អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ថៃកំពុងយករឿងផ្ទុះមីនដើម្បីចោទទម្លាក់កំហុសលើកម្ពុជានិងតាំងខ្លួនជាជនរងគ្រោះដើម្បីបំភ័ន្តសហគមន៍អន្តរជាតិ

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា ថៃកំពុងតែយករឿងផ្ទុះគ្រាប់មីនមកធ្វើជាប្រធានបទ ដើម្បីចោទទំលាក់កំហុសលើកម្ពុជា ហើយតាំងខ្លួនជាអ្នករងគ្រោះ ដើម្បីបំភ័ន្តសហគមន៍អន្តរជាតិទាំងដែលការពិតកងទ័ពថៃខ្លួនឯងទេ ដែលចល័តកម្លាំងទ័ពដោយបំពានកិច្ចព្រមព្រៀងឈប់បាញ់ ហើយបានជាន់គ្រាប់មីនដែលនៅសល់ពីសម័យសង្គ្រាម។ ជាក់ស្តែងកងទ័ពថៃបានធ្វើសកម្មភាពពង្រាយកង់ឡាន បន្លាលួស និងចល័តសព្វាវុធ និងសកម្មភាពជាច្រើនទៀត នៅក្នុងអំឡុងពេលកម្ពុជាអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ដែលទាំងអស់នេះ គឺជាភស្តុតាងដែលមិនអាចប្រកែកបាន។
ឯកឧត្តម ប៉ែន បូណា បានថ្លែងដូចនេះ នៅវេលាម៉ោង១១:០០នាទី ព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ ក្នុងឱកាសធ្វើសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃស្ដីពី«លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» ដែលធ្វើនៅទីស្តីការគណៈរដ្ឋមន្ត្រី។
នាឱកាសនោះផងដែរ ឯកឧត្តម ប៉ែន បូណា បានថ្លែងរំលឹកជាថ្មី អំពីចំណុចសំខាន់នៅក្នុងកំណត់ហេតុព្រមព្រៀងគ្នានៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី ៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ពិសេសចំណុចទី២ និងទី៤ ក្នុងចំណោម១៣ចំណុច រួមមាន ចំណុចទី២ ចែងថា ភាគីទាំងពីរ បានព្រមព្រៀងគ្នារក្សាកម្លាំងយោធារបស់ខ្លួននៅទីតាំងបច្ចុប្បន្នដោយមិនអនុញ្ញាតឱ្យផ្លាស់ទីហួសពីទីតាំងដែលខ្លួនបានឈរជើងក្នុងពេលកិច្ចព្រមព្រៀងបទឈប់បាញ់ចូលជាធរមាន និងមិនត្រូវចល័តកងទ័ពរបស់ខ្លួនចូលទៅភាគីម្ខាងទៀតឡើយ និងចំណុចទី៤ ភាគីទាំងពីរបានឯកភាពគ្នាមិនប្រព្រឹត្តសកម្មភាពបង្កហេតុណាមួយដែលអាចនាំឱ្យមានភាពតានតឹង ក្នុងនោះរួមមាន ការធ្វើសកម្មភាពយោធាក្នុងដែនអាកាស បូរណភាពទឹកដី ឬទីតាំងរបស់ភាគីម្ខាងទៀត នៅពេលបទឈប់បាញ់ចូលជាធរមាន ហើយភាគីទាំងពីរបានឯកភាពគ្នា មិនធ្វើការសាងសង់ពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធា ឬលេណដ្ឋានឱ្យហួសពីទីតាំងរបស់ខ្លួនឡើយ។
ទន្ទឹមនោះផងដែរ ឯកឧត្តម ប៉ែន បូណា បានថ្លែងសង្កត់ធ្ងន់ថា ករណីផ្ទុះមីន មិនអាចកើតមាននោះទេ ប្រសិនកងទ័ពថៃ គោរពកិច្ចព្រមព្រៀងបទឈប់បាញ់ឱ្យបានខ្ជាប់ខ្ជួន ដោយរក្សាកម្លាំងឈរជើងនៅទីតាំងដដែល ក្រោយពេលកិច្ចព្រមព្រៀងចូលជាធរមាន កាលពីពាក់កណ្តាលអធ្រាតកាលថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៥។ ដូច្នេះជាថ្មីម្តងទៀត កម្ពុជាសូមអំពាវនាវទទូចឱ្យភាគីថៃគោរពអនុវត្តឱ្យបានម៉ឹងម៉ាត់ និងដោយស្មោះត្រង់ចំពោះកិច្ចព្រមព្រៀងឈប់បាញ់នេះ ហើយបញ្ឈប់ជាបន្ទាន់នូវការលើកយកបញ្ហាបំពានមកបំភ័ន្តសហគមន៍អន្តរជាតិ ដើម្បីបិទបាំងការបំពានបទឈប់បាញ់របស់ខ្លួន៕