សមាជរដ្ឋសភា និងព្រឹទ្ធសភា គាំទ្រចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជាលើបញ្ហាព្រំដែន ជាមួយព្រះរាជាណាចក្រថៃក្រោយហេតុការណ៍វាយប្រហារប្រដាប់អាវុធនៅតំបន់មុំបីក្នុងទឹកដីកម្ពុជា

អង្គសមាជរដ្ឋសភា និងព្រឹទ្ធសភា វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងមោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារឱ្យបានដាច់ខាតនូវឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជាដោយប្រើប្រាស់យន្តការការទូត ការចរចា យន្តការតំបន់ អង្គការសហប្រជាជាតិ តុលាការអន្តរជាតិ និងការប្រើប្រើប្រាស់សិទ្ធិស្វ័យការពារខ្លួន។ រាជរដ្ឋាភិបាលកម្ពុជាកំពុងបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ប្រកបដោយឆន្ទៈយ៉ាងមោះមុត និងឥតងាករេ ក្នុងកិច្ចខិតខំប្រឹងប្រែងរក្សាសុខសន្តិភាព ស្ថិរភាព និងឧត្តមប្រយោជន៍ស្នូលរបស់ជាតិ ដែលជាមរតកមិនអាចកាត់ថ្លៃបានរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងរយៈពេលជាង៤០ឆ្នាំកន្លងមកនេះ។នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់សមាជរដ្ឋសភា និងព្រឹទ្ធសភា ចុះថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥។
អង្គសមាជបានប្រកាសថ្កោលទោស ចំពោះសកម្មភាពវាយប្រហារខុសច្បាប់ដោយកងទ័ពថៃមកលើកងទ័ពកម្ពុជា នៅតំបន់មុំបី ក្នុងទឹកដីកម្ពុជា កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា កន្លងទៅនេះ។ ការវាយប្រហារនេះជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យ និងបូរណភាពទឹកដី របស់ព្រះរាជាណាចក្រកម្ពុជា។
ផ្អែកលើហេតុផលខាងលើនេះ អង្គសមាជគាំទ្រពេញទំហឹងចំពោះគោលជំហរច្បាស់លាស់ និងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលក្នុងការយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ដែលកន្លងទៅរមែងមានភាពរកាំរកូស ដែលបង្កឡើងដោយកងទ័ពថៃនោះទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីពន្លត់និងបញ្ចប់បញ្ហានេះ។ អង្គសមាជគាំទ្រពេញទំហឹង ចំពោះប្រសាសន៍សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកឡើងថា «ត្រូវពន្លត់ភ្លើងជាជាងអង្គុយបក់ផ្សែង»។
អង្គសមាជក៏បានសង្កត់ធ្ងន់អំពីការថែរក្សាទំនាក់ទំនងជាប្រក្រតី និងល្អប្រសើររវាងប្រទេស និងប្រជាជនទំាងពីរ ហើយចៀសវាងការពង្រីកជម្លោះ ដែលនាំមកនូវអរិភាពរវាងប្រទេស និងប្រជាជនទាំងពីរ។ អង្គសមាជលើកទឹកចិត្តដល់រាជរដ្ឋាភិបាលបន្តប្រើប្រាស់ឱ្យអស់លទ្ធភាពនូវយន្តការទ្វេភាគី ដែលមានស្រាប់រួមមាន គណៈកម្មការចម្រុះព្រំដែន (JBC) និងគណៈកម្មាធិការព្រំដែនទូទៅ (GBC) ដើម្បីរក្សា និងកសាងព្រំដែនមិត្តភាព សន្តិភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ជាប្រយោជន៍សម្រាប់ប្រទេស និងប្រជាជនទាំងពីរ៕