Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

ព្រះមហាក្សត្រ ទ្រង់មានជំនឿថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិថ្មី នឹងបំពេញភារកិច្ចតាមគោលនយោបាយ បន្តជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋ

ដោយ៖ ម៉ក់ ម៉ារឌី ​​ | ថ្ងៃចន្ទ ទី២១ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានជាតិ 3405
ព្រះមហាក្សត្រ ទ្រង់មានជំនឿថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិថ្មី នឹងបំពេញភារកិច្ចតាមគោលនយោបាយ បន្តជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋ ព្រះមហាក្សត្រ ទ្រង់មានជំនឿថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិថ្មី នឹងបំពេញភារកិច្ចតាមគោលនយោបាយ បន្តជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋ

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់មានជំនឿថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិថ្មី នឹងបំពេញភារកិច្ចតាមគោលនយោបាយ បន្តជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋ។

ព្រះរាជឱង្ការរបស់ព្រះមហាក្សត្រ បានធ្វើឡើងតាមរយៈព្រះរាជសុន្ទរកថាមួយ នៅក្នុងឱកាសប្រារព្ធបើកសម័យប្រជុំលើកដំបូង នៃរដ្ឋសភា នីតិកាលទី៧ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣នេះ។

ព្រះមហាក្សត្រ បានមានព្រះបន្ទូលថា៖ «ខ្ញុំមានជំនឿយ៉ាងមុតមាំថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី ដែលនឹងទទួលការទុកចិត្តពី រដ្ឋសភា នឹងបំពេញភារកិច្ចតាមគោលនយោបាយ បន្តជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់កម្រិត ជីវភាពប្រជាពលរដ្ឋ បន្តអភិវឌ្ឍ និងពង្រឹងប្រព័ន្ធការពារសង្គម ដែលមានវិសាលភាពគ្របដណ្តប់ ប្រជាពលរដ្ឋគ្រប់រូប ទាំងការអភិរក្ស និងអភិវឌ្ឍវប្បធម៌ដោយចីរភាព ដើម្បីធានាអត្ថិភាពដ៏រឹង មាំនៃអត្តសញ្ញាណជាតិ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ស្របគ្នានឹងការលើកកម្ពស់សីលធម៌ សម្រាប់ភាពសុខដុមនៃសង្គមជាតិ»។

ព្រះអង្គបានសម្ដែងនូវក្តីសោមនស្សរីករាយចូលរួមអបអរសាទរ ពិធីបើកសម័យប្រជុំដំបូងនៃរដ្ឋសភា នីតិកាលទី៧ និងសូមសម្ដែងនូវអំណរសាទរដ៏កក់ក្តជូន ចំពោះ សមាជិក សមាជិការដ្ឋសភាទាំងអស់ ដែលប្រជាពលរដ្ឋបានសម្ដែងឆន្ទៈ និងជំនឿទុក ចិត្តតាមរយៈការបោះឆ្នោតជាសកលកន្លងទៅនេះ ។

ព្រះមហក្សត្រ បានមានព្រះបន្ទូលទៀតថា ចាប់ពីពេលដែលរដ្ឋសភាបានចាប់បដិសន្ធិជាថ្មីនាឆ្នាំ១៩៩៣ រហូតមកដល់ពេលនេះ មានរយៈពេល ៣០ឆ្នាំកន្លងមកហើយ ដែលកម្ពុជាបានប្រែក្លាយពីការបែកបាក់ជាតិ និងការបែងចែក ទឹកដី ទៅជាប្រទេសដែលមានសន្តិភាព ស្ថិរភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍគ្រប់វិស័យ ដែល ធ្វើឱ្យប្រជាពលរដ្ឋបានរស់នៅក្រោមដំបូលសន្តិភាព ប្រកបដោយក្តីសង្ឃឹម និងសុខក្សេមក្សាន្ត។

ព្រះមហក្សត្រ បានមានព្រះបន្ទូលបន្តថា រដ្ឋសភាដែលជាអង្គការមានអំណាចនីតិប្បញ្ញត្តិ នឹងបន្តបំពេញភារកិច្ចរបស់ខ្លួនដូចមាន កំណត់ក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ដើម្បីបន្តនិរន្តរភាពនយោបាយ សេដ្ឋកិច្ចសង្គម វប្បធម៌ កសាងព្រះរាជាណាចក្រកម្ពុជា ជារដ្ឋដ៏រឹងមាំ និងជឿនលឿន ដោយផ្អែកលើច្បាប់ ធានាការអនុវត្តច្បាប់ដោយស្មើភាពសម្រាប់ប្រជាពលរដ្ឋគ្រប់រូប និងធានាការពារលើកស្ទួយ សិទ្ធិសេរីភាពគ្រប់បែបយ៉ាងរបស់ប្រជាពលរដ្ឋ ។ តំណាងរាស្ត្រក្នុងរដ្ឋសភា ជាតំណាងប្រជាជាតិខ្មែរទាំងមូល ធ្វើយ៉ាងណាខិតខំប្រឹង ប្រែងបន្ថែមទៀតជួយប្រជាពលរដ្ឋឲ្យរស់នៅបានស្មើភាពគ្នាក្នុងជំនឿសាសនា ការសិក្សារៀន សូត្រ ការមានការងារធ្វើសមរម្យទៅតាមកម្លាំងសមត្ថភាព និងកម្រិតវិជ្ជារបស់ខ្លួន។ ច្បាប់ទាំងឡាយដែលរដ្ឋសភាបានអនុម័ត គឺជាឧបករណ៍គតិយុត្តិសម្រាប់រាជរដ្ឋាភិបាល អនុវត្ត និងលើកកម្ពស់នីតិរដ្ឋ សំដៅឲ្យប្រទេសយើងមានក្របខ័ណ្ឌច្បាប់គ្រប់គ្រាន់ និងល្អ ស្របតាមការវិវឌ្ឍរីកចំរើនរបស់សង្គមជាតិ ។

ព្រះមហក្សត្រ បានមានព្រះបន្ទូលបន្តទៀតថា ដើម្បីសម្រេចភារកិច្ចដ៏ឧត្តុង្គឧត្តមនេះ ប្រជាជាតិកម្ពុជាត្រូវមានឯកភាព និងសាមគ្គីភាព ជាតិខ្ពស់ ដោយឈរលើស្មារតីបង្រួបបង្រួមជាតិ និងប្រកាន់ខ្ជាប់នូវព្រហ្មវិហារធម៌៤ គឺ មេត្ត ករុណា មុទិតា និងឧបេក្ខា ។

នៅក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង បានប្រសិទ្ធពរ សូមរដ្ឋសភានីតិកាលទី៧ មានដំណើរ ការល្អ និងអនុវត្តតួនាទីរបស់ខ្លួនប្រកបដោយមនសិការទទួលខុសត្រូវ ដើម្បីទទួលបានជោគ ជ័យថ្មីៗថែមទៀត ជាឧត្តមប្រយោជន៍រួម ជូនជាតិមាតុភូមិ និងប្រជាជាតិយើងទាំងមូល។ ព្រះអង្គបានជូនពរ សម្តេចអគ្គមហាពញាចក្រី សម្តេចវិបុលសេនាភក្តី សម្តេចអគ្គមហាសេនាបតីតេជោ សម្ដេចចៅហ្វាវាំង សម្ដេចក្រឡាហោម សម្តេចពិជ័យសេនា សម្តេច កិត្តិសង្គហបណ្ឌិត ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត និងព្រះអង្គម្ចាស់ សមាជិក សមាជិកា ដ៏ឧត្តុង្គឧត្តមនៃរដ្ឋសភា នីតិកាលទី៧ ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិ សូមបានប្រកបតែនឹងព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី
ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី

អត្ថបទទាក់ទង