ក្នុងរយៈកាលកន្លងទៅថ្មីៗនេះ ស្របពេលនៃការចុះជួយដោះស្រាយបញ្ហាប្រឈមរបស់ប្រជាកសិករ ទាំងបញ្ហាខ្វះទឹកធ្វើស្រែ បញ្ហាតម្លៃស្រូវធ្លាក់ចុះ និងការបង្តើតសហគមន៍កសិកម្មទំនើប សម្តេចធិបតី និងថ្នាក់ដឹកនាំបន្តវេនក្នុងគណៈរដ្ឋមន្ត្រីអាណត្តិទី៧ និងមន្ត្រីជំនាញគ្រប់ជាន់ថ្នាក់បានចុះផ្ទាល់ជួបជាមួយប្រជាជននៅតាមមូលដ្ឋានជិតឆ្ងាយ ដោយបង្ហាញការយកចិត្តទុកដាក់ និងជួយដោះស្រាយភ្លាមៗនូវរាល់បញ្ហាដែលប្រជាជនកំពុងជួបប្រទះយ៉ាងមានប្រសិទ្ធភាព។ 

សកម្មភាពរបស់ថ្នាក់ដឹកនាំ ក៏ដូចជាមន្រ្តីជំនាញ ទទួលបានការស្វាគមន៍និងគាំទ្រពីសំណាក់ប្រជាកសិករ និងប្រជាពលរដ្ឋខ្មែរទូទៅ បែរជាយើងសង្កេតឃើញថា មានមជ្ឈដ្ឋានក្រុមអគតិមួយចំនួនតូច បាន ធ្វើការរិះគន់ដោយមិនសមហេតុផល ចំពោះសកម្មភាពដែលបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងប្រជាកសិករទៅវិញ ទោះបីជាពួកគេដឹងច្បាស់ហើយថា ការនៅកៀកជាមួយប្រជាជន រួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ គឺជាទស្សនវិជ្ជានៃការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដែលស្របទៅនឹងរបបប្រជាធិបតេយ្យសេរីពហុបក្សក៏ដោយ។ 

ក្នុងនាមជាអ្នកតាមដានស្ថានការណ៍មួយរូប ខ្ញុំសង្កេតឃើញថា ទាំងសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ទាំងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន សុទ្ធតែធ្លាប់បានក្រើនរម្លឹកជារឿយៗដល់មន្ត្រីគ្រប់លំដាប់ថ្នាក់ដើម្បីកុំឱ្យពួកគេភ្លេចតួនាទីជាអ្នកបម្រើប្រជាពលរដ្ឋម្ចាស់ឆ្នោត និងត្រូវចងចាំថា មន្រ្តីគឺជាខ្ញុំបម្រើប្រជាពលរដ្ឋជានិច្ច។ មិនត្រឹមតែក្រើនរម្លឹកមន្ត្រីក្រោមឱវាទប៉ុណ្ណោះទេ ប៉ុន្តែ អតីតប្រមុខដឹកនាំរាជរដ្ឋាភិបាលក៏ដូចជាប្រមុខដឹកនាំបច្ចុប្បន្ន សុទ្ធតែបានបង្ហាញគំរូជាអ្នកបម្រើប្រជាពលរដ្ឋយ៉ាងសកម្មក្លៀវក្លាបំផុត ជាពិសេសតាមរយៈសកម្មភាពនៃការចុះជួប ដោយផ្ទាល់ក្តី និងគ្រប់វេទិកាសាធារណៈក្តី ការស្តាប់និងដោះស្រាយសំណូមពរនិងសេចក្តីត្រូវការដែលជាផលប្រយោជន៍របស់ជាតិនិងប្រជាជនគឺជាអាទិភាពដែលត្រូវយកចិត្តទុកដាក់មុនគេ។

ប៉ុន្តែផ្ទុយមកវិញ បើសិនយើងក្រឡេកមើលចំពោះសកម្មភាពរបស់ក្រុមប្រឆាំងមួយចំនួនតូច ពិសេសគឺអ្នកនយោបាយចាស់វស្សាវិញ នៅគ្រប់វេទិកាសាធារណៈដែលខ្លួនបានចុះជួបសកម្មជននិងសមាជិករបស់ខ្លួន គឺពុំបាននាំមកនូវផលប្រយោជន៍អ្វីបន្តិចសោះឡើយសម្រាប់ជាតិនិងប្រជាជន ក្រៅ តែពីការប្រើប្រាស់សារនយោបាយញុះញង់រិះគន់ប្រមាថមើលងាយមកលើកិច្ចខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាល ហើយលើសពីនោះទៀត ថែមទាំងប្រើសារញុះញង់បញ្ឆេះកំហឹងប្រជាពលរដ្ឋឱ្យងើបឡើងបះបោរប្រឆាំងរាជរដ្ឋាភិបាលក្នុងគោលបំណងទុច្ចរិតបំផ្លាញសុខសន្តិភាព និងការអភិវឌ្ឍរបស់ប្រទេសជាតិថែមទៀងផង។

បើសិនយើងរំលឹកថយក្រោយវិញបន្តិចកាលពីអាណត្តិមុនៗ យើងច្បាស់ជានៅចងចាំមិនទាន់ភ្លេចទេនូវពាក្យ «ទីណាមានទុក្ខ មានមុខសម្តេចតេជោ» ដែលនេះគឺជាសារដ៏មានអត្ថន័យមួយឃ្លាដែលសម្តេចអតីតនាយករដ្ឋមន្ត្រីធ្លាប់បានលើកឡើងនិងបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន។ ជាក់ស្តែងចាប់តាំងពីការតស៊ូរំដោះជាតិដោយប្រើជីវិតរបស់ខ្លួនជាដើមទុន និងដំណើរស្វែងរកសុខសន្តិភាពជូនប្រទេសជាតិ រហូតដល់កសាងបាននូវប្រវត្តិសាស្ត្រថ្មីមួយជូនប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែរដែលមិនធ្លាប់មានពីមុន ជីវិតសម្តេចតេជោ ហ៊ុន សែន បានផ្សារភ្ជាប់ជាមួយសុខទុក្ខរបស់ប្រជាពលរដ្ឋខ្មែរជានិច្ច មិនដែលដាច់ជាពិសេសក្នុងគ្រាលំបាក។ ជាក់ស្តែង ពេលប្រជាពលរដ្ឋជួបគ្រោះអាសន្នដូចជាទឹកជំនន់ គ្រោះរាំងស្ងួត ឬគ្រោះថ្នាក់ផ្សេងៗទៀតជាយថាហេតុ សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងមន្ត្រីពាក់ព័ន្ធ តែងតែមានវត្តមានជានិច្ចដើម្បីដោះស្រាយការលំបាកជូនប្រជាពលរដ្ឋ។ ក្រៅពីនោះ សម្តេច តែងឆ្លៀតពេលជួបសំណេះសំណាលសួរសុខទុក្ខ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានជាប្រចាំដោយទឹកចិត្តអាណិតស្រឡាញ់បំផុត។ 

នៅក្នុងបរិបទបច្ចុប្បន្ន ក្នុងនាមជាអ្នកបន្តវេនប្រកបដោយថាមពលនិងភាពស្វាហាប់របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតជាភរិយា បានបន្តប្រពៃណីដឹកនាំដ៏ល្អនេះដដែលដោយផ្សារភ្ជាប់ជាមួយសុខទុក្ខរបស់ប្រជាពលរដ្ឋជានិច្ច។ ជាក់ស្តែង ក្នុងរយៈពេលជាងមួយឆ្នាំដំបូងនៃការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី សម្តេចធិបតី និងភរិយា បានចំណាយពេលវេលាជួបជាមួយពលរដ្ឋនៅគ្រប់ទិសទី។ ស្ទើរតែប្រជាពលរដ្ឋខ្មែរគ្រប់វ័យ ទាំងចាស់ព្រឹទ្ធាចារ្យ កម្មករ កសិករ អាជីវករ សិល្បករ កីឡាករ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្ស និស្សិត លោកគ្រូ អ្នកគ្រូ រួមទាំងអ្នកសារព័ត៌មានផង សុទ្ធតែធ្លាប់បានជួបជាមួយប្រមុខដឹកនាំរបស់ខ្លួនដោយផ្ទាល់ ឬបានឃើញសកម្មភាពទាំងនេះជាប្រចាំ។

សកម្មភាពល្អប្រសើរទាំងនេះហើយ គឺជាប្រពៃណីបម្រើប្រជាពលរដ្ឋរបស់គណបក្សប្រជាជនកម្ពុជា ដែលបន្តពីជំនាន់មួយទៅជំនាន់មួយទៀតឥតដាច់ ហើយការយកចិត្តទុកដាក់ក្នុងការបម្រើប្រជាពលរដ្ឋបែបនេះហើយ ដែលធ្វើឱ្យរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋជារៀងរហូតមកតាំងពីអតីតកាល បច្ចុប្បន្នកាល និងអនាគតកាល៕

ដោយ៖ មាន មេត្តា

 

អត្ថបទទាក់ទង