Khmer First Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បច្ចេកវិទ្យាឌីជីថល បានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃ

ដោយ៖ សម្បត្តិ កិត្យា ​​ | 17 ម៉ោងមុន ព័ត៌មានជាតិ 148
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បច្ចេកវិទ្យាឌីជីថល បានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បច្ចេកវិទ្យាឌីជីថល បានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគូសបញ្ជាក់ថា បច្ចេកវិទ្យាឌីជីថលបានក្លាយជាផ្នែកមួយនៃជីវភាពរស់នៅប្រចាំថ្ងៃរបស់យើងទៅហើយ។ សម្តេចធិបតី ជឿជាក់ថា ប្រហែលជាមានមនុស្សតិចណាស់ ឬថាគ្មានតែម្តង ចំពោះអ្នកដែលមិនមាន Smart Phone (ទូរសព្ទវៃឆ្លាត) ប្រើ, ហើយមិនជឿថាមានមនុស្សច្រើន ដែលមិនមានប្រព័ន្ធទំនាក់ទំនងតាមកម្មវិធី ដូចជា App WhatsApp, Telegram, Facebook, TikTok នោះឡើយ។

នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ៥ឆ្នាំ (២០២០-២០២៤) នៃដំណើរឆ្ពោះទៅបរិវត្តកម្មឌីជីថល និងទិសដៅការងារបន្តរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅរសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលប្រារព្ធនៅសណ្ឋាគារសុខាភ្នំពេញ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទោះបីជានៅតាមតំបន់ដាច់ស្រយាលតាមបណ្តោយព្រំដែន ក៏មានមនុស្សសុំសម្តេចថតរូប ជាមួយទូរសព្ទ Smart Phone សម្រាប់ការបង្ហោះលើបណ្តាញសង្គម ឬលើប្រព័ន្ធអ៊ីធើណិតដែរ ដែលមានន័យថា បច្ចេកវិទ្យាឌីជីថល បានក្លាយជាផ្នែកមួយរបស់ជីវិតប្រចាំថ្ងៃរបស់យើងទៅហើយ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ប្រជាជនទូទៅ បានប្រើប្រាស់ទូរសព្ទ ដែលប្រើប្រាស់ប្រព័ន្ធអ៊ីនធើណិតសម្រាប់ផ្ទុកឯកសារ ឬ សម្រាប់ទំនាក់ទំនងនានា ដែលជាកិច្ចការសំខាន់សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ បូករួមទាំងទិន្នន័យជាច្រើនផងដែរ។

លើសពីនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ប្រជាពលរដ្ឋកម្ពុជាកំពុងទទួលផលយ៉ាងច្រើនពីបច្ចេកវិទ្យាឌីជីថល ជាពិសេសលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងការផ្ដល់សេវាតាមអនឡាញនានា បានលឿនរហ័ស។ សម្ដេចធិបតី បានបន្ថែមថា ការធ្វើទំនើបកម្មនៃបច្ចេកវិទ្យាឌីជីថល បានជំរុញល្បឿនការងារទាំងក្នុងវិស័យរាជរដ្ឋាភិបាល និងវិស័យឯកជន ខណៈនៅកម្ពុជាវិស័យបច្ចេកវិទ្យាឌីជីថល កំពុងបន្តរីកលូតលាស់យ៉ាងលឿនក្នុងរយៈពេលប្រមាណ១០ឆ្នាំចុងក្រោយនេះ៕

អត្ថបទទាក់ទង