Khmer First Close

សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើលិខិតជូន ឯកឧត្តម Antonio Guterres ជម្រាបពីស្ថានការណ៍ថ្មីៗនៅតាមព្រំដែនកម្ពុជា-ថៃ ដែលបង្កការគំរាមកំហែងធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាព

ដោយ៖ សម្បត្តិ កិត្យា ​​ | 1 ម៉ោងមុន ព័ត៌មានជាតិ 132
សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើលិខិតជូន ឯកឧត្តម Antonio Guterres ជម្រាបពីស្ថានការណ៍ថ្មីៗនៅតាមព្រំដែនកម្ពុជា-ថៃ ដែលបង្កការគំរាមកំហែងធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាព សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើលិខិតជូន ឯកឧត្តម Antonio Guterres ជម្រាបពីស្ថានការណ៍ថ្មីៗនៅតាមព្រំដែនកម្ពុជា-ថៃ ដែលបង្កការគំរាមកំហែងធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាព

យោងតាមលិខិតផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាផ្ញើរជូនឯកឧត្តម Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា សម្តេចបានផ្ញើរលិខិតទៅកាន់ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងជាប្រធានអាស៊ាន ក្នុងបំណងទាញការចាប់អារម្មណ៍ចំពោះស្ថានការណ៍ថ្មីៗ នៅតាមព្រំដែនកម្ពុជា-ថៃ ដែលបង្កការគំរាមកំហែងធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាពមិនត្រឹមតែសម្រាប់ប្រជាជាតិទាំងពីរប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់តំបន់ទាំងមូលផងដែរ។

គួររំលឹកផងដែរថា បទឈប់បាញ់ដែលបានព្រមព្រៀងគ្នាកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងពុត្រាចាយ៉ា បានបញ្ឈប់ការប្រយុទ្ធគ្នាទ្រង់ទ្រាយធំដែលបានផ្ទុះឡើងពីថ្ងៃទី២៤ ខែកក្កដា ក្នុងខេត្តព្រះវិហារ និង ខេត្តឧត្តរមានជ័យ ស្ថិតនៅភាគខាងជើងនៃប្រទេសកម្ពុជា។ តែគួរឱ្យសោកស្តាយ ដែលសកម្មភាព ល្មើសនឹងបទឈប់បាញ់របស់កម្លាំងយោធាថៃ នៅតែបន្តឥតឈប់ និងថែមទាំងបានពង្រីកហួស ចេញពីតំបន់ជម្លោះប្រដាប់អាវុធកន្លងមកទៀតផង។

ចាប់តាំងពីថ្ងៃទី១២ ខែសីហា កម្លាំងយោធាថៃបានពង្រីកតំបន់ជម្លោះ តាមរយៈការរាយលួសបន្លា ដាក់របាំងឃាំង ចេញឱសានវាទបណ្ដេញពលរដ្ឋខ្មែរចេញពីដីលំនៅដ្ឋានដែលពួកគេបានរស់នៅដ៏យូរលង់មកហើយ នៅក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់នៃខេត្តបន្ទាយមានជ័យ ដែលស្ថិតនៅភាគពាយព្យនៃប្រទេសកម្ពុជា និងស្ថិតក្នុងចម្ងាយប្រមាណ ២០០គីឡូម៉ែត្រ ពីតំបន់ជម្លោះដូចរៀបរាប់ខាងលើ។ ប្រជាពលរដ្ឋខ្មែរចំនួន ២៥ គ្រួសារត្រូវបានរារាំងមិនឱ្យចូលផ្ទះសម្បែង និងស្រែចំការរបស់ ពួកគេ ហើយថ្មីៗនេះអ្នកនាំពាក្យយោធាថៃក៏បានគំរាមកំហែងធ្វើការបណ្តេញចេញថែមទៀតនាពេលដ៏ខ្លីខាងមុខ ដែលនឹងប៉ះពាល់ដល់អ្នកភូមិរាប់រយគ្រួសារ ដែលមានសមាជិកសរុបប្រមាណជាង ១០០០ នាក់។

ដោយឡែក ផ្អែកលើប្រភពគួរឱ្យទុកចិត្តបាន យោធាថៃមានបំណងប្រើប្រាស់កម្លាំងដើម្បីដណ្តើម យកទឹកដីនៅទីតាំងចំនួន ១៧ ផ្សេងទៀត នៅក្នុងតំបន់ ចាប់ពីខេត្តពោធិ៍សាត់ រហូតដល់ខេត្តកោះកុង ដែលស្ថិតនៅប៉ែកខាងលិច និងប៉ែកនិរតី នៃប្រទេសកម្ពុជា។

នៅក្នុងលិខិតនេះដែរ សម្តេចក៏បានបញ្ជាក់អំពីសកម្មភាពប្រើប្រាស់ផែនទីជាឯកតោភាគីខាងលើរបស់យោធាថៃ គឺផ្អែកលើផែនទីខ្នាត ១/៥០,០០០ គូសជា ឯកតោភាគី ដែលផ្ទុយពីផែនទីខ្នាត ១/២០០,០០០ ដែលភាគីទាំងសងខាងបានព្រមព្រៀងគ្នា និងជា លទ្ធផលនៃការងារខណ្ឌសីមាព្រំដែនរបស់គណៈកម្មការព្រំដែនរវាងឥណ្ឌូចិន និងសៀម ដែលបង្កើត ឡើងតាមអនុសញ្ញា ឆ្នាំ១៩០៤ និង សន្ធិសញ្ញា ឆ្នាំ១៩០៧ រវាងបារាំង និងសៀម ទទួលស្គាល់ដោយ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងថែមទាំងត្រូវបានបញ្ជាក់ការទទួលស្គាល់ដោយកម្ពុជា និងថៃ ក្នុងអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោក ដែលបានចុះ ហត្ថលេខានៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ (អនុស្សរណៈ ឆ្នាំ២០០០)៕

 

អត្ថបទទាក់ទង