Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

ព្រះមហាក្សត្រ កោះអញ្ជើញបេក្ខជនជាប់ឆ្នោតទាំង១២៥រូប ចូលប្រជុំសភាលើកដំបូង នាថ្ងៃទី២១​​ ខែសីហា

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃពុធ ទី៩ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានជាតិ 3510
ព្រះមហាក្សត្រ កោះអញ្ជើញបេក្ខជនជាប់ឆ្នោតទាំង១២៥រូប ចូលប្រជុំសភាលើកដំបូង នាថ្ងៃទី២១​​ ខែសីហា ព្រះមហាក្សត្រ កោះអញ្ជើញបេក្ខជនជាប់ឆ្នោតទាំង១២៥រូប ចូលប្រជុំសភាលើកដំបូង នាថ្ងៃទី២១​​ ខែសីហា

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ព្រះអង្គបានផ្ញើព្រះរាជសារកោះអញ្ជើញបេក្ខជនជាប់ឆ្នោតទាំង១២៥រូប ដើម្បីចូលរួមប្រជុំរដ្ឋសភា ជាលើកដំបូង សម្រាប់នីតិកាលទី៧ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣​ ខាងមុខនេះ។

លោក ឈាង វុន ប្រធានគណៈកម្មការទី២ នៃរដ្ឋសភា និងជាបេក្ខជនជាប់ឆ្នោតគណបក្សប្រជាជនកម្ពុជាមណ្ឌលបាត់ដំបង បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា លោកបានទទួលរួចហើយ នូវព្រះរាជសារកោះអញ្ជើញរបស់ព្រះមហាក្សត្រ សម្រាប់កិច្ចប្រជុំសភាលើកដំបូងនេះ។

លោកបានបន្ថែមថា កិច្ចប្រជុំលើកដំបូងនោះ ព្រះមហាក្សត្រ នឹងអញ្ជើញជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ហើយបន្ទាប់មកមានការថតរូបជុំគ្នាជាមួយបេក្ខជនជាប់ឆ្នោតទាំងអស់នៅមុខរដ្ឋសភា។ បន្ទាប់មកព្រឹទ្ធបុរសម្នាក់ ដែលមានអាយុច្រើនជាងគេ ដែលនៅក្នុងបញ្ជីរបស់ គ.ជ.ប បានបញ្ជាក់ច្បាស់ហើយ គឺសម្តេចអគ្គមហាពញាចក្រី ហេង សំរិន នឹងទទួលធ្វើព្រឹទ្ធបុរស ឡើងទៅលើវេទិកាដឹកនាំកិច្ចប្រជុំលើកទី១បន្ត ហើយបេក្ខជនជាប់ឆ្នោត ទាំងអស់​ក្នុងនោះមានទាំងនាយករដ្ឋមន្ត្រីផង នឹងទៅស្បថនៅព្រះបរមរាជវាំងចូលកាន់តំណែង។

លោកបានបន្ថែមទៀតថា បន្ទាប់មកទៀត ដែលអាចនឹងថ្ងៃទី២២ ខែសីហា គឺរដ្ឋសភា នឹងបន្តប្រជុំ ដោយបោះឆ្នោតជ្រើសរើសក្បាលម៉ាស៊ីនរដ្ឋសភា គណៈកម្មការរដ្ឋសភា និងបន្តអនុម័តផ្តល់សេចក្តីទុកចិត្តលើក្បាលម៉ាស៊ីន រាជរដ្ឋាភិបាល​ដែលរៀបចំដោយ នាយករដ្ឋមន្ត្រី ដែលចាត់តាំងដោយព្រះមហាក្សត្រ នោះគឺឯកឧត្តមកិត្តិទេសាបណ្ឌិតបណ្ឌិត ហ៊ុន ម៉ាណែត។

តាមការប្រកាសលទ្ធផលផ្លូវការរបស់ គ.ជ.ប បានឱ្យដឹងថា ក្នុងការបោះឆ្នោតជាតិជាតិជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ មានគណបក្សតែ២ប៉ុណ្ណោះ ដែលឈ្នះអាសនៈនៅក្នុងរដ្ឋសភា ក្នុងនោះមាន គណបក្សប្រជាជនកម្ពុជា ចំនួន១២០អាសនៈ និងគណបក្សហ្វ៊ុនស៊ិនប៉ិច ចំនួន៥អាសនៈ។

បើតាមលោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិច និងជាបេក្ខជនជាប់ឆ្នោតមណ្ឌលខេត្តកំពង់ចាម បានឱ្យដឹងថា បេក្ខជនជាប់ឆ្នោតគណបក្សហ្វ៊ុនស៊ិនប៉ិចទាំង៥រូប នឹងចូលរួមប្រជុំសភាលើកដំបូង ក្រោមព្រះរាជ កោះអញ្ជើញរបស់ព្រះមហាក្សត្រ។ លោកបន្តថា «គណបក្សហ្វ៊ុនស៊ិនប៉ិច នឹងចូលរួមជាមួយរដ្ឋសភា នីតិកាលទី៧ ដើម្បីរួមចំណែកលើកយកបញ្ហាផ្សេងៗ មកដោះស្រាយនៅក្នុងរដ្ឋសភា នាពេលខាងមុខ»៕

អត្ថបទទាក់ទង