អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ប្រកាសពីមុខទំនិញមានប្រភពដើមពីថៃដែលជាប់បម្រាមនាំចូលមកកម្ពុជា
អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានចេញសេចក្តីជូនដំណឹងមួយ ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ដោយប្រកាសពីមុខទំនិញមានប្រភពដើមពីថៃដែលជាប់បម្រាមនាំចូលមកកម្ពុជា ដែលទំនិញនោះរួមមាន៖ បន្លែ ផ្លែឈើ ប្រេងសាំង ប្រេងម៉ាស៊ូត ឧស្ម័នរាវសម្រាប់ដុត (LPG និង LNG) ប្រេងខ្មៅ (Fuel oil) និង ប្រេងសាំងយន្តហោះ (Jet-A1)។
នៅក្នុងសេចក្តីជូនដំណឹងនោះដែរ បានបន្ថែមថា សម្រាប់មុខទំនិញផ្សេងទៀត ក្រៅពីមុខទំនិញខាងលើ មិនមែនជាកម្មវត្ថុនៃការហាមឃាត់ការនាំចូលទេ។ អាជីវករ/ពាណិជ្ជករ នៅបន្តនាំចូលបានជាធម្មតាដោយបំពេញបែប បទនិងនីតិវិធីកំណត់ដោយលិខិតបទដ្ឋានជាធរមាន។
ចំពោះតម្រាយផ្លូវនិងមធ្យោបាយដឹកជញ្ជូនទំនិញនាំចូលមកកម្ពុជា អាជីវករ/ពាណិជ្ជករ អាចប្រើប្រាស់មធ្យោបាយដឹកជញ្ជូនផ្សេងៗ និងតាមមាត់ច្រកផ្លូវការនានា លើកលែងតែច្រកព្រំដែនផ្លូវគោកកម្ពុជា-ថៃ ដែលត្រូវបានបិទជាឯកតោភាគីដោយយោធាថៃ៕