សម្តេចតេជោ ហ៊ុន សែន អរគុណកងទ័ពនៃប្រទេសទាំងពីរកម្ពុជា-ថៃ ដែលបានគោរព និងអនុវត្តកិច្ចព្រៀងឈប់បាញ់ និងបង្កើតឲ្យមានការប្រជុំថ្នាក់ភូមិភាគប្រកបដោយជោគជ័យ

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃកម្ពុជា តាមរយៈបណ្តាញសង្គម នៅរសៀលថ្ងៃទី២៩ ខែកកក្កដា ឆ្នាំ២០២៥ បានបង្ហោះផ្សាយខ្លឹមសារដូចតទៅ៖
ទោះមានការឈប់បាញ់តែខ្ញុំ មិនបានសម្រាកច្រើនទេ។ យប់មិញខ្ញុំ សម្រាកបានជាង២ម៉ោង និងបន្តការងាររហូតពេលនេះដែលនឹងអាចបន្តរហូតម៉ោង៧ល្ងាច ឬលើសពីនេះទៅតាមការវិវត្តនៃសភាពការណ៍។
កិច្ចការរបស់ខ្ញុំ ចាប់ពីម៉ោង១២យប់ ថ្ងៃ២៨ឆ្លងចូល ថ្ងៃ២៩កក្កដា២០២៥នេះ គឺជួយជ្រោមជ្រែងអនុវត្តនូវកិច្ចព្រមព្រៀងឈប់បាញ់ឲ្យទទួលបានជោគជ័យដើម្បីធានាថាសង្គ្រាមនឹងត្រូវបិទបញ្ចប់ជំនួសដោយសន្តិភាព។
ខ្ញុំសូមវាយតម្លៃខ្ពស់និងសូមអរគុណកងទ័ពនៃប្រទេសទាំងពីរកម្ពុជា-ថៃ ដែលបានគោរពនិងអនុវត្តនូវកិច្ចព្រៀងនេះនិងបង្កើតឲ្យមានការប្រជុំថ្នាក់ភូមិភាគប្រកបដោយជោគជ័យ។ សូមរួមគ្នាការពារសន្តិភាពដើម្បីជៀសវាងបាត់សន្តិភាពទើបស្វែងរកសន្តិភាពដែលជារឿងដ៏លំបាក៕