តើការញុះញង់ថា កម្មករជិតបាត់បង់ការងារដោយសារគោលនយោបាយដំឡើងពន្ធរបស់សហរដ្ឋអាមេរិក ជារឿងត្រឹមត្រូវដែរឬទេ?

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា មានអ្នកវិភាគក្រៅប្រទេសមួយចំនួន បានយកបញ្ហាការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក មកបន្លាចកម្មករនិយោជិតថា នឹងបាត់បង់ការងារ ដែលការកេងចំណេញនយោបាយចំពោះការព្រួយបារម្ភបែបនេះ គឺជាការមិនត្រឹមត្រូវនោះទេ។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការដំឡើងពន្ធនាំចូលសហរដ្ឋអាមេរិក គឺជាគោលនយោបាយថ្មីមួយរបស់ប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិកដើម្បីផល ប្រយោជន៍របស់អាមេរិក ហើយការដំឡើងនេះ មិនមែនសម្រាប់តែកម្ពុជានោះទេ គឺធ្វើឡើងជាទូទៅ ជាង១០០ប្រទេស។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល យកចិត្តទុកដាក់ខ្ពស់បំផុតទៅ លើជីវភាពកម្មករនិយោជិត ដោយបានដំឡើងប្រាក់ឈ្នួលអប្បបរមាជារៀងរាល់ឆ្នាំ ហើយកម្រិតប្រាក់ឈ្នួលអប្បបរមារបស់កម្ពុជា មានលក្ខណៈសមរម្យនិងខ្ពស់ជាងប្រទេសខ្លះផងដែរ។ ការទទួលបានប្រាក់ខែរបស់កម្មករនិយោជិត កើតឡើងដោយសារការតស៊ូរបស់រាជរដ្ឋាភិបាល។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល បាននិងកំពុងខិតខំប្រឹងប្រែង ចរចាជាមួយភាគីអាមេរិកដើម្បីប្រយោជន៍ជាតិនិងប្រជាជនកម្ពុជា។ សម្តេចធិបតី ក៏បានអំពាវនាវឱ្យកម្មករនិយោជិតទាំងអស់ ជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាខាងលើនេះដើម្បីធានាផលប្រយោជន៍ជាអតិបរមាជូនកម្មករនិយោជិត៕