Khmer First Close

កម្ពុជា ចិន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ឱ្យកាន់តែរីកចម្រើនថែមទៀត

ដោយ៖ សម្បត្តិ កិត្យា ​​ | ថ្ងៃអង្គារ ទី២៧ ខែឧសភា ឆ្នាំ២០២៥ ព័ត៌មានជាតិ 148
កម្ពុជា ចិន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ឱ្យកាន់តែរីកចម្រើនថែមទៀត កម្ពុជា ចិន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ឱ្យកាន់តែរីកចម្រើនថែមទៀត

(គូឡាឡាំពួ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ បានជួបប្រជុំពិភាក្សាការងារទ្វេភាគី ជាមួយ លោក លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

ក្នុងឱកាសនៃជំនួប, លោក លី ឈាង បានសម្តែងនូវក្តីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយ សម្តេចបវរធិបតីជាថ្មីម្តងទៀត។ លោកនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ជំនួបជាញឹកញាប់រវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ ឆ្លុះបញ្ចាំងពីភាពរឹងមាំ និងការរីកចម្រើននៃទំនាក់ទំនងមិត្តភាពដ៏យូរអង្វែង និងជាមិត្តដែកថែបកម្ពុជា-ចិន។

ជាការឆ្លើយតប, សម្តេចបវរធិបតីក៏បានសម្តែងនូវក្តីរីករាយ ចំពោះជំនួបជាមួយនាយករដ្ឋមន្ត្រីចិន។ សម្តេចបវរធិបតីបានឯកភាពអំពីសារៈសំខាន់នៃជំនួបកម្រិតថ្នាក់ដឹកនាំប្រទេសក្នុងការរឹតចំណងទំនាក់ទំនងទ្វេភាគី ព្រមទាំងបានសម្តែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន មកកាន់ព្រះរាជាណាចក្រកម្ពុជាកាលពីខែមេសា ឆ្នាំ២០២៥ កន្លងទៅនេះ ដែលតាមរយៈដំណើរទស្សនកិច្ចនេះ ចំណងមិត្តភាពកម្ពុជា-ចិន ត្រូវបានពង្រឹង និងពង្រីកកាន់តែខ្លាំងក្លាថែមទៀត។

ជាមួយនឹងការវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនងប្រទេសទាំងពីរ ជាពិសេសការពេញចិត្តនៃការដំឡើងកម្រិតដល់ «ការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី» ថ្នាក់ដឹកនាំទាំងពីរបានឯកភាពបន្តលើកកម្ពស់ទំនាក់ទំនងលើគ្រប់វិស័យឱ្យកាន់តែរីកចម្រើនរឹងមាំបន្ថែមទៀត តាមរយៈការប្រែក្លាយផែនការនានាឱ្យចេញជាសកម្មភាពជាក់ស្តែង។ ជាពិសេស ភាគីទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗរួមមាន៖ សេដ្ឋកិច្ច, ពាណិជ្ជកម្ម, ការវិនិយោគ, ការពារជាតិ និងសន្តិសុខ, អប់រំ, បច្ចេកវិទ្យា, ឧស្សាហកម្ម និងកសិកម្មតាមរយៈការជំរុញកិច្ចសហប្រតិបត្តិការ «ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម» និង «ច្រករបៀងមច្ឆានិងអង្ករ»។

បន្ថែមលើនេះ ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពជំរុញបន្ថែមទៀតនូវការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន, ការជំរុញវិស័យទេសចរណ៍ និងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់រវាងកម្ពុជា-ចិនឱ្យកាន់តែច្រើនថែមទៀត៕

អត្ថបទទាក់ទង