ព្រឹទ្ធសភាកម្ពុជា ច្រានចោលការចោទប្រកាន់មិនពិតរបស់កាសែត The Nation ប្រទេសថៃ
អ្នកនាំពាក្យព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ បានចេញសេចក្តីប្រកាសពត៌មានឆ្លើយតបទៅនឹងការចោទប្រកាន់មិនពិតរបស់កាសែត The Nation ប្រទេសថៃ ពាក់ព័ន្ធនឹងសកម្មភាពរបស់គណៈប្រតិភូព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅសន្និបាតសហភាពអន្តរសភា (IPU) លើកទី១៥១ ជាពិសេសនៅក្នុងអត្ថបទរបស់ខ្លួនចុះថ្ងៃពុធ ទី២៩ ខែតុលា ឆ្នាំ២០២៥ ដែល មានចំណងជើងថា «លោកជំទាវ ឃួន សុដារី នាំមុខលោក វ៉ាន់មូហាម៉ាត់ន័រ ម៉ាក់ថា នៅប្រទេសហុងគ្រី សម្រាប់ការពិភាក្សាលើកិច្ចព្រមព្រៀងសន្តិភាព»។
អ្នកនាំពាក្យព្រឹទ្ធសភា បានគូសបញ្ជាក់ថា អត្ថបទរបស់កាសែត The Nation ប្រទេសថៃ មិនត្រឹមតែបំភ្លៃការ ពិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីកង្វះការយល់ដឹង ឬការបកស្រាយខុសដោយចេតនា អំពីនីតិវិធីផ្លូវការនិងឯកសារនានារបស់សន្និបាត IPU ផងដែរ៕






