Khmer First Close

ច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យត្រូវបានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការហើយ

ដោយ៖ សម្បត្តិ កិត្យា ​​ | ថ្ងៃអង្គារ ទី៤ ខែមីនា ឆ្នាំ២០២៥ ព័ត៌មានជាតិ 156
ច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យត្រូវបានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការហើយ ច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យត្រូវបានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការហើយ

ច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ដែលមាន៧មាត្រា ត្រូវបានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការដោយព្រះរាជក្រមលេខ នស/រកម/០៣២៥/០០១ ចុះថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥។

ច្បាប់នេះ កំណត់អំពីការផ្តន្ទាទោសចំពោះបុគ្គលទាំងឡាយដែលមិនទទួលស្គាល់ ឬសម្រាល ឬបដិសេធឬជំទាស់អត្ថិភាពនៃឧក្រិដ្ឋកម្ម ឬលើកតម្កើងឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ និងដែលអត្ថិភាពនៃឧក្រិដ្ឋកម្មទាំងនេះ ត្រូវបានទទួលស្គាល់ដោយសេចក្តី សម្រេចស្ថាពរ ឬនៅក្នុងកិច្ចដំណើរការនីតិវិធីរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាដើម្បីកាត់ សេចក្តីឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ដែលសរសេរកាត់ថា «អ.វ.ត.ក» ក្នុងគោលបំណងផ្តល់យុត្តិធម៌ដល់ជនរងគ្រោះនិងទប់ស្កាត់កុំឱ្យឧក្រិដ្ឋកម្មទាំងនេះវិល ត្រឡប់មកវិញនៅកម្ពុជា។

នៅក្នុងច្បាប់នេះ ក៏មានចែងថារាល់ការមិនទទួលស្គាល់ ឬការសម្រាល ឬការបដិសេធ ឬការជំទាស់អត្ថិភាពនៃឧក្រិដ្ឋកម្ម ឬការលើកតម្កើងឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ និងដែលត្រូវបានទទួលស្គាល់ដោយសេចក្តីសម្រេចស្ថាពររបស់«អ.វ.ត.ក» គឺជាបទមិនទទួលស្គាល់ជាសាធារណៈនូវឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ កាលបើអំពើនេះ ត្រូវបានប្រព្រឹត្តជាសាធារណៈ តាមសម្ដីឬកាយវិការទោះជាប្រភេទណាក៏ដោយដែលបញ្ចេញនៅទីសាធារណៈ ឬនៅក្នុងសាលប្រជុំសាធារណៈ តាមលិខិត ឬគំនូរទោះជាប្រភេទណាក៏ដោយដែលផ្សព្វផ្សាយនៅក្នុងចំណោមសាធារណជន ឬដាក់តាំងឲ្យសាធារណៈជនមើល និងតាមបណ្ដាញសង្គម ឬគ្រប់មធ្យោបាយទូរគមនាគមន៍សោតទស្សន៍សម្រាប់សាធារណជន។

ចំពោះបទមិនទទួលស្គាល់ជាសាធារណៈនូវឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ត្រូវផ្ដន្ទាទោសដាក់ពន្ធធនាគារពី ១ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី១០លានរៀលទៅ ៥០លានរៀល។

នៅក្នុងច្បាប់នេះ ក៏មានចែងអំពីទោសបន្ថែមដែលមានចែងក្នុងក្រមព្រហ្មទណ្ឌ ដូចជា ការដកសិទ្ធិខ្លះជាពលរដ្ឋ ការហាមឃាត់ចំពោះការប្រកបវិជ្ជាជីវៈណាដែលបទល្មើសនោះ បានប្រព្រឹត្តនៅក្នុងពេលដែលប្រកបវិជ្ជាជីវៈនេះ ការបិទផ្សាយសេចក្តីសម្រេចផ្តន្ទាទោស ការផ្សាយសេចក្តីសម្រេចផ្តន្ទាទោសនៅក្នុងសារព័ត៌មាន និងការផ្សាយសេចក្តីសម្រេចផ្ដន្ទាទោសតាមគ្រប់មធ្យោបាយទូរគមនាគមន៍សោតទស្សន៍ផងដែរ។

គួរបញ្ជាក់ថា ច្បាប់ស្ដីពីការប្រឆាំងការមិនទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ត្រូវបានរដ្ឋសភាអនុម័ត កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នាសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ ហើយដែលព្រឹទ្ធសភា បានពិនិត្យចប់សព្វគ្រប់លើទម្រង់និងគតិច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ នាសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញនីតិកាលទី៥ ហើយដែលត្រូវបានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការដោយព្រះរាជក្រមចុះថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥៕

អត្ថបទទាក់ទង