ព្រះមហាក្សត្រ កោតសរសើរការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបាននិងកំពុងបន្តថែរក្សា ការពារអភិរក្សធនធានធម្មជាតិបានគង់វង្សរីកចម្រើន

ព្រះមហាក្សត្រកម្ពុជា បានមានព្រះរាជបន្ទូលកោតសរសើរការដឹកនាំដ៏ប៉ិនប្រសប់ឈ្លាសវៃ និងដ៏ឆ្នើមរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំកម្ពុជា ដែលបាននិងកំពុងបន្តថែរក្សា ការពារអភិរក្សធនធានធម្មជាតិបានគង់វង្ស រីកចម្រើនរហូតទទួលបានការកោតសរសើរពីសហគមន៍អន្តរជាតិ។ ព្រះអង្គមានព្រះរាជបន្ទូលដូចនេះ ក្នុងឱកាសដែលព្រះអង្គយាងជាព្រះរាជអធិបតីបើកព្រះរាជពិធីទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រោមប្រធានបទ៖ ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក (Beat Plastic Pollution) នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ ។
នាឱកាសនោះផងដែរ ព្រះអង្គមានព្រះរាជបន្ទូលបន្តថា មាតុភូមិកម្ពុជានៃយើង គឺជាទឹកដីដ៏ស្រស់បំព្រងពោរពេញដោយសម្បត្តិធម្មជាតិ ដែលជាកេរ្តិ៍ដំណែលពីបុព្វបុរសបានថែរក្សាទុកសម្រាប់យើងទាំងអស់គ្នា ដែលរួមមាន ពីជួរភ្នំដ៏ខ្ពស់ត្រដែត ព្រៃឈើដ៏ខៀវស្រងាត់ ទន្លេមេគង្គ បឹងទន្លេសាបដ៏សម្បូរបែប រហូតដល់តំបន់ឆ្នេរដ៏ស្រស់ស្អាត និងប្រជុំកោះតូច ធំ។
ព្រះអង្គមានព្រះរាជបន្ទូលបន្ថែមទៀតថា សម្បត្តិធម្មជាតិទាំងអស់នេះហើយគឺជាសរសៃឈាមនៃជីវិត និងជាផ្នែកមួយនៃអត្តសញ្ញាណជាតិរបស់យើង ហើយភាពសុខដុមរមនារវាងមនុស្ស និងធម្មជាតិ គឺជាឫសគល់នៃវប្បធម៌ ប្រពៃណី និងជំនឿរបស់ប្រជាជនខ្មែរយើងតាំងពីបុរាណកាល យើងត្រូវបន្តថែរក្សា ការពារ និងពង្រឹងឱ្យបានខ្ជាប់ខ្ជួនសម្រាប់បន្តដល់កូនចៅជំនាន់ក្រោយ៕