បទអធិប្បាយ៖ អ្នកនិពន្ធ《Asiaweek》ឈ្មោះ “Chen Shaohu” បិទទ្វារចងម៉ុងសរសេរព័ត៌មានពីកម្ពុជា
ថ្មីៗនេះ,《Asiaweek》ភាសាចិនបានផ្សព្វផ្សាយអត្ថបទមួយដែលមានចំណងជើងថា 《តំបន់ឧស្សាហកម្មឆបោកតាមប្រព័ន្ធអនឡាញក្នុងប្រទេសកម្ពុជា! លោក ហ៊ុន ម៉ាណែត ជាប់ពាក់ព័ន្ធ! មានមនុស្សជាង ១០ ម៉ឺននាក់ស្ថិតក្នុងខ្សែសង្វាក់ឧស្សាហកម្មឆបោក!》 ដែលនិពន្ធដោយឈ្មោះ “Chen Shaohu”។ ខ្លឹមសារអត្ថបទនេះសុទ្ធតែសរសេរតាមអារម្មណ៍ផ្ទាល់ខ្លួន ដោយមិនធ្វើការស្រាវជ្រាវនិងសម្ភាសន៍អ្នកណាទាំងអស់។ អត្ថបទនេះគ្រាន់តែប្រមូលព័ត៌មានផ្សេងៗពីអ៊ីនធឺណិតដែលមិនផ្លូវការ ហើយចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់មកលើប្រទេសកម្ពុជា និងមេដឹកនាំរាជរដ្ឋាភិបាល។
ជាប្រជាពលរដ្ឋកម្ពុជាម្នាក់ និងជាអ្នកសារព័ត៌មានភាសាចិនម្នាក់នៅក្នុងប្រទេសកម្ពុជា ខ្ញុំមានអារម្មណ៍ខកចិត្តយ៉ាងខ្លាំងចំពោះអត្ថបទនេះ។ អ្នកសារព័ត៌មានដែលមានទំនួលខុសត្រូវ ត្រូវតែធ្វើការរាយការណ៍យោងតាមការពិត មិនអាចបង្កើតរឿងឡើងដោយខ្លួនឯង ឬបកស្រាយចេញតាមតែអារម្មណ៍និងលំអៀងខុសការពិតនោះទេ។ ចំពោះអត្ថបទបែបនេះ វាមិនត្រឹមតែអយុត្តិធម៌ចំពោះកម្ពុជា ប៉ុន្តែវាបង្កការយល់ច្រឡំសម្រាប់សហគមអន្តរជាតិផងដែរ។
យើងបានដឹងថា អ្នកនិពន្ធអត្ថបទឈ្មោះ “Chen Shaohu” ប្រហែលជាមិនដែលមកកម្ពុជាផង។ ក្នុងខ្លឹមសារអត្ថបទរបស់គាត់ មិនបានធ្វើការសម្ភាសន៍ជាមួយនណាម្នាក់ឡើយ។ អត្ថបទដែលគាត់សរសេរ សុទ្ធសឹងផ្អែកលើព័ត៌មានមិនផ្លូវការដែលរកឃើញនៅលើបណ្តាញអ៊ីនធឺណិតតែប៉ុណ្ណោះ។ ទង្វើបែបនេះ ហាក់បីដូចជា បិទទ្វារចងម៉ុងសរសេរព័ត៌មានតាមអារម្មណ៍ស្រមើស្រមៃ ខ្វះចំណេះដឹងអំពីស្ថានភាពជាក់ស្តែងនៅកម្ពុជា គឺជាទង្វើមិនទទួលខុសត្រូវដែលមិនអាចទទួលយកបាន។
រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្លាំងណាស់លើការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកតាមបណ្តាញអ៊ីនធឺណិត។ ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអនុវត្តវិធានការយ៉ាងម៉ុងម៉ាត់។ ក្នុងរយៈពេលចុងក្រោយនេះ កម្ពុជាបានសហការជាមួយប្រទេសចិន និងប្រទេសផ្សេងៗទៀត ដើម្បីអនុវត្តការសហប្រតិបត្តិការបង្រ្កាបបទល្មើសទាំងអស់នេះ។ ជាលទ្ធផល ចាប់ខ្លួនបានអ្នកពាក់ព័ន្ធរាប់ពាន់នាក់ និងជួយសង្គ្រោះជនរងគ្រោះជាច្រើន។ ទោះបីជាយ៉ាងណា អត្ថបទរបស់លោក “Chen Shaohu” បានមើលរំលងការប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ហើយបានព្យាយាមយកបញ្ហាប្រឈមរួមក្នុងតំបន់ បង្វែរមុខព្រូញអវិជ្ជមានចោទប្រកាន់មកលើតែកម្ពុជា ធ្វើអោយសហគមអន្តរជាតិមានការភ័ន្តច្រលំ។
តាំងពីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចូលកាន់តំណែងមក បានដាក់ការងារប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកតាមបណ្តាញអ៊ីនធឺណិត ជាការងារចំបងនិងសំខាន់។ នៅខែមុននេះ សម្តេចបានបង្កើត គណៈកម្មការជាតិចំពោះកិច្ចមួយ សំរាប់ប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមបណ្តាញអ៊ីនធឺណិត ហើយបញ្ជូលទាំងកំលាំងកងទ័ព ចូលក្នុងការងារប្រយុទ្ធប្រឆាំងបទល្មើសនេះផងដែរ។ ប៉ុន្មានថ្ងៃកន្លងមកនេះ អាជ្ញាធរកម្ពុជាបាន បង្រ្កាបទីតាំងបទល្មើសឆបោកអនឡាញជាច្រើនកន្លែង។ នេះបង្ហាញអោយឃើញច្បាស់ថា រាជរដ្ឋាភិបាលមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការដោះស្រាយបញ្ហានេះ។
ជាការពិតណាស់ អ្នកនិពន្ធឈ្មោះ “Chen Shaohu” មិនបានស្ថិតនៅក្នុងប្រទេសកម្ពុជានោះទេ ហើយមិនបានមកយកព័ត៌មានផ្ទាល់នៅកម្ពុជាឡើយ។ លោកគ្រាន់តែចងក្រងអត្ថបទដោយផ្អែកលើព័ត៌មានមិនច្បាស់លាស់នៅលើបណ្តាញអ៊ីនធឺណិត បែរជាលោកហានសរសេរវាយតំលៃមកលើគោលនយោបាយរបស់ប្រទេសមួយ និងថ្នាក់ដឹកនាំប្រទេសមួយ។ ការរាយការណ៍ខ្វះទំនួលខុសត្រូវបែបនេះ គឺខុសនឹងវិជ្ជាជីវកម្មសារព័ត៌មាន និងបង្ហាញអោយឃើញពីភាពកំសោយរបស់ស្ថាប័នព័ត៌មានរបស់លោកកំពុងធ្វើការ។
ជាប្រជាពលរដ្ឋកម្ពុជា និងជាអ្នកប្រកបអាជីពសារព័ត៌មានភាសាចិនម្នាក់នៅកម្ពុជា យើងខ្ញុំសូមស្វាគមន៍ការរាយការណ៍ការពិតអំពីកម្ពុជា ប៉ុន្តែយើងមិនអាចទទួលយកអត្ថបទដែលមិនបានផ្ទៀងផ្ទាត់ ឬអត្ថបទដែលធ្វើអោយខូចលកិត្តយសប្រទេសជាតិខ្ញុំ ឬមូលបង្កាច់រាជរដ្ឋាភិបាលប្រទសខ្ញុំ ក្នុងរូបភាពណាមួយក៏ដោយ។
យើងខ្ញុំសូមអំពាវនាវឱ្យសារព័ត៌មានចិននៅក្រៅប្រទេសដោយស្មោះស្មក្រ័ នៅពេលធ្វើការរាយការណ៍អំពីកម្ពុជា ត្រូវគោរពវិន័យវិជ្ជាជីវកម្មសារព័ត៌មាន អនុវត្តនូវគោលការណ៍ការពិត និងយុត្តិធម៌ មិនឱ្យលំអៀងដោយអារម្មណ៍ ឬដោយព័ត៌មានដែលមិនទាន់ផ្ទៀងផ្ទាត់។ តម្លៃរបស់សារព័ត៌មានស្ថិតនៅលើភាពពិត និងយុត្តិធម៌ មិនមែនក្នុងការចងក្រងរឿងលំអៀងតាមអារម្មណ៍ស្រមើស្រមៃនោះទេ៕
អត្ថបទទាំងស្រុងពីស៊ីស៊ីថាមស៍ភាសាចិន ៖ https://cc-times.com/posts/27629