Khmer First Close

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបន្តច្រានចោលការចោទប្រកាន់២ចំណុចរបស់ភាគីថៃ

ដោយ៖ សម្បត្តិ កិត្យា ​​ | ថ្ងៃចន្ទ ទី២៨ ខែកក្កដា ឆ្នាំ២០២៥ ព័ត៌មានជាតិ 143
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបន្តច្រានចោលការចោទប្រកាន់២ចំណុចរបស់ភាគីថៃ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបន្តច្រានចោលការចោទប្រកាន់២ចំណុចរបស់ភាគីថៃ

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅវិមានសន្តិភាព ទីស្ដីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃចន្ទ ទី២៨ ខែកក្កដា ឆ្នាំ២០២៥ នេះ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានអះអាងសារជាថ្មីថា កម្ពុជាច្រានចោលនិងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់ខុសពីការពិត និងមានចេតនាទុច្ចរិត ពីសំណាក់ភាគីថៃ ដែលបានចោទប្រកាន់ថាកម្ពុជាបានប្រើប្រាស់កាំជ្រួចរយៈចម្ងាយឆ្ងាយ (PHL-03)និងថាកម្ពុជាបានបាញ់គ្រាប់ផ្លោងចូលក្នុងទឹកដីឡាវដោយចេតនា។

លោកជំទាវអ្នកនាំពាក្យបានលើកឡើងថា «ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា សូមច្រានចោល និងថ្កោលទោសយ៉ាងដាច់អហង្ការ សាជាថ្មីម្តងទៀត ចំពោះការចោទប្រកាន់ខុសពីការពិត និងមានចេតនាទុច្ចរិត ពីសំណាក់ភាគីថៃ ដែលបានចោទប្រកាន់ថាកម្ពុជា បានប្រើប្រាស់កាំជ្រួចរយៈចម្ងាយឆ្ងាយ (PHL-03) បាញ់ចូលទឹកដីថៃ។ ការចោទប្រកាន់ដោយគ្មានមូលដ្ឋាននេះ បានឆ្លុះបញ្ចាំងពីលេសរបស់ភាគីថៃ ដើម្បីខ្លួនអាចប្រើអាវុធកាន់តែសាហាវព្រៃផ្សៃ អមនុស្សធម៌កាន់តែខ្លាំងឡើង ក្នុងការបាញ់ប្រហារ រំលោភបំពានមកលើកម្ពុជា និងលាបព័ណ៌មួលបង្កាច់កម្ពុជា»។

លោកជំទាវបានបន្តថា «ហើយក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា ក៏សូមច្រានចោល និងថ្កោលទោសយ៉ាងដាច់អហង្ការផងដែរ ចំពោះការចោទប្រកាន់មិនពិត និងមានចរិតព្យាបាទពីសំណាក់ប្រទេសថៃ ដែលបានចោទប្រកាន់ថាកម្ពុជាថាបានបាញ់គ្រាប់ផ្លោងចូលក្នុងទឹកដីឡាវដោយចេតនា។ ការចោទប្រកាន់ដោយគ្មានមូលដ្ឋាននេះ ឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្រភូតកុហក និងការបោកបញ្ឆោតរបស់យោធាថៃ ដែលដំបូងឡើយជាការប្រឌិតដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃការឈ្លានពានដោយគ្មានការញុះញង់ និងខុសច្បាប់របស់ខ្លួនមកលើកម្ពុជា ហើយឥឡូវនេះក៏កំពុងព្យាយាមបំភាន់ភ្នែកឆាកអន្តរជាតិ ដោយព្យាយាមធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់កម្ពុជា»។

លោកជំទាវ ម៉ាលី សុជាតា បានសង្កត់ធ្ងន់ថា «ផ្ទុយទៅនឹងទង្វើរបស់ប្រទេសថៃ កម្ពុជាមិនដែលបានទៅរំលោភបំពានលើអធិបតេយ្យភាពរបស់ប្រទេសជិតខាងណាមួយឡើយ រួមទាំងសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវផងដែរ។ កម្ពុជាសូមបញ្ជាក់នូវការតាំងចិត្តសារជាថ្មី ក្នុងការគោរពនូវអធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រជាជាតិទាំងអស់ និងបញ្ជាក់ពីការត្រៀមខ្លួនរួចរាល់ក្នុងការផ្ដល់កិច្ចសហប្រតិបត្តិការពេញលេញដល់កងទ័ពប្រជាជនឡាវ ដើម្បីស៊ើបអង្កេតលើឧបទ្ទវហេតុខាងលើនេះប្រកបដោយការទទួលខុសត្រូវ វិជ្ជាជីវៈ និងតម្លាភាពខ្ពស់»។

គួរបញ្ជាក់ថា នេះជាថ្ងៃទី៥ ហើយនៃការឈ្លានពានរបស់យោធាថែមកលើអធិបតេយ្យភាពស្របច្បាប់របស់កម្ពុជា ក្រោយពីយោធាថៃបានបើកការវាយប្រហារមុនមកលើកងទ័ពកម្ពុជាដែលឈរជើងនៅប្រាសាទតាមាន់ធំនៅវេលាម៉ោង ៨:៤៦ នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២៤ ខែកក្កដា ឆ្នាំ២០២៥ ហើយកម្ពុជាបានប្រើសិទ្ធិការពារខ្លួនបាញ់តបវិញ៕

អត្ថបទទាក់ទង