ការចោទប្រកាន់របស់សាស្រ្តាចារ្យថៃ ថាកម្ពុជាមិនបានគោរពរដ្ឋធម្មនុញ្ញមាត្រា៥២ តាមរយៈការឈ្លានពានថៃ គឺជារឿងមិនត្រឹមត្រូវ

សាស្រ្តាចារ្យច្បាប់នៃសកលវិទ្យាល័យ Thammasat របស់ថៃលោក Pariya Thevanaruemitkul បានលើកឡើងប្រាប់ទៅកាសែត Khaosod ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានរំលោភរដ្ឋធម្មនុញ្ញកម្ពុជាមាត្រា ៥២ និងមាត្រា ២ គឺរឿងមិនត្រឹមត្រូវ និងចោទប្រកាន់ទាំងងងើល ពីព្រោះ ៖
១៖ កម្ពុជា មិនបានឈ្លានពានថៃនោះទេ ពោលគឺនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅកងទ័ពថៃបានផ្តើមផ្ទុះអាវុធ មកលើកងទ័ពកម្ពុជាមុន កងទ័ពកម្ពុជាបានប្រើប្រាស់សិទ្ធិការពារខ្លួនក្នុងអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួនប្រឆាំងនឹងការឈ្លានពានរបស់កងទ័ពថៃដែលបានបំពានលើទឹកដីកម្ពុជា។ ដោយឡែកគោលដៅការពារខ្លួនរបស់កម្ពុជា មិនមែនជាជនស៊ីវិលស្លូតត្រង់របស់ថៃនោះទេ ពោលគឺទៅលើតែគោលដៅយោធាថៃ ដែលបានបើកការវាយប្រហារឈ្លានពាន រំលោភបូរណភាពទឹកដីរបស់កម្ពុជាតែប៉ុណ្ណោះ។
ដូច្នេះការចោទប្រកាន់របស់សាស្រ្តាចារ្យរូបនេះថាកម្ពុជាមិនបានគោរពរដ្ឋធម្មនុញ្ញមាត្រា៥២ តាមរយៈការឈ្លានពានថៃ គឺជារឿងមិនត្រឹមត្រូវ ហើយជាការចោទប្រកាន់ប៉ាតណាប៉ាត់ណីគ្មានមូលដ្ឋាន។ រាជរដ្ឋាភិបាលកម្ពុជាតែងតែប្រកាន់ខ្ជាប់នូវគោលយោបាយរួមរស់ដោយសន្តិសហវិជ្ជមានជាមួយបណ្តាប្រទេសជិតខាង និងប្រទេសដ៏ទៃទាំងអស់នៅសកលលោក។ ប្រទេសកម្ពុជាមិនឈ្លានពានប្រទេសណាដាច់ខាត មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃប្រទេសដ៏ទៃដោយផ្ទាល់ ឬដោយប្រយោល ទោះបីក្នុងរូបភាពណាក៏ដោយ ដោះស្រាយរាល់បញ្ហាដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ និងគោរពផលប្រយោជន៍គ្នាទៅវិញទៅមក ដែលគោលការណ៍នេះមានចែងយ៉ាងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
២៖ ពាក់ព័ន្ធនឹងការដោះស្រាយវិវាទព្រំដែនកម្ពុជា និងថៃ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានជ្រើសរើស និងប្រើប្រាស់ផែនទីឧបសម្ព័នភ្ជាប់សន្ធិសញ្ញាបារាំង-ឆ្នាំ១៩០៤ និង១៩០៧ ខ្នាត១/២០០ ០០០ ដែលគូសដោយគណៈកម្មាធិការព្រំដែនបារាំង-សៀម ហើយផែនទីនៃឧបសម្ព័ននេះគឺត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។ ដោយឡែកភាគីថៃ បានលើកយកផែនទីខ្នាត ១/៥០ ០០០ ដែលជាផែនទីគូសដោយឯកតោភាគី គ្មានការទទួលស្គាល់ដោយអន្តរជាតិ ក្នុងគោលបំណងរំលោភលើដែនអធិបតេយ្យរបស់កម្ពុជា ដែលកម្ពុជាបានប្រកាន់បញ្ជាក់គោលជំហរច្រានចោលមិនប្រើប្រាស់ផែនទីដែលគូសដោយថៃនោះទេ។
ដោយឡែក «ផែនទីបោន ខ្នាតមួយលើមួយរយពាន់ (Legend scale: ១/១០០,០០០)» ដែលបានកំណត់នៅក្នុងមាត្រា ២ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា (ដែលមានកំណត់ក្នុងផែនទីខ្នាត១/១០០.០០០ ធ្វើនៅចន្លោះឆ្នាំ ១៩៣៣-១៩៥៣ ហើយដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិនៅចន្លោះ ឆ្នាំ ១៩៦៣ – ១៩៦៩) គឺជាខ្នាតសម្រាប់ធ្វើការប្រៀបធៀបរវាងប្រវែងនៅលើក្រដាសផែនទី និងប្រវែងពិតប្រាកដនៅលើដី។
ដោយ វង្ស មករា
សាស្ត្រចារ្យនិងអ្នកវិភាគនយោបាយ