Khmer First Close

អ្នកនាំពាក្យក្រសួងការពារជាតិ៖ គិតមកទល់ម៉ោងនេះ ថៃនៅមិនទាន់បញ្ជូនកងកម្លាំងកម្ពុជាទាំង២០រូប មកវិញទេ តែពួកគេមានសុខសុវត្ថិភាពធម្មតា

ដោយ៖ សម្បត្តិ កិត្យា ​​ | 19 ម៉ោងមុន ព័ត៌មានជាតិ 161
អ្នកនាំពាក្យក្រសួងការពារជាតិ៖ គិតមកទល់ម៉ោងនេះ ថៃនៅមិនទាន់បញ្ជូនកងកម្លាំងកម្ពុជាទាំង២០រូប មកវិញទេ តែពួកគេមានសុខសុវត្ថិភាពធម្មតា អ្នកនាំពាក្យក្រសួងការពារជាតិ៖ គិតមកទល់ម៉ោងនេះ ថៃនៅមិនទាន់បញ្ជូនកងកម្លាំងកម្ពុជាទាំង២០រូប មកវិញទេ តែពួកគេមានសុខសុវត្ថិភាពធម្មតា

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីស្ដីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃសុក្រ ទី១ ខែសីហា ឆ្នាំ២០២៥ នេះ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានលើកឡើងថា កងកម្លាំងកម្ពុជាទាំង២០នាក់ ដែលថៃបានចាប់យកទៅ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ នៅវេលាម៉ោង ៧:៥០ព្រឹក ក្រោយបទឈប់បាញ់ចូលជាធរមាន មកទល់ពេលនេះបើទោះបីជាថៃមិនទាន់បញ្ជូនពួកគេមកវិញក្ដី តែពួកគេមានសុខសុវត្ថិភាពធម្មតា និងថារដ្ឋាភិបាលក៏បាននិងកំពុងធ្វើការជាមួយភាគីថៃដើម្បីឆាប់បានបញ្ជូនពួកគេមកមាតុប្រទេសវិញផងដែរ។

លោកជំទាវអ្នកនាំពាក្យបានលើកឡើងថា «ពាក់ព័ន្ធនឹងកងកម្លាំងយើងចំនួន ២០ រូបដែលកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ថៃ ចាប់តាំងពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ មកម្លេះ ជាមួយគ្នានេះ យោធាថៃបញ្ជាក់ថា ពួកគេមានសុខសុវត្ថិភាព ហើយរាជរដ្ឋាភិបាលកម្ពុជាកំពុងបន្តធ្វើការចរចា ហើយក៏កំពុងជំរុញឱ្យភាគីថៃប្រគល់កងកម្លាំងរបស់យើងមកយើងវិញ ឱ្យបានឆាប់រហ័ស ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ»។

លោកជំទាវ ម៉ាលី សុជាតា បានស្នើឲ្យមានការអន្តរាគមន៍ និងប្ដេជ្ញាមិនបោះបង់កងកម្លាំងណាម្នាក់ចោលឡើយ ទោះក្នុងតម្លៃណាក៏ដោយ។ លោកជំទាវ ម៉ាលី សុជាតា៖ «កម្ពុជាក៏បានស្នើម៉ាឡេស៊ីដែលជាប្រធានអាស៊ាន ឱ្យជួយអន្តរាគមន៍ដើម្បីជំរុញឱ្យភាគីថៃឆាប់ប្រគល់ពួកគេមកឱ្យយើងវិញ។ ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ នឹងមិនទុកសមាជិករបស់ខ្លួនណាម្នាក់ចោលនោះទេ ទោះក្នុងកាលៈទេសៈណាក៏ដោយ»៕

អត្ថបទទាក់ទង