Khmer First Close

តើកម្ពុជាបានឆ្លងកាត់បញ្ហាលំបាកអ្វីខ្លះ រហូតប្រែក្លាយជាប្រទេសដែលស្មើមុខស្មើមាត់ជាមួយបណ្ដាប្រទេសនានាដូចពេលបច្ចុប្បន្ននេះ?

ដោយ៖ សម្បត្តិ កិត្យា ​​ | 18 ម៉ោងមុន ព័ត៌មានជាតិ 135
តើកម្ពុជាបានឆ្លងកាត់បញ្ហាលំបាកអ្វីខ្លះ រហូតប្រែក្លាយជាប្រទេសដែលស្មើមុខស្មើមាត់ជាមួយបណ្ដាប្រទេសនានាដូចពេលបច្ចុប្បន្ននេះ? តើកម្ពុជាបានឆ្លងកាត់បញ្ហាលំបាកអ្វីខ្លះ រហូតប្រែក្លាយជាប្រទេសដែលស្មើមុខស្មើមាត់ជាមួយបណ្ដាប្រទេសនានាដូចពេលបច្ចុប្បន្ននេះ?

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា គូសបញ្ជាក់ថា ប្រទេសកម្ពុជា ធ្លាប់ទទួលរងការឈ្លានពានពីបរទេស, សង្រ្គាមជាច្រើនទសវត្ស និងរបបប្រល័យពូជសាសន៍ ត្រូវបានគេហ៊ុមព័ទ្ធនិងឯកោ និងត្រូវបានគេប្រមាថមើលងាយពីអតីតកាល ប៉ុន្ដែមកដល់ពេលបច្ចុប្បន្នកម្ពុជាបានងើបឡើងវិញប្រកបដោយភាពស្មើមុខស្មើមាត់ជាមួយបណ្ដាប្រទេសនានាក្នុងតំបន់ និងពិភពលោក។

នៅក្នុងពិធីអបអរសាទរខួបលើកទី៣២ ទិវាបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៥) នៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បន្ដថា កម្ពុជាចង់បានបំផុត គឺសន្ដិភាព មិត្ដភាព កិច្ចសហប្រតិបត្ដិការ និងការអភិវឌ្ឍ។ កម្ពុជាគ្មានគោលនយោបាយ និងជំហរអមិត្ដជាមួយនឹងប្រទេសជាតិណាមួយឡើយ ប៉ុន្ដែសកម្មភាពវាយប្រហារខុសច្បាប់ដោយកងទ័ពថៃមកលើកងទ័ពកម្ពុជា កាលពីថ្ងៃទី២៨ ខែឧសភាកន្លងទៅនៅតំបន់មុំបី ក្នុងទឹកដីកម្ពុជា វាគឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា។

សម្ដេចធិបតី ចាត់ទុកថា ព្រឹត្ដិការណ៍នេះបានឆ្លុះបញ្ចាំងពីភាពច្រំដែលនៃប្រវត្ដិសាស្រ្ដ ទោះបីជាកម្ពុជាមានសុឆន្ទៈនៅក្នុងការដោះស្រាយបញ្ហាយ៉ាងណាក៏ដោយ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលនៅតែប្រកាន់ជំហរម៉ឺងម៉ាត់ ច្បាស់លាស់នៅក្នុងការយកប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅដោះស្រាយនៅតុលាការយុត្ដិធម៌អន្ដរជាតិ។ កម្ពុជាបានបាត់បង់ទឹកដីរបស់ខ្លួនច្រើនណាស់មកហើយដោយសារការឈ្លានពានដណ្ដើមយកពីបរទេស យើងប្ដូរផ្ដាច់ការពារនូវបូរណភាពទឹកដីបច្ចុប្បន្នដែលបន្សល់ទុកបន្ទាប់ពីសម័យអាណានិគមនិយមបារាំងឱ្យគង់វង្ស ស្ថិតស្ថេរជានិរន្ដដោយមិនឱ្យបាត់បង់សូម្បីមួយចំណែកតូច៕

អត្ថបទទាក់ទង