BREAKING: ក្រោមកិច្ចខំប្រឹងប្រែងរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត, ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ សម្រេចទម្លាក់អត្រាពន្ធបដិកា លើការនាំចូលទំនិញកម្ពុជា មកនៅត្រឹម ១៩%

(ភ្នំពេញ)៖ ក្រោមការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើឱ្យការចរចាពន្ធបដិកាជាមួយសហរដ្ឋអាមេរិក សម្រេចបាលទ្ធផលល្អ ដោយលោក ដូណាល់ ត្រាំ ប្រធានាធិបតីមេរិក បានសម្រេចទម្លាក់អត្រាពន្ធបដិកា សម្រាប់ការនាំចូលទំនិញពីកម្ពុជាពី៣៦% មកនៅ ១៩ប៉ុណ្ណោះ។ នេះបើតាមសេតវិមាន ដែលបានចេញផ្សាយនៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥នេះ។
អត្រាពន្ធបដិកាថ្មីនេះ ជាកម្រិតល្អមួយជួយឱ្យកម្ពុជា កាន់តែទាក់ទាញវិនិយោគិនមកបណ្តាក់ទុននៅកម្ពុជា និងជំរុញឱ្យការធ្វើពាណិជ្ជកម្មកាន់តែល្អជាងមុន។
គួររំលឹកថា នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ ដែលត្រូវនឹងថ្ងៃទី២ ខែមេសា នៅសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានសម្រេចកំណត់ពន្ធគយលើទំនិញនាំចូលពីកម្ពុជា ប្រមាណ ៤៩%។ បន្ទាប់ពីការកំណត់យកពន្ធក្នុងអត្រា ៤៩%នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្ញើលិខិតទៅលោក Donald J. Trump ដើម្បីស្នើចរចាលើការអនុវត្តពន្ធលើការនាំចេញរបស់កម្ពុជា ទៅកាន់សហរដ្ឋអាមេរិក។
បន្ទាប់ពីការចរចាពន្ធបដិការវាងកម្ពុជា និងអាមេរិក ដែលក្រុមការងារចំពោះកិច្ចរបស់កម្ពុជា ដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជាអនុប្រធានក្រុមការងារ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ អាមេរិកបានសម្រេចទម្លាក់អត្រាពន្ធពី ៤៩% មកនៅ ៣៦%។ អត្រា៣៦% នេះមិនមែនជាការបិទផ្លូវចរចានោះទេ គឺកម្ពុជានៅមានលទ្ធភាពចរចាឱ្យបញ្ចុះអត្រាពន្ធថែមទៀត។ ទើបពេលនេះ លោកប្រធានាធិបតី ដូណាល់ ត្រាំ សម្រេចទម្លាក់អត្រាពន្ធពី ៣៦% មកនៅត្រឹម ១៩%នៅពេលនេះ៕