តើសម័យបច្ចេកវិទ្យាពិតជាធ្វើអោយមនុស្សភ្លេចនូវតម្លៃជាក់ស្តែងមែនឬ?
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មនុស្សសម័យនេះតែងតែយកបញ្ហាតិចតួចដែលអាចដោះស្រាយបានទៅបង្ហោះលើបណ្តាញសង្គម Facebookនិង TikTok ដែលធ្វើឱ្យបញ្ហាតូចក្លាយជាបញ្ហាធំពិបាកនឹងដោះស្រាយ។ សម្តេចបានលើកឡើងថា បញ្ហាជាច្រើននឹងត្រូវបានដោះស្រាយបើសិនជាយើងនិយាយគ្នា ដោយមិនចាំបាច់បង្កើនបញ្ហារវាងគ្នានិងគ្នានោះទេ ហើយក៏មិនចាំបាច់រំខានដល់មនុស្សរាប់រយរាប់ពាន់តាមមើលគេឈ្លោះគ្នាតាម Facebook ដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ប្រជាពលរដ្ឋជាពិសេសយុវជនឱ្យប្រើប្រាស់បណ្តាញសង្គមជាមធ្យោបាយល្អក្នុងការផ្សព្វផ្សាយ ហើយគប្បីគួរពិចារណាកុំយកឧបករណ៍ធ្វើជាមិត្តជិតស្និទ្ធិរបស់យើងដែលយើងផ្តាច់ទំនាក់ទំនងនឹងគ្នាជាមួយអ្នកនៅជុំវិញខ្លួនយើង ហើយជាពិសេសពេលដែលមានហេតុការយើងលែងនិយាយគ្នាដោះស្រាយបញ្ហា។
ទន្ទឹមនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា សូមប្រកាន់យកនូវអភិក្រមមានបញ្ហាអីយើងត្រូវនិយាយគ្នាដោះស្រាយគ្នារួមគ្នាខ្មែរជាខ្មែរ ដែលនេះជាការចូលរួមថែរក្សាវប្បធម៌ប្រពៃណីរបស់យើងនៃការយោគយល់គ្នា ការរាប់អានគ្នាក្នុងនាមជាខ្មែរជាពិសេសយុវជនរបស់យើង ការអប់រំទាំងផ្លូវកាយផ្លូវចិត្ត ការសណ្តោសប្រណី ការយោគយល់គ្នាគឺជាមូលដ្ឋាននៃការរស់នៅដោយសុខដុមនីយកម្មជាមួយគ្នា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះនៅក្នុងឱកាសអញ្ជើញជាអធិបតី «ក្នុងពិធីទិវាវប្បធម៌ជាតិ លើកទី២៧ និងពិសាភោជនាហារសាមគ្គី នៅសាលមហោស្រពកោះពេជ្រ នៅល្ងាចថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥៕