តើការលើកឡើងថា ពិធីបុណ្យចូលឆ្នាំខ្មែរ ធ្វើឱ្យរលាយវប្បធម៌ខ្មែរ ដូចការចោទប្រកាន់មែនទេ?
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការយករូបស្រ្តីម្នាក់ស្លៀកពាក់មិនសមរម្យក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ មកបង្ហោះផ្សាយរិះគន់រាជរដ្ឋាភិបាល ថានឹងធ្វើឱ្យរលាយវប្បធម៌ខ្មែរនោះ មិនមែនជារឿងត្រឹមត្រូវនោះទេ ពោលគឺជាការផ្សាយដោយលំអៀង យកតែជ្រុងអវិជ្ជមានដើម្បីវាយប្រហារ។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការចោទប្រកាន់ពាក់ព័ន្ធនឹងពិធីបុណ្យចូលឆ្នាំខ្មែរកន្លងទៅ គឺជាការមើលងាយដល់ប្រជាជនខ្មែរ១៧លាននាក់ ដែលបាននិងកំពុងខិតខំប្រឹងប្រែងក្នុងការថែរក្សាការពារវប្បធម៌ខ្មែរ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល ខិតខំប្រឹងប្រែងខ្លាំងណាស់ក្នុង ការថែរក្សាប្រពៃណី វប្បធម៌ ទំនៀមទម្លាប់ខ្មែរ ជាពិសេសរាជរដ្ឋាភិបាល មិនបានភ្លេចរបាំបុរាណ ល្បែងប្រជាប្រិយខ្មែរ បោះអង្គុយ ចោលឈូង ល្ខោនខោល ប្រដាល់ខ្មែរ ដើម្បីដាក់បញ្ចូលនិងបង្ហាញ នៅក្នុងឱកាសចូលឆ្នាំខ្មែរ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែង ដាក់បញ្ចូលប្រពៃណី វប្បធម៌ខ្មែរ ចូលក្នុងសម្បត្តិបេតិកភ័ណ្ឌពិភពលោក ដូចជា ក្រមា របាំអប្សរា ក្បាច់គុនខ្មែរ ជាដើម៕