ឯកឧត្តម វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ៩ខែ ឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ

(កំពង់ធំ)៖ នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ៩ខែ ឆ្នាំ២០២៥ និងលើកទិសដៅបន្ត របស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ថោង ខុន, ឯកឧត្តម ថោ ជេដ្ឋា, លោកជំទាវ កុយ ពិសី, ឯកឧត្តម នាង ផាត, ឯកឧត្តម សួស យ៉ារ៉ា, ឯកឧត្តម សេង ទៀង, ឯកឧត្តម នួន ផារ័ត្ន និងលោកជំទាវ សាយ សំអាត ព្រមទាំងឯកឧត្តម លោកជំទាវ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត ប្រធាននិងអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុង-ស្រុក ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ-សង្កាត់ និងក្រុមការងារតាមវិស័យ ព្រមទាំងគណៈកម្មាធិការគណបក្សឃុំ សង្កាត់ទាំងអស់។
ឯកឧត្តម វង្សី វិស្សុត បានថ្លែងការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះក្រុមការងារគណបក្សចុះមូលដ្ឋាន ទាំងក្រុមការងារខ្សែបណ្ដោយ ទាំងក្រុមការងារខ្សែទទឹង និងគណបក្សនៅមូលដ្ឋានគ្រប់ជាន់ថ្នាក់ ដែលសម្រេចបាននូវសមិទ្ធផលជាច្រើន តាមការដ្ឋានយុទ្ធសាស្ត្រទាំង៣ របស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ ដែលមានជាអាទិ៍ដូចជា៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ ប្រព័ន្ធធារាសាស្ត្រ ទំនប់ ប្រឡាយ ដែលបម្រើដល់ការងារកសិកម្ម កសិ-ឧស្សាហកម្ម, ហេដ្ឋារចនាសម្ព័ន្ធក្នុងវិស័យអប់រំ និងសុខាភិបាល, ការអនុវត្តផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកំពង់ធំ, ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងការស្វែងរកទីផ្សារផលិតផល, ការបណ្តុះបណ្ដាលអំពីការគ្រប់គ្រងនិងបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទាន ការគ្រប់គ្រងអាជីវកម្ម ជំនាញចុងភៅ សេវាកម្មម្ហូបអាហារ និងបដិសណ្ឋារកិច្ច ការកែច្នៃ, ការអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រជាជនដោយផ្តោតលើផលិតកម្មកសិកម្មខ្នាតតូច និងការលើកកម្ពស់វារីវប្បកម្មទឹកសាប, ការផ្ដល់យោបល់និងប្រឹក្សាផ្លូវច្បាប់ជូនប្រជាជនក្រីក្រ។ ទន្ទឹមនេះ ក៏បានគិតគូរដល់សុខទុក្ខ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន, ក្រុមជនងាយរងគ្រោះ, បងប្អូនពលករដែលត្រឡប់មកពីប្រទេសថៃ និងជនភៀសសឹកដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ ក៏ដូចជាកង្វល់ សំណូមពរ និងបញ្ហាប្រឈមលំបាកនានារបស់ប្រជាជនជាប់ជាប្រចាំ។ ឯកឧត្តម វង្សី វិស្សុត បានបន្តថាសមិទ្ធផលដែលសម្រេចទាំងនេះ បានធ្វើឱ្យខេត្តកំពង់ធំកំពុងមានការប្រែប្រួលមុខមាត់ថ្មី និងបង្កើតបាននូវចលនការជាវិជ្ជមានក្នុងដំណើរឆ្ពោះទៅសម្រេចនូវចក្ខុវិស័យប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងការយកចិត្តទុកដាក់ខ្ពស់ពី សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការប្រែក្លាយខេត្តកំពង់ធំឱ្យទៅជាមូលដ្ឋានគាំទ្រដ៏រឹងមាំរបស់គណបក្ស និងរាជរដ្ឋាភិបាល ព្រមទាំងលែងឱ្យខេត្តកំពង់ធំ ជាខេត្តទៅហួសមកហួស ទាំងការអភិវឌ្ឍ ការវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍។
ឯកឧត្តម វង្សី វិស្សុត ក៏បានលើកឡើងផងដែរថា ស្ថិតក្នុងបរិការណ៍ដ៏ផុយស្រួយនៃបទឈប់បាញ់ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ, រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងប្រឹងប្រែង ព្យាយាមដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងសន្តិភាព ដោយប្រើគោលការណ៍ច្បាប់អន្តរជាតិ ព្រមទាំងទប់កម្តៅមិនតបតនឹងការអុចអាលនិងកលល្បិចរបស់ថៃ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា «កម្ពុជាយើងស្ងប់ស្ងៀម មិនមែនមានន័យថា កម្ពុជាយើងមិនបានធ្វើអ្វីនោះទេ» ដូចនេះ សូមជឿទុកចិត្តលើសមត្ថភាពដឹកនាំ និងសមត្ថភាពដោះស្រាយបញ្ហារបស់ប្រមុខរាជរដ្ឋាភិបាលរបស់យើង គឺ សម្ដេចធិបតី ហ៊ុន ម៉ាណែត ដោយមានការជ្រោមជ្រែងពេញទំហឹងពី សម្ដេចតេជោ ហ៊ុន សែន ដែលកំពុងខិតខំធ្វើការមិនថាយប់ មិនថាថ្ងៃ ដើម្បីស្វែងរកមកវិញនូវសន្តិភាព។
ឯកឧត្តម វង្សី វិស្សុត បានផ្ដល់ការណែនាំឱ្យក្រុមការងារចុះមូលដ្ឋានស្រុក ក្រុង ឃុំ សង្កាត់ និងមន្រ្តីគណបក្សមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវផ្តល់ការយកចិត្តទុកដាក់ខ្ពស់លើបញ្ហាជីវភាពរស់នៅប្រចាំថ្ងៃ ការងារ មុខរបរ និងការបង្កើនប្រាក់ចំណូលបន្ថែមរបស់ប្រជាជន តាមរយៈការពង្រឹងសមត្ថភាពដល់កសិករ និងការកាត់បន្ថយថ្លៃដើមក្នុងការផលិតស្រូវ, ការពង្រឹងនិងលើកកម្ពស់វារីវប្បកម្មទឹកសាប ទាំងការគាំទ្រការចិញ្ចឹមត្រីលក្ខណៈគ្រួសារ និងពង្រីកជាលក្ខណៈពាណិជ្ជកម្ម ព្រមទាំងការធ្វើពិពិធកម្មផលិតកម្មដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់, ការដោះស្រាយបញ្ហាទីផ្សារ និងខិតខំស្វះស្វែងរកដៃគូ និងវិនិយោគិនបន្ថែម ព្រមទាំងវិស័យទេសចរណ៍ ដើម្បីទាញយកប្រយោជន៍ពីវិស័យទាំងនេះប្រកបដោយនវានុវត្តន៍ និងភាពច្នៃប្រឌិត។ ចំពោះមុខ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ដោះស្រាយបញ្ហាគ្រោះទឹកជំនន់ និងត្រូវរាយការណ៍អំពីការខូចខាតហេដ្ឋារចនាសម្ព័ន្ធដែលរងប៉ះពាល់ ដូចជាផ្លូវថ្នល់ជាដើម ដើម្បីក្រុមការងារអន្តរាគមន៍ធ្វើការជួសជុលភ្លាមៗបន្ទាប់ពីទឹកស្រក ដើម្បីធានាប្រក្រតីកម្មនៃជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។
ឯកឧត្តម វង្សី វិស្សុត ក៏បានផ្តាំផ្ញើឱ្យមានការយកចិត្តទុកដាក់ជាពិសេសដល់បងប្អូនពលករ តាមរយៈការផ្តល់ឱកាសក្នុងការទទួលបាននូវការបណ្តុះបណ្តាល និងការផ្សារភ្ជាប់ឱកាសការងារនៅក្នុងមូលដ្ឋានខេត្តកំពង់ធំផង និងនៅតាមរាជធានី-ខេត្តផ្សេងៗទៀតផងដែរ ក៏ដូចជាបងប្អូនភៀសសឹក និងបងប្អូនប្រជាពលរដ្ឋដែលជួបការលំបាក និងខ្វះខ្វាតខាងផ្នែកជីវភាព។ ឯកឧត្តមបានបន្តថា យើងត្រូវមានការខ្វល់ខ្វាយដល់បងប្អូនក្នុងពេលនេះជាងពេលណាៗទាំងអស់ និងត្រូវធ្វើយ៉ាងណាឱ្យបងប្អូនមានបាយហូប ដោយឈរលើស្មារតីចែករំលែក តាមរយៈការរៀបចំមូលនិធិតាមក្រុមការងារនីមួយៗផ្ទាល់ ឬអ្នកមានលទ្ធភាពក្នុងមូលដ្ឋាន និងការស្វែងរកជំនួយពីសប្បុរសជន។ ទន្ទឹមនេះ ក៏ត្រូវបន្តដោះស្រាយបញ្ហាសមធម៌ និងយុត្តិធម៌សង្គមផងដែរ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា មានតែការធ្វើដូចនេះទេ ទើបយើងអាចបន្តថែរក្សាបាននូវសាមគ្គីភាព និងឯកភាពជាតិ ដែលជាកត្តាស្លាប់រស់របស់ជាតិយើងទៅថ្ងៃមុខ និងអាចក្លាយជាប្រជាជាតិមួយដែលមានប្រជាជនដែលខ្លាំងពូកែ អាចការពារខ្លួនឯងបាន មានភាពម្ចាស់ការ ក្នុងការកសាងនិងអភិវឌ្ឍប្រទេសជាតិឱ្យសម្បូររុងរឿងជាលំដាប់។
ឯកឧត្តម វង្សី វិស្សុត ក៏បានផ្តល់ការណែនាំដល់ក្រុមការងារនិងគណបក្សគ្រប់លំដាប់ថ្នាក់ឱ្យបន្តយកចិត្តទុកដាក់អនុវត្តលើកិច្ចការមួយចំនួនទៀតដូចជា ការបន្តពង្រឹងប្រសិទ្ធភាពនៃការផ្ដល់សេវាគ្រប់ប្រភេទ, ការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សង្គម និងបន្តអនុវត្តនូវគោលនយោបាយភូមិ ឃុំ/សង្កាត់មានសុវត្ថិភាព ដូចភ្លៀងរលឹម, បន្តពង្រឹងការគ្រប់គ្រង និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ពិសេសតំបន់ទន្លេសាប ដោយរួមទាំងការគិតគូរពីការអភិរក្ស និងអភិវឌ្ឍប្រកបដោយចីរភាពនិងប្រយោជន៍ប្រជាជនផង, បន្តលើកកម្ពស់សេវាយុត្តិធម៌ សេវាអប់រំ សុខាភិបាល រដ្ឋបាល និងសេវាពាក់ព័ន្ធអាជីវកម្ម ធុរកិច្ច និងប្រព័ន្ធគាំពារសង្គម, ការពង្រឹងអង្គការចាត់តាំងគណបក្សគ្រប់កម្រិតនៅមូលដ្ឋាន, ការពង្រឹង និងការកសាងពង្រីកសមាជិកបក្ស, ការរៀបចំ និងពង្រឹងអង្គការចាត់តាំងយុវជនគណបក្ស ឱ្យក្លាយជាកម្លាំងស្រួច និងឈានមុខក្នុងកិច្ចការសង្គម ហើយក្លាយជាកម្លាំងបន្តវេនរបស់គណបក្ស។
ជាថ្មីម្ដងទៀត ឯកឧត្តមប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមនិងការខិតខំប្រឹងប្រែងរបស់ក្រុមការងារគ្រប់លំដាប់ថ្នាក់ ដែលបានរួបរួមគ្នា និងចាប់ដៃគ្នា ហើយមានឯកភាពនិងសាមគ្គីភាពល្អ ក្នុងការបម្រើប្រជាជន និងការពង្រឹងគណបក្សនៅមូលដ្ឋានខេត្តកំពង់ធំ និងបានលើកទឹកចិត្តឱ្យបន្តប្រឹងប្រែងថែមទៀត ដើម្បីឆ្ពោះទៅរកគោលដៅជោគជ័យក្នុងការបោះឆ្នោតឆ្នាំ២០២៧ និងឆ្នាំ២០២៨ ខាងមុខ និងម្ខាងទៀត ដើម្បីលើកស្ទួយជីវភាពប្រជាជននៅមូលដ្ឋាន ក៏ដូចជាការអភិវឌ្ឍខេត្ត និងលើកតម្កើងជីវភាពប្រជាជនខេត្តកំពង់ធំ ឱ្យកាន់តែធូរធារ និងរុងរឿងពីមួយថ្ងៃទៅមួយថ្ងៃ។
ក្នុងឱកាសនោះដែរ ឯកឧត្តម វង្សី វិស្សុត បានប្រកាសបន្តផ្តល់ការឧបត្ថម្ភប្រេងចំនួន១ម៉ឺនលីត្រ ដោយគិតមកដល់ពេលនេះមានចំនួន៥ម៉ឺនលីត្រ និងថវិកាចំនួន១០លានរៀលបន្ថែម ដល់គណៈបញ្ជាការឯកភាពខេត្ត ដើម្បីបន្តគាំទ្រដល់ប្រតិបត្តិការទប់ស្កាត់បទល្មើសធនធានធម្មជាតិក្នុងភូមិសាស្ត្រខេត្តកំពង់ធំ និងឧបត្ថម្ភថវិកាចំនួន២០លានរៀល សម្រាប់សាងសង់ផ្ទះ១ខ្នង ដល់គ្រួសារក្រីក្រក្នុងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ។ ជាមួយគ្នានេះ ឯកឧត្តម សេង ទៀង ក៏បានឧបត្ថម្ភថវិកាចំនួន ៣៥០០០ដុល្លារអាម៉េរិក សម្រាប់ការសាងសង់ស្នាក់ការគណបក្សសង្កាត់កំពង់រទេះ ដែលនៅពុំទាន់មានទីស្នាក់ការគណបក្សនៅឡើយ ព្រមទាំងជួយឧបត្ថម្ភថវិកាបន្ថែមរួមជាមួយនឹងក្រុមការងារ សម្រាប់ផ្ដល់ជូនដល់គ្រួសារក្រីក្រផងដែរ។








