ឯកឧត្តម ទិត សុធា និងឯកឧត្តម បួន លឹមហេង ចុះជួបសំណេះសំណាល ឧបត្ថម្ភថវិកាទិញលូរំដោះទឹកក្នុងវត្តក្តីចារយ៍ និងជូនសំលៀកបំពាក់១៥៦កំប្លេជូនប្រជាការពារក្នុងឃុំកំពង់ស្វាយ
នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ទិត សុធា សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានទី១ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ស្វាយនិងជាប្រធានកិត្តិយសក្រុមការងារចុះមូលដ្ឋានឃុំកំពង់ស្វាយ និងឯកឧត្តម បួន លឹមហេង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំកំពង់ស្វាយ បានចុះជួបសួរសុខទុក្ខជាមួយបងប្អូនប្រជាការពារទាំង១២ភូមិ ក្នុងឃុំកំពង់ស្វាយ និងបានឧបត្ថម្ភសំលៀកបំពាក់ចំនួន១៥៦កំប្លេរ ជូនដល់ពួកគាត់។
ជួបសំណេះសំណាលនាឱកាសនោះ ឯកឧត្តម ទិត សុធា និងឯកឧត្តម បួន លឹមហេង បានសំដែងនូវការអរគុណដល់បងប្អូនប្រជាការពារទាំងអស់ក្នុងឃុំដែលបានចូលរួមយ៉ាងសកម្មក្នុងការបម្រើប្រជាពលរដ្ឋនៅមូលដ្ឋានផ្ទាល់តាមរយៈការជួយយកអាសារនៅពេលប្រជាជនមានទុក្ខធុរៈ ឬសំណើរសុំកម្លាំងជួយសម្រួល អន្តរាគមន៍ ការពារ ឬក៏ការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់នៅក្នុងកម្មវិធីណាមួយ គឺតែងតែមានការចូលរួមជាប្រចាំពីបងប្អូនប្រជាការពារ។ ទោះយ៉ាងណា ឯកឧត្តម ទិត សុធា នូវបានក្រើនរម្លឹកដល់ប្រជាការពារក្នុងសកម្មភាពពង្រឹងភូមិឃុំមានសុវត្ថិភាព សូមបន្តកសាងអំពើល្អជានិច្ច និងចូលរួមថែរក្សាសុខសន្តិភាព រួមទាំងសមិទ្ធផលនានារបស់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាឱ្យបានស្ថិតស្ថេរគង់វង្ស និងក៏ដើម្បីឱកាសនៃការកសាងអភិវឌ្ឍន៍និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនក្នុងមូលដ្ឋានឱ្យកាន់តែរុងរឿងប្រសើរឡើងជាលំដាប់ផងដែរ។
បន្ទាប់សំណេះសំណាលជាមួយប្រជាការពាររួចមក ឯកឧត្តម ទិត សុធា , ឯកឧត្តម បួនលឹមហេង និងក្រុមការងារបន្តចុះជួបសំណេះសំណាលជាមួយលោកយាយ លោកតាក្នុងភូមិទៀមចាស់ ប្រមាណ២០០នាក់និងបានចូលរួមឧបត្ថម្ភថវិកាចំនួន២លានរៀលជាទុនបន្ថែមក្នុងសមាគមមនុស្សចាស់នៅភូមិទៀមចាស់ ដែលបានបង្កើតឡើងកាលពីអំឡុងឆ្នាំ២០២៣កន្លងទៅ។ ក្រៅពីនេះ ឯកឧត្តម បួន លឹមហេង ក្នុងនាមប្រធានក្រុមការងារចុះមូលដ្ឋានឃុំកំពង់ស្វាយបានប្រគេនថវិកាចំនួន៣,៣៦០,០០០រៀល សម្រាប់ទិញលូរំដោះទឹក ក្នុងវត្តក្តីចារ , ឯឧ ទិត សុធា និងឯឧ បួន លឹមហេង ក៏បានប្រគេនថវិកា ៥០០ដុល្លារ ដល់ព្រះចៅអធិការវត្តក្តីចារ ដើម្បីចូលរួមទិញម៉ូតូកង់បីសម្រាប់ជាមធ្យោបាយដឹកជញ្ជូនផងដែរ។
សូមបញ្ជាក់ថា គិតមកដល់ថ្ងៃនេះ នៅក្នុងឃុំកំពង់ស្វាយ ឯកឧត្តម បួន លឹមហេង បានជួយឧបត្ថម្ភថវិកាសម្រាប់សមាគមមនុស្សចាស់បានចំនួន៥ភូមិហើយ ដែលក្នុងមួយភូមិៗផ្តល់ជូនថវិការចំនួន២លានរៀល។ ក្រៅពីនេះ បើគិតពីដើមនីតិកាលទី៧នៃរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ឯកឧត្តម បូន លឹមហេង ប្រធានក្រុមការងារ និងឯកឧត្តម ទិត សុធា ប្រធានកិត្តិយសក្រុមការងារចុះមូលដ្ឋានឃុំកំពង់ស្វាយ បានចូលរួមចំណែកនូវសម្ភារៈ ថវិកាក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាសកម្មភាពបម្រើប្រជាពលរដ្ឋ ការលើកកម្ពស់ជីវភាពរស់នៅ និងកិច្ចការសង្គម មនុស្សធម៌ដោយចំណាយថវិកាអស់រាប់សិបលានរៀលហើយ នេះមិនគិតអំពីការគៀងគរ និងការស្វែងរកកិច្ចអន្តរាគមន៍តាមរយៈសំណើរនានាទៅថ្នាក់ដឹកនាំក្នុងការជួយកសាងសាលាបឋមសិក្សាមួយខ្នង៥បន្ទប់ នៅក្នុងភូមិតាប៉ោង ដែលបាននិងកំពុងដំណើរការសាងសង់ជិតរួចរាល់ផងដែរ។
ទាំងនេះ គឺជាកាយវិកាបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានផ្សាភ្ជាប់ជាមួយនឹងប្រជាជនក្នុងមូលដ្ឋានផ្ទាល់៕