Khmer First Close

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម Martin Vávra ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែកប្រចាំកម្ពុជា ចូលជួបជម្រាបលា

ដោយ៖ សម្បត្តិ កិត្យា ​​ | 19 ម៉ោងមុន ព័ត៌មានជាតិ 130
សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម Martin Vávra ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែកប្រចាំកម្ពុជា ចូលជួបជម្រាបលា សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម Martin Vávra ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែកប្រចាំកម្ពុជា ចូលជួបជម្រាបលា

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឱ្យឯកឧត្តម Martin Vávra ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែកប្រចាំកម្ពុជា ចូលជួបជម្រាបលា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ហ៊ុន សែន បានសម្តែងនូវក្តីសោមនស្សរីករាយដែលបានជួប ឯកឧត្តម ឯកអគ្គរដ្ឋទូត ក្នុងឱកាសជំនួបជម្រាបលានាពេលនេះ បន្ទាប់ពីឯកឧត្តមបានបំពេញការងារការទូតលើកកម្ពស់មិត្តភាព និងទំនាក់ទំនងល្អរវាងប្រទេសយើងទាំងពីរ។ សម្តេចតេជោ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះសកម្មភាព និងសមិទ្ធផលនានា ដែលឯកឧត្តមឯកអគ្គរដ្ឋទូតសម្រេចបាននាពេលកន្លងមក។
នាឱកាសនេះ ឯកឧត្តម Martin Vávra បានសម្តែងនូវក្តីរីករាយ និងការសាទរចំពោះការបន្តរីកចម្រើននៃកិច្ចសហប្រតិបត្តិការល្អរវាងឆែក និងកម្ពុជា ជាពិសេសការរួមចំណែកនៃជំនួយអភិវឌ្ឍន៍របស់ឆែកក្នុងការជួយដល់កម្ពុជាលើវិស័យសង្គមកិច្ច និងសុខាភិបាលជាដើម។ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការគាំទ្រគ្នាទៅវិញទៅមក ទាំងនៅកម្រិតទ្វេភាគី និងពហុភាគី ហើយតាមរយៈកិច្ចគាំទ្រនេះ ប្រទេសយើងទាំងពីរ បានបន្តធ្វើការយ៉ាងទៀតទាត់ និងល្អប្រសើរនៅក្នុងព្រឹត្តការណ៍ពហុភាគីនៅក្នុងសហភាពអឺរ៉ុប និងអាស៊ី -ប៉ាស៊ីហ្វិកជាដើម។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យនៃទំនាក់ទំនងឆែក-កម្ពុជា ជាពិសេសនៅក្នុងអាណត្តិឯកឧត្តម និងបានជូនពរកម្ពុជាបន្តសម្រេចបាននូវសក្តានុពលលើវិស័យផ្សេងៗទៀតរបស់ខ្លួន។
ជាកិច្ចឆ្លើយតប សម្តេចតេជោ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជាប្រវត្តិសាស្រ្តនៃប្រទសយើងទាំងពីរ ចាប់ផ្តើមតាំងពីជំនាន់អតីតសាធារណរដ្ឋសង្គមនិយមឆេកូស្លូវ៉ាគី ដែលនេះសបញ្ជាក់ឱ្យឃើញអំពីការយកចិត្តទុកដាក់របស់ឆែក ចំពោះកម្ពុជា។ ក្រោមកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ សម្តេចតេជោ បានគូសបញ្ជាក់អំពីសារៈសំខាន់នៃអាហារូបករណ៍ដែលឆែកបានផ្តល់ដល់កម្ពុជា ហើយសម្តេច ក៏នៅតែចងចាំការស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់សម្តេចទៅឆេកូស្លូវ៉ាគីនាទសវត្សរ៍១៩៨០។
សម្តេចតេជោ បានថ្លែងអំណរគុណ ឆែកចំពោះការគាំទ្រកម្ពុជាគ្រប់ដំណាក់កាល និងការណ៍ដែលឆែកមិនទទួលស្គាល់របបខ្មែរក្រហម និងរដ្ឋាភិបាលត្រីភាគី។ សម្តេចតេជោ បានបន្តថា វត្តមាននៃស្ថានទូតឆែកនៅទីក្រុងភ្នំពេញ គឺជានិម្មិតរូបនៃទំនាក់ទំនងដ៏រឹងមាំនៃប្រទេសយើងទាំងពីរ។
សម្តេចតេជោ បានបន្តចែករំលែកសភាពការណ៍ នៃសង្គ្រាម នៅរុស្សី-អ៊ុយក្រែន នៅ មជ្ឈិមបូព៌ា និងសង្រ្គាមពន្ធគយ ដែលកំពុងជះឥទ្ធិពលដល់ពាណិជ្ជកម្ម និងសេដ្ឋកិច្ចសកល ហើយយើងក៏សង្កេតឃើញនិន្នាការនៃការចុះថមថយនៃតួនាទី និងយន្តការអន្តរជាតិ ជាពិសេស អង្គការពាណិជ្ជកម្មពិភពលោក ជាដើម។ សម្តេចតេជោ បានសម្តែងនូវសុទិដ្ឋិនិយមចំពោះការពង្រីកទំនាក់ទំនងរវាងសហភាពអឺរ៉ុប និងសហគមន៍ក្រៅតំបន់ ដូចជាអាស៊ាន និងអាហ្វ្រិកជាដើម។
ចំពោះស្ថានភាពតានតឹងនៃជម្លោះព្រំដែនកម្ពុជា-ថៃ សម្តេចតេជោ បានលើកឡើងថា សម្រាប់ចំណុចទាំងបួន រួមមាន ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី កម្ពុជាគ្មានជម្រើសអ្វីក្រៅពីដោះស្រាយនៅតុលាការ ICJ នោះទេ ដោយហេតុថាយន្តការទ្វេភាគីមិនអាចដោះស្រាយបាន។
សម្តេចតេជោ បានគូសបញ្ជាក់ថា ការដោះស្រាយជម្លោះព្រំដែន ដោយសន្តិវិធី តាមរយៈយន្តការទ្វេភាគីផង និងតុលាការ ICJ ផង គឺជាជម្រើសល្អបំផុត ហើយការវាយដណ្តើមដីគ្នា គឺនឹងនាំមកនូវតែវិនាសកម្ម និងការបំផ្លិចបំផ្លាញខ្ទិចខ្ទីរប៉ុណ្ណោះ។ សម្តេចតេជោ បានសង្កត់ធ្ងន់ថា កម្ពុជា មិនចង់ធ្វើសង្គ្រាមទេទេ តែកម្ពុជា ត្រូវត្រៀមខ្លូនក្នុងការប្រើប្រាស់សិទ្ធិការពារខ្លួនផង និងសិទ្ធិវាយបកផង។
សម្តេចតេជោ បានសំណូមពរ ឯកឧត្តម Martin Vávra លើកទឹកចិត្តដល់ប្រទេសនានាដែលគោរពច្បាប់អន្តរជាតិ និងជូនពរ ឯកឧត្តមឯកអគ្គរដ្ឋទូតទទួលបានជោគជ័យថ្មីៗបន្ថែមទៀតក្នុងការបំពេញតួនាទីថ្មី៕

អត្ថបទទាក់ទង